
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីស្ថានភាពសិទ្ធិមនុស្សប្រទេសកម្ពុជា បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៦ ខែមីនា នៅរាជធានីភ្នំពេញ។ ក្នុងជំនួបលើកនេះ គឺអ្នកស្រី រ៉ូណា ស្មីត លើកឡើង នៅតែបន្តពិភាក្សាពីការកែទម្រង់ លើកកម្ពស់ការកែលំអប្រព័ន្ធយុត្តិធម៌នៅប្រទេសកម្ពុជា។
នេះគឺជាជំនួបលើកទី៥ហើយរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា និងអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បន្ទាប់ពីអ្នកស្រី បានកាន់តួនាទីជាអ្នករាយការណ៍ពិសេសសម្រាប់ប្រទេសកម្ពុជា។
អ្នកស្រី រ៉ូណា ស្មីត បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីមុនពេលដើរចូលឡានថា ភាគីទាំងពីរបានជជែកពីអ្វីដែលបានព្រមព្រៀងគ្នាកាលពីលើកមុន ដើម្បីស្វែងរកកិច្ចសហការលើកកម្ពស់ការកែលំអប្រព័ន្ធយុត្តិធម៌នៅប្រទេសកម្ពុជា ។ ក្នុងជំនួបនោះអ្នកស្រី ក៏បានបង្ហាញក្ដីបារម្ភទៅ អង្គវង្ស វឌ្ឍានា អំពីវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញថ្មីៗនេះ។អ្នកស្រីថា បញ្ហាកែប្រែ រដ្ឋធម្មនុញ្ញ ឬក៏ច្បាប់ គួរតែមានការវិភាគយ៉ាងប្រុងប្រយ័ត្ននិងល្អិតល្អន់ទុកជាមុន ជាមួយនឹងការពិគ្រោះយោបល់ដើម្បីបង្ហាញការត្អូញត្អែរជាមួយនឹងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិមុនពេលច្បាប់ណាមួយត្រូវបានអនុម័តនិងដាក់អោយប្រើប្រាស។ ទន្ទឹមគ្នានេះ អ្នកស្រី រ៉ូណា ស្មីត ក៏បង្ហាញក្ដីបារម្ភអំពីស្ថាន ភាពនយោបាយក្នុងប្រទេសកម្ពុជាដែរ ដែលមានមូលហេតុជាច្រើន ដូចមានក្នុងសេចក្ដីថ្លែងការណ៍ របស់អ្នកស្រីកាលពីប៉ុន្មានសប្ដាហ៍មុននេះ។
(ខ្ញុំមិនគិតថាខ្ញុំអាចមានយោបល់មួយដែលអាចដោះស្រាយស្ថានភាពនយោបាយនៅកម្ពុជាបានទេ)។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ច ប្រជុំបិទទ្វារជាច្រើនម៉ោងនៅក្រសួងយុត្តិធម៌ថា ជំនួបលើកនេះមានភាពវិជ្ជមាន ហើយជំនួបនេះ គឺពិនិត្យមើលឡើងវិញនៅអ្វីដែលព្រមព្រាងកាលពីកិច្ចប្រជុំលើកទី៤ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៧ ក្នុងនោះមានដូចជាការរៀបចំច្បាប់ស្ដីពីការពពោះជំនួស ជំនួយផ្នែកច្បាប់ ការអនុវត្តយុត្តិធម៌ព្រហ្មទណ្ឌ និងបញ្ហាច្បាប់រួមទាំងក្ដីបារម្ភមួយចំនួនទៀត។
លោក ជិន ម៉ាលីន រៀបរាប់ថា ចំពោះ ច្បាប់ស្ដីពីការពពោះជំនួស គឺពេលនេះ បានចេញជាសេចក្ដី ព្រាងដំបូងហើយកំពុងស្ថិតក្នុងដៃក្រសួងកិច្ចការនារី។ ចំណែកឯជំនួយផ្នែកច្បាប់ក្នុងន័យផ្ដល់មេធាវី និងប្រឹក្សាផ្នែកច្បាប់ជូនជនក្រីក្រដោយមិនគិតកម្រៃនោះ មានការវិវត្តជាវិច្ចមាន ដោយសារ មានឆ្នាំ នេះ រដ្ឋាភិបាល បានបង្កើនថវិកាហូតដល់៩រយលានរៀល។ ចំពោះការអនុវត្តយុត្តិធម៌ព្រហ្មទណ្ឌ ដែលអ្នកស្រី រ៉ូណា ស្មីត បានស្នើឲ្យមានការកាត់បន្ថយការឃុំខ្លួនបណ្ដោះអាសន្ន និងការអនុវត្តទោសនៅក្រៅពន្ធនាគារ ដោយសម្រាលទៅជាទោសសហគមន៍ ដោយឲ្យជនជាប់ចោទជួយធ្វើការងារសហគមន៍ ជាជាងដាក់ឃុំខ្លួនក្នុងពន្ធនាគារនោះ ពិបាកអនុវត្តនៅប្រទេសកម្ពុជា ដោយសារប្រជាជនមិនទាន់យល់ដឹងពីច្បាប់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះបន្ថែម ថា ចំណុចចុងក្រោយដែលអ្នកស្រីរ៉ូណាស្មីត សម្ដែងការ បារម្ភអំពីការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងការ ធ្វើវិសោធនកម្ម ព្រហ្មទណ្ឌជាដើម គឺក្រុមការងារ ក្រសួងយុត្តិធម៌បានព្យាយាមបកស្រាយជូនអ្នកស្រី រួចហើយ តែត្រង់អ្នកស្រីយល់ បានឬមិនបាន គឺមិនបានដឹងឡើយ។
ដំណើរទស្សនកិច្ចលើកទី៥ របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា ចំពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិនយោបាយ និង រងការប៉ុនប៉ងដាក់ទណ្ឌកម្មសេដ្ឋ កិច្ច ដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក្រោយរបបលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ និងរៀបចំការបោះឆ្នោតព្រឹទ្ធសភាដែលគ្មានវត្តមានរបស់គណបក្សប្រឆាំង ព្រមទាំង វិសោធនកម្ម រដ្ឋធម្មនុញ្ញ និងការបង្កើតច្បាប់ចម្រូងចម្រាស់មួយចំ នួនទៀត ដើម្បីក្ដោបក្ដាប់អំណាច។
ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃដែលបានចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៨ ក្រៅពីមានគម្រោងជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល អ្នកស្រីក៏គ្រោងជួបតំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានាផងដែរ។អ្នកស្រី នឹងផ្ដោតលើបញ្ហាជាច្រើន ដែល រួមមាន ការបោះឆ្នោត សិទ្ធិ នយោបាយ និងសេរីភាពជាមូលដ្ឋាន។ អ្នកស្រីក៏បានស្នើទៅក្រសួងមហាផ្ទៃដើម្បីជួបនឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារត្រពាំងផ្លុង។
តាមគម្រោង គឺនៅថ្ងៃទី៧ ខែមីនា ស្អែកនេះ អ្នកស្រី រ៉ូណា ស្មីត នឹងជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺលោក កែវ រ៉េមី៕