Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តំណាងរាស្ត្រ​អូស្ត្រាលី​ថា​សកម្មភាព​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​អូស្ត្រាលី​បារម្ភ​ខ្លាំង

$
0
0

សមាជិកសភា​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ ថា​សកម្មភាព​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​អូស្ត្រាលី ព្រួយ​បារម្ភ​ខ្លាំង​បំផុត និង​ស្នើ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់។ ប៉ុន្តែ មន្ត្រី​របប​លោក ហ៊ុន សែន ថា អ្នក​ដែល​ត្រូវ​បញ្ឈប់​សកម្មភាព​ញុះញង់​នាំ​ឲ្យ​លោក ហ៊ុន សែន ទប់​កំហឹង​មិន​បាន​បែប​នេះ គឺ​គួរ​តែ​ខាង​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ឯ​ណោះ​ទៅ​វិញ​ទេ។

សមាជិក​សភា​អូស្ត្រាលី មួយ​រូប​ទៀត​ពី​ខាង​គណបក្ស​ពលករ ថា​ពលរដ្ឋ​អូស្ត្រាលី ព្រួយ​បារម្ភ​ខ្លាំង​បំផុត​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង​មិន​ស្រាកស្រាន្ត​បែប​នេះ។

លោក អែនថូនី ប៊ើន (Anthony Byrne) ប្រាប់​សារព័ត៌មាន SBS News កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ដោយ​លោក​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណា​ឡើង​វិញ​ដើម្បី​បញ្ឈប់​ការ​យាយី​បក្ស​ប្រឆាំង និង​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់​លោក​នៅ​មុន​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អូស្ត្រាលី នៅ​ខែ​ក្រោយ​នេះ។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ​រម្លឹក​ឡើង​វិញ​ថា ប្រទេស​អូស្ត្រាលី មាន​ប្រវត្តិ​ដ៏​យូរ​លង់​ក្នុង​ការ​ជួយ​កសាង​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ភស្តុតាង​នៃ​ការ​ចូល​រួម​របស់​ប្រទេស​អូស្ត្រាលី ក្នុង​ការ​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ ស្ដែង​ឡើង​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី លោក ហ្គារ៉េត អ៊ីវ៉ាន (Gareth Evans) ក្នុង​ការ​ផ្ដួចផ្ដើម​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ លោក​អះអាង​ថា ទង្វើ​របស់​លោក ហ៊ុន សែន ដែល​កំពុង​ប្រព្រឹត្ត​ទៅ​លើ​គណបក្ស​ប្រឆាំង​សព្វ​ថ្ងៃ​នេះ គឺ​មិន​មែន​ជា​អ្វី​ដែល​ជា​ក្តី​ស្រមៃ​ចង់​បាន​របស់​លោក ហ្គារ៉េត អ៊ីវ៉ាន កាល​ពី​ពេល​នោះ​ទេ។ ចំណុច​ទាំង​នេះ​ឯង​ហើយ​ដែល​យើង​ទាំង​អស់​គ្នា​ព្រួយ​បារម្ភ​ខ្លាំង។

ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​នេះ កើត​មាន​ឡើង​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​គំរាម​តាម​វាយ​ដល់​ផ្ទះ បើ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ហ៊ាន​ធ្វើ​រូប​ទីងមោង​តំណាង​ឲ្យ​រូប​លោក​រួច​ដុត​កម្ទេច​វា​ចោល។

ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​នៅ​តែ​ការពារ​សម្តី​របស់​មេ​កើយ​របស់​លោក​ថា សមស្រប និង​អះអាង​ថា អ្វី​ដែល​តំណាងរាស្ត្រ​អូស្ត្រាលី បារម្ភ​រឿង​ខ្មែរ​នេះ គឺ​ជា​គំនិត​ឯកជន​ប៉ុណ្ណោះ។ មន្ត្រី​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក សុខ ឥសាន ថា​ការ​រិះគន់​របស់​តំណាងរាស្ត្រ​អូស្ត្រាលី ហាក់​មិន​ផ្តល់​ភាព​យុត្តិធម៌​ដល់​លោក ហ៊ុន សែន នោះ​ទេ ព្រោះ​ពេល​ខាង​អ្នក​រិះគន់​របប​លោក ហ៊ុន សែន និយាយ​ប៉ះពាល់​ប្រមុខ​រដ្ឋាភិបាល​មិន​ឃើញ​តំណាងរាស្ត្រ​ទាំង​នោះ បង្ហាញ​ក្តី​កង្វល់​ខ្លះ​ផង​ទេ។ មិន​ប៉ុណ្ណោះ​លោក សុខ ឥសាន បន្ថែម​ថា លោក ហ៊ុន សែន ជា​មនុស្ស​ដូច​គេ​ដូច​ឯង ដែល​ចេះ​ខឹង​ដែរ ហើយ​បើ​ចង់​ឲ្យ​ឈប់​ឲ្យ​លោក​ក្រេវក្រោធ​ទៀត ទាល់​តែ​ភាគី​ម្ខាង​ទៀត​ឈប់​មុន៖ «សម្ដេច​តេជោ ហ៊ុន សែន ថា​នឹង​តាម​វ៉ៃ​ដល់​ផ្ទះ​អី​ហ្នឹង គឺ​នៅ​ពេល​ណា​វា​ដុត ឥឡូវ​វា​ដុត​ហើយ! អា​ហ្នឹង​សួរ​ថា ជា​អ្នក​ប្រជាធិបតេយ្យ​ដែរ ឬ​អត់? លោក ហ៊ុន សែន ជា​មនុស្ស។ ទោះបីជា​ព្រះ​ក៏​ចេះ​ខឹង​ដែរ ចុះ​ទម្រាំ​មនុស្ស​សាមញ្ញ​ដែល​គេ​ហៅ​ថា​ប្រថុជ្ជន។ អស់​លោក​ចេះ​ខឹង អស់​គេ​ក៏​ចេះ​ខឹង​ដូច​តែ​គ្នា។ បើ​ចង់​កុំ​ឲ្យ​មាន​បញ្ហា​ឆ្លើយឆ្លង​គ្នា គឺ​ទាល់​តែ​អស់​លោក​ឈប់។ ប៉ុន្តែ​អស់​លោក​មាន​ឈប់​ឯ​ណា តាំង​ពី​ដើម​មក តាំង​ពី​១៩៩៣ មក​ជេរ​គណបក្ស​ប្រជាជន​រហូត»

