
ពលរដ្ឋរស់នៅតំបន់ដីមានជម្លោះក្នុងសហគមន៍បុរីកីឡា ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ បានតវ៉ាហាមឃាត់មិនឲ្យគ្រឿងចក្ររបស់ក្រុមហ៊ុនចិនមួយ ចូលឈូសឆាយក្នុងតំបន់ដីមានជម្លោះទេ។ ពលរដ្ឋអះអាងថា ប្រសិនបើអាជ្ញាធរមិនព្រមដោះស្រាយជម្លោះដីធ្លីទេ ពួកគេនឹងតវ៉ាមិនអនុញ្ញាតឲ្យគ្រឿងចក្រចូលសាងសង់លើដីមានជម្លោះឡើយ។
ពលរដ្ឋមានជម្លោះដីធ្លីនៅសហគមន៍បុរីកីឡាម្នាក់ គឺអ្នកស្រី យិន ស្រិន ប្រាប់ថា ពលរដ្ឋបានតវ៉ាបណ្ដេញគ្រឿងចក្រទាំងនោះចេញពីដីមានជម្លោះក្នុងសហគមន៍បុរីកីឡា រួចរាល់ហើយ កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ។ ស្ត្រីរងគ្រោះដីធ្លីដែលបានធ្លាក់ខ្លួនប្រកបរបររើសអេតចាយដោយសារតែជម្លោះដីធ្លីរូបនេះប្ដេជ្ញាថា ប្រសិនបើពលរដ្ឋបុរីកីឡា មិនទាន់ទទួលបានសំណងមកវិញទេ ពួកគេនឹងមិនព្រមឲ្យក្រុមហ៊ុនសាងសង់អ្វីបន្ថែមទៀតលើដីមានជម្លោះនោះទេ៖ «មិនទាន់សង់ផ្ទះផងមកចង់ដាក់អីវ៉ាន់មកបុកគ្រឹះទៀត ខ្ញុំម៉េចព្រមឲ្យពួកខ្ញុំរហេមរហាមទៀត ពួកខ្ញុំមិនព្រមទេ។ ឥឡូវខ្ញុំមិនឲ្យពួកអស់លោកឯង ស្រួលទេ។ ឥឡូវហ្នឹងចេះ ចុះលោកឯងឲ្យមេពួកអស់លោកឯងចេញមុខមកដោះស្រាយបញ្ហាអោយពួកខ្ញុំឲ្យអស់សិនមក ចាំពួកអស់ឯងមកចង់បុកគ្រឹះ ឬមួយក៏ចង់ធ្វើអីក៏ធ្វើទៅ ខ្ញុំចាំតែទទួលយកកាសងផ្ទះខ្ញុំ សងដីខ្ញុំវិញទេ ខ្ញុំបាន ខ្ញុំដើរចេញហើយ ចង់លោកឯងធ្វើអីធ្វើតាមចិត្តចុះ»។
ពលរដ្ឋរស់នៅសហគមន៍បុរីកីឡា មានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) របស់អ្នកស្រី ស៊ុយ សុផាន តាំងពីឆ្នាំ២០១០ មកម្ល៉េះ។ ចាប់ពីពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍តំបន់បុរីកីឡា របស់អ្នកស្រី ស៊ុយ សុផាន បានចូលទៅអភិវឌ្ឍនៅទីនោះមកជារឿយៗ ពលរដ្ឋដែលអះអាងថា ជាម្ចាស់ដីត្រូវរងការសម្លុត គំរាម និងវាយដំជាច្រើនដង។ កាលពីឆ្នាំ២០១២ ពួកគាត់រងការឈូសឆាយកម្ទេចផ្ទះ និងបង្ខំឲ្យចាកចេញពីផ្ទះ។ ពលរដ្ឋមួយចំនួនធំដែលធ្លាប់រស់កណ្ដាលក្រុងភ្នំពេញ ក្នុងតំបន់បុរីកីឡា ត្រូវបានបង្ខំឲ្យទៅរស់នៅទីដាច់ស្រយាល ដូចជាតំបន់ភ្នំបាត នៅខេត្តកំពង់ស្ពឺ និងលើប្រឡាយទឹកស្អុយនៅភូមិអណ្ដូង ជាយរាជធានីភ្នំពេញ ជាដើម។
អ្នកមានជម្លោះដីធ្លីប្រាប់ថា បច្ចុប្បន្នពលរដ្ឋដែលជម្នះមិនព្រមចាកចេញពីតំបន់បុរីកីឡា សល់ ២ក្រុម គឺក្រុម ៩គ្រួសារ និងក្រុមជាង ២០គ្រួសារ។ ក្រុម ៩គ្រួសារ គឺជាក្រុមដែលតែងចេញតវ៉ាទាមទាររកដំណោះស្រាយពីអាជ្ញាធរ និងក្រុមជាង ២០គ្រួសារ ជាក្រុមដែលត្រូវឃ្លាំមើលនៅទីតាំងបុរីកីឡា ខ្លាចក្រែងក្រុមហ៊ុនយកគ្រឿងចក្រមករំលោភបំពានម្ដងទៀត។ ពួកគេបច្ចុប្បន្នរស់នៅបែបជនអនាថាលើដីរបស់ខ្លួនឯង ដោយបោះតង់នៅ និងដេកតាមសំយាបផ្ទះគេ។ អ្នកខ្លះប្រកបរបរស៊ីឈ្នួលគេ និងខ្លះទៀតរើសអេតចាយ ខណៈដែលពួកគាត់អះអាងថា កូនប្រុសស្រីជាច្រើនបានបោះបង់ចោលការសិក្សាដើម្បីស៊ីឈ្នួលគេចិញ្ចឹមគ្រួសារ។
អ្នកស្រី យិន ស្រិន ប្រាប់ថា កាលពីថ្ងៃទី២៣ និងទី២៤ ខែកុម្ភៈ ពួកគាត់បាននាំគ្នាទៅតវ៉ានៅមុខភូមិគ្រឹះអ្នកស្រី ស៊ុយ សុផាន ដោយស្រែកទាមទារ និងយកឆ្នាំងទៅវាយដើម្បីបំពងសំឡេងទាមទារឲ្យម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច ចេញមុខដោះស្រាយសំណងដល់ពួកគាត់។ ជាលទ្ធផលមកវិញ អ្នកស្រី អះអាងថា អ្នកយាមភូមិគ្រឹះអ្នកស្រី ស៊ុយ សុផាន បានវាយពួកគាត់រងរបួស។ អ្នកភូមិបុរីកីឡា បានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចរួចរាល់ហើយ។ ពួកគេអះអាងថា នឹងត្រឡប់ទៅតវ៉ានៅមុខភូមិគ្រឹះអ្នកស្រី ស៊ុយ សុផាន បន្តទៀត ដោយមិនខ្លាចការវាយធ្វើបាបនោះទេ។
មន្ត្រីជាន់ខ្ពស់ការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ដ ប្រាប់ថា ខាងសង្គមស៊ីវិលមិនទាន់ដឹងអំពីករណីក្រុមហ៊ុនចិន យកគ្រឿងចក្រទៅឈូសឆាយដីមានជម្លោះនៅបុរីកីឡានៅឡើយទេ។ ប៉ុន្តែ លោកទទូចឲ្យអាជ្ញាធរ និងពលរដ្ឋរងគ្រោះដីធ្លី ចូលតុចរចាគ្នាដើម្បីស្វែងរកដំណោះស្រាយ។ លោក យី សុខសាន្ដ បន្តថា ការស្វែងរកដំណោះស្រាយក្នុងតុចរចាត្រូវធ្វើឡើងដើម្បីឲ្យមានការយល់ព្រមពីគ្រប់ភាគី មិនមែនជាការចរចាតាមបែបចាប់បង្ខំឲ្យទទួលយក ឬត្រូវតែសងតាមតម្លៃទាមទារទេ៖ «ដើម្បីចរចាគ្នាបានទាល់តែភាគីទាំងសងខាងចូលតុជជែកគ្នា ហើយពាក្យថា ចរចាមិនមែនដាក់ដូចលក្ខខណ្ឌទេ ទាល់តែភាគីម្ខាងៗដាក់ការចរចាឡើងចុះអីគ្នា ទាប ខ្ពស់ អីនោះ បើមិនអ៊ីចឹងទេ មិនត្រូវគ្នាទេ។ ជាក់ស្ដែងសង្គមស៊ីវិលពួកយើងខ្ញុំបានចូលរូមជួយដោះស្រាយ តាំងពីរាប់រយគ្រួសារមកនៅត្រឹម ១០គ្រួសារនៅពេលនេះ ហើយយើងចង់ឲ្យអាជ្ញាធរដោះស្រាយបញ្ចប់ទៅដើម្បីកុំឲ្យមានការលំបាកដល់ពួកគាត់អីទៀតណា»។
សង្គមស៊ីវិលស្នើឲ្យអាជ្ញាធរដែលមានឆន្ទៈចង់ដោះស្រាយសំណងជាមួយពលរដ្ឋគួរយកគំរូតាមរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ដែលប្រើប្រាស់យន្តការតែមួយក្នុងដោះស្រាយជម្លោះដីធ្លីដូចនៅអគារប៊ូឌីង។ សង្គមស៊ីវិលថា អាជ្ញាធរមិនគួរប្រើប្រាស់វិធីសាស្ត្រដោះស្រាយម្ដងមួយគ្រួសារ ឬប្រើការចរចាតែលើសម្ដីដោយគ្មានយន្តការច្បាស់លាស់ជាមួយពលរដ្ឋរងគ្រោះដីធ្លីនៅបុរីកីឡា នោះទេ។ សង្គមស៊ីវិលហៅការដោះស្រាយបែបនេះថាជាការឆ្លៀតឱកាស៕