Clik here to view.

តុលាការក្រុងភ្នំពេញដែលស្ថិតក្រោមបញ្ជារបស់លោក ហ៊ុន សែន សម្រេចចេញដីការឹបអូស ទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី និងទីស្នាក់កណ្ដាលគណបក្សសង្គ្រោះជាតិ ជាបណ្ដោះអាសន្នសិន ក្នុងសំណុំរឿងលោក សម រង្ស៊ី ចាញ់ក្តីលោក ហ៊ុន សែន និង លោក ហេង សំរិន កាលពីពេលថ្មីៗនេះ។ ប៉ុន្តែមន្ត្រីបក្សប្រឆាំងថា ជារឿងគួរឲ្យអស់សំណើចដែលលោក ហ៊ុន សែន ខឹងគោបែរវាយរទេះបែបនេះទៅវិញ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានចេញដីការក្សាការពារ ដោយសំអាងលើលោក សម រង្ស៊ី ចាញ់ក្ដីលោក ហ៊ុន សែន និង លោក ហេង សំរិន កាលពីថ្ងៃទី២៣ កុម្ភៈ ដែលមាន លោក គី តិច ជាមេធាវីដើមបណ្ដឹង បានប្ដឹងមកតុលាការទាមទារជំងឺចិត្តពីលោក សម រង្ស៊ី។
ដីការក្សាការពារបានចេញកាលពីថ្ងៃទី២៦ កុម្ភៈ ដែលត្រូវផ្សព្វផ្សាយថ្ងៃទី២៧ ខែកុម្ភៈនេះ សម្រេចរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ជាដី និងអគារនៃទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវលោក គី តិច លើកឡើង ក្នុងពាក្យបណ្ដឹងរបស់ខ្លួនថា ដើម្បីជំរុញឲ្យលោក សម រង្ស៊ី សងបំណុល ជាង ៤ពាន់ពីររយលានរៀល ឲ្យកូនក្ដីរបស់លោក គឺលោក ហ៊ុន សែន និង លោក ហេង សំរិន ក្រោយពីតុលាការគ្រប់ជាន់ថ្នាក់បានសម្រេច។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត យល់ថា នេះគ្រាន់តែជាការបង្ហាញឲ្យមហាជនឃើញថា លោក ហ៊ុន សែន ខ្លាំងកាចសាហាវ និងអាចធ្វើអ្វីបានគ្រប់យ៉ាងលើគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ ប្រធានចលនាយុវជនគណបក្សប្រឆាំងរូបនេះ យល់ថា អ្វីដែលបក្សកាន់អំណាចកំពុងធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង គឺមិនបានផលទេ ហើយក៏មិនបានធ្វើឲ្យគណបក្សនេះ អស់សង្ឃឹមក្នុងការតស៊ូទេ។ «»
លោក ហ៊ុន សែន ដែលមិនធ្លាប់ចាញ់ក្តីលោក សម រង្ស៊ី នៅក្នុងតុលាការនៃរបបរបស់លោក បាននិយាយជាសាធារណៈថា បើលោក សម រង្ស៊ី គ្មានលុយសងជំងឺចិត្តលោកទេ លោកទាមទារ រឹបអូសទីស្នាក់គណបក្សសង្គ្រោះជាតិ ដែលលោកដឹងថា ទីស្នាក់ការនោះជាកម្មសិទ្ធិរបស់លោក សម រង្ស៊ី។
អាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីលោក សម រង្ស៊ី ពីចំណាត់ការរបស់តុលាការក្រុងភ្នំពេញបាននៅឡើយទេ នៅថ្ងៃទី២៧ កុម្ភៈនេះ។
ប៉ុន្តែ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាននិយាយកាលពីចុងឆ្នាំ២០១៧ ថា តុលាការសម្រេចឲ្យលោកចាញ់ក្តីលោក ហ៊ុន សែន ពីបទបរិហារកេរ្តិ៍ ថា លោកមិនខ្វល់នឹងសាលក្រមរបស់តុលាការ ដែលផ្ដន្ទាទោសលោកឲ្យបង់ប្រាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតដល់រាប់លានដុល្លារ ក្នុងបណ្ដឹងបរិហារកេរ្តិ៍ដែលលោក ហ៊ុន សែន ប្ដឹងលោកនោះទេ ព្រោះលោកចាត់ទុកថា មន្ត្រីតុលាការកម្ពុជា គ្មានឯករាជ្យ និងមិនសូវដឹងអ្វីនោះទេ ដោយធ្វើអ្វីៗតាមតែបញ្ជារបស់លោក ហ៊ុន សែន និងថ្នាក់លើ។ «»
អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា វិធានការរបស់តុលាការនៅពេលនេះ គឺកាន់តែបង្ហាញឲ្យឃើញកាន់តែច្បាស់ថា តុលាការកម្ពុជាមិនមានឯករាជ្យ។ លោកបន្តថា រូបភាពនេះគឺរុញច្រានឲ្យវិបត្តិនយោបាយកាន់តែបន្តក្ដៅគគុកទៅមុខទៀត ដែល ហាក់បីដូចជាមានសង្គ្រាមដោយមិនប្រើអាវុធដូច្នោះដែរ។ «»
មកទល់ពេលនេះ លោក សម រង្ស៊ី បានហ៊ុមព័ទ្ធដោយបណ្ដឹង និងចាញ់ក្ដីលោក ហ៊ុន សែន និងបក្ខពួករបស់លោក ជិត ១០បណ្ដឹង ដែលភាគច្រើនជាបណ្ដឹងបរិហារកេរ្តិ៍ ដូចជា កាលពីចុងឆ្នាំ២០១៧ តុលាការក្រុងភ្នំពេញក៏សម្រេចឲ្យលោក សម រង្ស៊ី សងជំងឺចិត្ត លោក ហ៊ុន សែន ១លានដុល្លារ ក្នុងសំណុំរឿងមួយផ្សេងទៀត គឺ សំណុំរឿងដែលចោទលោក សម រង្ស៊ី និយាយថា លោក ហ៊ុន សែន បានសូកប៉ាន់កញ្ញា ធី សុវណ្ណ ថា ចំនួន ១លានដុល្លារ ជាថ្នូរនឹងការវាយប្រហារបក្សប្រឆាំង បន្ទាប់ពីនាងឈប់គាំទ្របក្សសង្គ្រោះជាតិ ហើយងាកមកស្និទ្ធជាមួយលោក ហ៊ុន សែន។ ចំណែកសំណុំរឿងមួយទៀត តុលាការបានឲ្យលោក ហេង សំរិន ឈ្នះក្តីលោក សម រង្ស៊ី ពាក់ព័ន្ធករណីបទបរិហារកេរ្តិ៍លោក ហេង សំរិន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីចុងឆ្នាំ២០១៥ ដោយចោទលោក ហេង សំរិន ថាជាអ្នកកាត់ទោសសម្ដេច សីហនុ ជាជនក្បត់ជាតិជាដើម៕