​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី យល់​ឃើញ​ផ្ទុយ​ពី​នេះ​ទៅ​វិញ ដោយ​លោក​មិន​ចង់​ឃើញ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល បង្ហាញ​កំហឹង​ទល់​នឹង​កំហល់​ជាមួយ​ពលរដ្ឋ​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក​បែប​នេះ​ទេ។ លោក​បណ្ឌិត លើក​ឡើង​ថា ពាក្យ​សម្ដី​ដែល​ស្រាល​ជាង​នេះ មិន​ខ្វះ​ទេ ដែល​លោក ហ៊ុន សែន អាច​យក​ប្រើ​ដើម្បី​ស្នើ​អ្នក​តវ៉ា​កុំ​ឲ្យ​ធ្វើ​អ្វី​ដែល​លោក​មិន​ពេញ​ចិត្ត៖ «បើ​ខ្ញុំ​ជា​សម្ដេច ហ៊ុន សែន វិញ យើង​រក​ពាក្យ​ផ្សេង​សម្រាប់​ធ្វើ​ការ​ពន្យល់ គ្រាន់​បើ​ជាង និង​មិន​សូវ​មាន​ប្រតិកម្ម​បញ្ច្រាស​ធ្ងន់ៗ​ដែរ។ បើ​សម្ដី​របស់​គាត់​ប្រើ​ទៅ​ធ្ងន់ ប្រតិកម្ម​មក​វិញ​ក៏​ធ្ងន់ៗ​មក​វិញ​ដែរ ដូច​ចោល​ដុំ​ថ្ម​ដាក់​គ្នា»

កាល​ពី​សប្ដាហ៍​មុន សមាជិក​សភា​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ​មួយ​រូប​ទៀត គឺ​លោក ម៉ាក បាត់លើរ៍ (Mark Butler) ក៏​បាន​ថ្លែង​សារ​ធ្ងន់ៗ តប​ទៅ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​គំរាម​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​អ្នក​តវ៉ា​ខ្មែរ​នៅ​អូស្ត្រាលី​នេះ​ដែរ។ លោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ប្រាប់​ទៅ​លោក ហ៊ុន សែន ឲ្យ​ដក​ការ​គំរាម​វាយ​បាតុករ​ទៅ​វិញ​ជា​បន្ទាន់ ព្រោះ​ការ​គំរាម​កំហែង​បែប​នេះ គឺ​បំពាន​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ដែល​ប្រទេស​អូស្ត្រាលី ប្រកាន់​ខ្ជាប់​ម៉ឺងម៉ាត់​បំផុត។

​សារ​គំរាម​វាយ​បាតុករ​ដល់​ផ្ទះ​នេះ បាន​ដុត​កំហឹង​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី នាំ​គ្នា​ធ្វើ​រូប​ទីងមោង​លោក ហ៊ុន សែន និង​ដុត​ជា​សាធារណៈ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។ មិន​តែប៉ុណ្ណោះ ពួកគាត់​អះអាង​ថា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ប៉ូលិស​អូស្ត្រាលី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​របស់​ប្រទេស​អូស្ត្រាលី ដោយ​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​ជា​មេ​ភេរវករ​អន្តរជាតិ ដែល​បាន​គំរាម​ប្រើ​អំពើ​ហិង្សា​មក​លើ​ពលរដ្ឋ​អូស្ត្រាលី ដើម្បី​ឲ្យ​មាន​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក ហ៊ុន សែន។ ពលរដ្ឋ​ខ្មែរ​នៅ​កាណាដា ក៏​បាន​នាំ​គ្នា​ដុត​រូប​ទីងមោង​លោក ហ៊ុន សែន កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ដែរ។ ចំណែក​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ក៏​គ្រោង​ធ្វើ​ចលនា​មហាជន​ដើម្បី​ឲ្យ​ដុត​រូប​ទីងមោង​លោក ហ៊ុន សែន នៅ​តាម​រដ្ឋ​នានា ដែល​មាន​ខ្មែរ​រស់​នៅ ដើម្បី​បង្ហាញ​អំពី​ភាព​មិន​ខ្លាចរអា​ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles