
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ចាត់ទុកការព្យួរ និងស្នើសុំឲ្យបញ្ឈប់ការងារអ្នកដឹកនាំសហជីពកម្មករនៅកាស៊ីណូ ហ្គ្រែនដាយអឺម៉ន ស៊ីធី (Grand Diamond City) ថា ជាការរើសអើងសហជីព និងរំលោភសិទ្ធិបញ្ចេញមតិ។
លោក ប៉ាវ ស៊ីណា៖ «ពីព្រោះរឿងនេះគួរឲ្យចាប់អារម្មណ៍បំផុត ខណៈដែលតំណាងសហជីពផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានជុំវិញលក្ខខណ្ឌការងារ ក៏ដូចជាសំណូមពរផ្សេងៗ ត្រូវបានក្រុមហ៊ុនបញ្ឈប់ ខ្ញុំមើលឃើញថា វារំលោភទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក៏ដូចជាការផ្ដល់ចែកចាយព័ត៌មានពីកម្មករបុគ្គលិក និយោជិត ដែលគាត់ទទួលរងនូវការរំលោភជិះជាន់ ហើយជាត្រូវបានក្រុមហ៊ុនបញ្ឈប់ ហើយក្នុងនោះ ខ្ញុំមើលឃើញថា ខាងមន្ទីរការងារត្រូវតែវិធានការរឿងនេះ»។
ប្រសាសន៍របស់លោក ប៉ាវ ស៊ីណា គឺតបនឹងលិខិតរបស់ក្រុមហ៊ុនកាស៊ីណូ ហ្គ្រែនដាយអឺម៉ន ស៊ីធី នៅប៉ោយប៉ែត ចេញលិខិតមួយទៀត នៅថ្ងៃទី២៧ កុម្ភៈ ដែលស្នើសុំទៅមន្ទីរការងារខេត្តបន្ទាយមានជ័យ ដើម្បីបញ្ឈប់ការងារលោក អ៊ុំ ឆាយ៉ា ជាអ្នកដឹកនាំសហជីពកម្មករនៅក្នុងកាស៊ីណូនេះ។
បញ្ហាព្យួរការងារនេះកើតឡើងបន្ទាប់ពីបុគ្គលិកត្រួតពិនិត្យតុល្បែង ហ្គ្រែនដាយអឺម៉ន ស៊ីធី គឺលោក អ៊ុំ ឆាយ៉ា ក៏លេខាសហជីពនៅកាស៊ីណូ ប្រាប់វិទ្យុសំឡេងប្រជាធិបតេយ្យ វី.អូ.ឌី (VOD) អំពីលក្ខខណ្ឌការងារមិនល្អនៅក្នុងកាស៊ីណូនោះ កាលពីថ្ងៃទី១៤ កុម្ភៈ។ ក្នុងបទសម្ភាសន៍ជាមួយ វី.អូ.ឌី លោកថ្លែងថា ក្រុមហ៊ុនអនុវត្តការងារ ១២ម៉ោងក្នុងមួយថ្ងៃ ការឈប់សម្រាក របស់បុគ្គលិកមិនធ្វើតាមច្បាប់ គឺ ១ខែឈប់បានតែ ២ថ្ងៃ ហើយការដាក់ទោសពិន័យដកបុគ្គលិកធ្វើអំពើចិត្ត មិនអនុវត្តតាមច្បាប់។
លោក អ៊ុំ ឆាយ៉ា ត្រូវបានក្រុមហ៊ុនហៅទៅសាកសួរអំពីបញ្ហាសម្ភាសនោះ និងចេញលិខិតសម្រេចព្យួរការងារលោក នៅថ្ងៃទី២១ កុម្ភៈ។ ក្នុងលិខិតលើកទីពីរ ថ្ងៃទី២៧ កុម្ភៈ ចុះហត្ថលេខាដោយអ្នកស្រី ដួង ផង តំណាងក្រុមហ៊ុន បានចាត់ទុកថា ការថ្លែងរបស់លោក អ៊ុំ ឆាយ៉ា ជាព័ត៌មានមិនពិត និងជាកំហុសធ្ងន់ធ្ងរចំពោះច្បាប់ និងបទបញ្ជាក្រុមហ៊ុន ដែលប៉ះពាល់កេរ្តិ៍ឈ្មោះ និងកិត្តិយសក្រុមហ៊ុន។ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ដែលធ្វើអន្តរាគមន៍មានប្រសាសន៍ថា លោកកំពុងរង់ចាំចំណាត់ពីមន្ទីរការងារខេត្តបន្ទាយមានជ័យ ហើយលោកក៏ប្ដឹងទៅស្ថានទូតថៃដែរ ព្រោះថៅកែក្រុមហ៊ុនកាស៊ីណូ និងសណ្ឋាគារ ហ្គ្រែនដាយអឺម៉ន ស៊ីធី ជាជនជាតិថៃ៕