
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ នៅថ្ងៃទី២៧ កុម្ភៈ នេះ បានបង្គាប់ឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ចូលខ្លួនបំភ្លឺលើសំណុំរឿងញុះញង់ កងទ័ព កុំឲ្យស្ដាប់រាជរដ្ឋាភិបាល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ហើយប្រសិនបើលោកមិនចូលខ្លួនទេ នោះតុលាការនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្ដង។
កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ លោក វង្ស ភក្តី មេធាវីរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដាក់ពាក្យបណ្តឹងប្រឆាំងលោក សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់មេកើយរបស់ពួកគេ ដែលនាំឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថដល់ថ្នាក់ដឹកនាំកងទ័ព និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិថែមទៀត។
ពាក្យប្ដឹងនេះ ធ្វើឡើងក្រោយពី លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យកងទ័ពឈរខាងប្រជាពលរដ្ឋ ហើយមិនត្រូវបង្វែរចុងកាណុងកាំភ្លើងមកលើប្រជាពលរដ្ឋ តាមបញ្ជារបស់មេកើយខ្លួននោះឡើយ។
ទោះយ៉ាងណាក៏ដោយ លោក សម រង្ស៊ី ធ្លាប់មានប្រសាសន៍ថា វិធានការរបស់តុលាការកាន់តែបង្ហាញឲ្យឃើញថា លោកបានវាយចំចំណុចខ្សោយរបស់រដ្ឋាភិបាល។ លោកបន្តថា របបលោក ហ៊ុន សែន តែងមានការភ័យខ្លាចជាខ្លាំងទៅលើកងទ័ពផ្ទាល់ខ្លួន ដែលពួកគេអាចជាអ្នកផ្ដួលរំលំរបបផ្ដាច់ការនៅកម្ពុជាទៅវិញនោះ៕