
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតនៅថ្ងៃច័ន្ទ ទី ០៥ មីនា នេះ ដោយប្រកាសបិទច្រកចរចា ជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលលោករម្លាយបានសម្រេច ព្រោះលោកត្រូវបន្តក្រាញអំណាច ១០ ឆ្នាំទៅមុខទៀតឲ្យខាងតែបាន។ ទោះជាយ៉ាងនេះក្តី អ្នកវិភាគស្ថានការណ៍នយោបាយខ្មែរ មិនភ្ញាក់ផ្ញើលនឹងជំហរឥតងាករេររបស់ប្រមុខររបបក្រុងភ្នំពេញដូច្នេះនោះទេ ព្រោះការកម្ទេចគណបក្សប្រឆាំងនោះ គឺជាបំណងតែមួយគត់របស់បក្សកាន់អំណាច។
ការប្រកាសជាថ្មី ថាគ្មានការចរចានេះ គឺមេដឹកនាំរបបក្រុងភ្នំពេញ ដែលកាន់អំណាចផ្តាច់ការអស់រយៈពេលជាង ៣៣ ឆ្នាំមកនេះ គឺគ្មានសម្អាងអ្វី ក្រៅពីការបន្តចង់ក្រាញអំណាចឲ្យបានរហូតដល់ ១០ ឆ្នាំទៅមុខទៀតតែប៉ុណ្ណោះ។ ថ្លែងក្នុងពិធីសម្ពោធនៅវត្តឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែ មីនា នេះ លោក ហ៊ុន សែន ហៅមន្រ្តីដឹកនាំគណបក្សប្រឆាំង ថាមានសតិមិននឹងនរ ទើបមកចង់ចរចា ជាមួយលោក ដើម្បីរកដំណោះស្រាយនយោបាយ បែបនេះ។ លោក ហ៊ុន សែន ទំលាក់កំហុសទៅលើមន្រ្តីគណបក្សសង្គ្រោះជាតិ ថាបានធ្វើទុក្ខបុកម្នេញលោកមិនចេះឈប់ឈរ រហូតដល់អំពាវឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធលើរបបលោក និង អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងប្រឆាំងរបបលោក។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន នៅតែខឹងសម្បារយ៉ាងខ្លាំង ចំពោះសហគមន៍ខ្មែរនៅក្រៅប្រទេស ដែលដុតរូបទីងមោងគាត់។ គាត់ថែមទាំងចាត់ទុកការដុតរូបនេះ ជាផ្នែកមួយដែលមិនអាចមានការចរចាណាមួយបាននោះ ទៀតផង<<អ្នកបានដុតកម្តៅបន្ថែម។ អ្នកបានដើរដុតរូបខ្ញុំ នៅច្រើនកន្លែងណាស់។ អ្នកថា ហ៊ុន សែន ឯកោហើយ។ ហ៊ុន សែន ត្រូវគេប្រឆាំងទាំងក្នុងបក្ស ទាំងប្រជាជន ទាំងកងទ័ព។ ឥឡូវម៉េចក៏ត្រូវចរចាជាមួយ ហ៊ុន សែន។ ខ្ញុំគ្មានតម្លៃគ្រប់គ្រាន់ ដើម្បីចរចាជាមួយអ្នកទេ ព្រោះអ្នកចាត់ទុកខ្ញុំជាមនុស្សដែលគ្មានគេរាប់អាន។ ចាំបាច់អីមកសុំចរចាជាមួយនឹង ហ៊ុន សែន ឬក៏អ្នកមួយថ្ងៃឡើងមួយថ្ងៃចុះ? មួយថ្ងៃឆ្កួត មួយថ្ងៃជា?>>។
ប្រតិកម្មខ្លាំងៗរបស់លោក ហ៊ុន សែន ធ្វើឡើងក្រោយអតីប្រធានគណបក្សសង្គ្រោះជាតិ និង ជាប្រធានចលនាសង្គ្រោះជាតិលោក សម រង្ស៊ី បានប្រកាសអំពីជំហររបស់គណបក្សប្រឆាំង ក្នុងចង់ចរចា ដើម្បីរកដំណោះស្រាយសមស្របមួយ ឲ្យបានឆាប់ៗ ចៀសវាងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និង ការទូតកាន់តែច្រើនពីអន្តរជាតិ។ ទោះជាយ៉ាងនេះក្តី លោក សម រង្ស៊ី ដាក់លក្ខខណ្ឌនៃការចរចានេះ ថាត្រូវតែធ្វើឡើង ដោយមានអន្តរជាតិជាសាក្សី។ លោក សម រង្ស៊ី សរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី ០៤ ខែ មីនា ថាលោកត្រៀមខ្លួនជានិច្ច ជួបសន្ទនាជាមួយរបបលោក ហ៊ុន សែន ដើម្បីស្វែងរកដំណោះស្រាយមួយដោយសន្តិវិធី ចំពោះវិបត្តិដែលមិនដែលមានដូចសព្វថ្ងៃ តែជាដំណោះស្រាយមួយ ដែលភាគីទាំងពីរអាចទទួលយកបាន ហើយដែលមានការធានាពីអន្តរជាតិផងដែរ។
តបទៅនឹងចំណុចពាក់ព័ន្ធនឹងអន្តរាគមន៍ពីអន្តរជាតិនេះ លោក ហ៊ុន សែន រឹតតែក្តៅក្រហាយយ៉ាងខ្លាំងនឹងលោក សម រង្ស៊ី។ លោក ហ៊ុន សែន បញ្ជាក់ដាត់ណាត់ថា គ្មានទេការចរចាបែបសន្តិភាពទីក្រុងប៉ារីសជាលើកទីពីរ។ លើសពីនេះទៅទៀត លោក ហ៊ុន សែន បានច្រានចោលពាក្យចចាមអារ៉ាម ដែលថានឹងមានការចរចាណាមួយជាមួយបក្សប្រឆាំង ពេលលោកទៅទស្សនកិច្ចនៅប្រទេសអូស្រ្តាលី។ លោក ហ៊ុន សែន មិនត្រឹមតែព្រមានមិនចរចាជាមួយខ្មែរនឹងខ្មែរទេ សូម្បីតែមានអន្តរជាតិណាស្ម័គ្រចិត្តចង់សម្របសម្រួល រកដំណោះស្រាយ ក៏មិនបានដែរ <<ខ្ញុំសុំផ្តាំផ្ញើទៅមិត្តភ័ក្តិបរទេស ដែលមានចេតនាណាមួយរៀបចំ ឲ្យមានការសន្ទនាជាមួយក្រុមក្បត់ជាតិនេះ ខ្ញុំនឹងមិនធ្វើទេ សុំកុំមកនិយាយជាមួយខ្ញុំ ហើយខ្ញុំក៏មិនទទួលនូវការសន្ទនាជាមួយជនបរទេសណាក៏ដោយ ដែលប៉ុនប៉ងមកទាក់ទាញខ្ញុំ ឲ្យចរចាជាមួយអាក្រុមនេះ>>។
លោក ហ៊ុន សែន នៅតែអះអាងដដែលៗ ដូចអ្វីដែលលោកធ្លាប់ធ្វើជាហូរហែរ តាំងពីរម្លាយគណបក្សសង្គ្រោះជាតិបានសម្រេច ថាមិនខ្វះទេគណបក្សនយោបាយដទៃទៀត ដែលអាចចូលរួមប្រកួតប្រជែង ជាមួយគណបក្សកាន់អំណាចរបស់លោក។ លោកនៅតែមិនភ្លេច លើកយកសារនយោបាយចាស់ មានស៊ីអត់សែន មានសែនអត់ស៊ី មកចម្អកដាក់លោក សម រង្ស៊ី ដោយចោទជាសំណួរថា តើលោក សម រង្ស៊ី បានកែឈប់ប្រើសារនេះហើយឬនៅ បានជាចង់មកចរចាជាមួយលោក។ តែទោះជាលោកខំលើករឿងនេះដដែល ក៏មិនមែនជាដំណោះស្រាយទេ គឺគ្រាន់តែជាសារឌឺដងឡងសម្តីដាក់លោក សម រង្ស៊ី តែប៉ុណ្ណោះ ព្រោះលោកអះអាងថា អ្វីៗវាយឺតពេលណាស់ទៅហើយ <<ឥឡូវទោះបីជាអ្នកឯងកែ ក៏វាហួសពេលដែរ! បងសូមផ្តាំទៅ ហួសពេលហើយអូន!>>។
ទោះជាយ៉ាងនេះក្តី អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុង ហៃ មិនភ្ញាក់ផ្អើលនឹងប្រសាសន៍របស់អតីកម្មាភិបាលខ្មែរក្រហមរូបនេះឡើយ។ លោកបញ្ជាក់ថា គោលបំណងរបស់លោក ហ៊ុន សែន គឺកាត់ក្បាល រម្លាយគណបក្សសង្គ្រោះជាតិ និង ហេដ្ឋារចនាសម្ព័ន្ធថ្នាក់ដឹកនាំនៃក្បាលម៉ាស៊ីនបក្សប្រឆាំងទាំងមូលនេះតែម្តង។ ដូច្នេះ ច្បាស់ណាស់គណបក្សកាន់អំណាច មិនចង់ឃើញគណបក្សប្រឆាំងរស់ឡើងវិញ មកដណ្តើមដំណែងនាយករដ្ឋមន្រ្តី ដើម្បីនាំប្រទេសជំនួសរបបសព្វថ្ងៃនេះនោះទេ។ លោកបណ្ឌិតឡៅម៉ុង យល់ថា គណបក្សប្រឆាំង បង្ហាញឲ្យឃើញជំហរទន់ខ្សោយរបស់ខ្លួនទៅវិញទេ ដែលសុខចិត្តបន្ទន់ឥរិយាបទ ទៅសុំចរចាជាមួយបក្សកាន់អំណាច ដែលបានធ្វើទុក្ខបុកម្នេញខ្លួនបែបនេះ <<ដូច្នេះដូចឲ្យជាកម្លាំង ពង្រឹងកម្លាំងដល់សម្តេចនាយកផ្ទាល់ និង គណបក្សប្រជាជន។ បើគាត់ផ្លាស់ប្តូរចិត្តគំនិតហ្នឹង បានន័យថាគាត់ទទួលស្គាល់ ការរម្លាយគណបក្សប្រឆាំង និង សុំចរចាជាមួយខ្មាំងសត្រូវរបស់គាត់ទៅវិញ>>។
ប៉ុន្តែលោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថាអ្វីៗ វានៅមិនទាន់ហួសពេលនៅឡើយនោះដែរ ព្រោះលោកសង្កេតឃើញថាបរិបទនយោបាយខ្មែរ វាប្រែរប្រួលមិនទៀងទាត់ជាច្រើនដងរួចមកហើយ ដែលលោកប្រដូចទៅនឹងចរន្តទន្លេសាប ដែលម្តងហូរទៅទិសមួយ និងម្តងទៀតហូរបញ្ច្រាសត្រឡប់មកវិញ។ ក្នុងស្ថានភាពដែលមានសម្ពាធជុំទិសបែបនេះ លោកយល់ឃើញថា មិនយូរមិនឆាប់ នឹងមានច្រកចេញមួយជាក់ជាមិនខាន៕