Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អង្គការ​សិទ្ធិ​មនុស្ស​បារម្ភ​ពី​ការ​គោរព​មិន​ពេញលេញ​នូវ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ

$
0
0

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ មីនា បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​អនុវត្ត និង​គោរព​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ បន្ទាប់​ពី​សកម្មជន​សិទ្ធិ​មនុស្ស​ត្រូវ​បាន​តុលាការ​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់ ដែល​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ។ ចំណែក​រដ្ឋាភិបាល​បន្ត​អះអាង​ថា ខ្លួន​បាន​ធានា​សិទ្ធិ​របស់​ពលរដ្ឋ និង​ឯករាជ​ភាព​របស់​តុលាការ។

សលាកបត្រ​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បង្ហាញ​ពី​ស្ថានភាព​មិន​ទាន់​គោរព​បាន​ពេញលេញ​នូវ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។

សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ មាន​ដូចជា សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ជា​សាធារណៈ សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​គ្មាន​ការ​ពន្យារ​ពេល សិទ្ធិ​ទទួល​បាន​មធ្យោបាយ និង​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​ក្តី និង​សិទ្ធិ​មាន​មេធាវី ជាដើម។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សង្កេត​ឃើញ​ថា មាន​ភាព​ប្រសើរ​ឡើង​ខ្លះ​ក្នុង​ការ​អនុវត្ត​នីតិវិធី​មួយ​ចំនួន​ដែល​អនុវត្ត​លើ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ នា​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ ក៏ប៉ុន្តែ​ប្រព័ន្ធ​តុលាការ​ត្រូវ​ខិតខំ​ពង្រឹង​ការងារ​របស់​ខ្លួន​បន្ថែម​ទៀត។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ព្រួយ​បារម្ភ​ពី​ការ​អនុវត្ត​មិន​ត្រឹមត្រូវ​នៃ​សិទ្ធិ​ឆ្លើយឆ្លង​ជាមួយ​មេធាវី។

ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា មិន​ស៊ី​សង្វាក់​គ្នា​នឹង​សិទ្ធិ​ដែល​ត្រូវ​បាន​ការពារ​ដោយ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដោយ​កម្ពុជា មិន​ផ្តល់​សិទ្ធិ​ដល់​ជន​សង្ស័យ​ក្នុង​ការ​ទទួល​បាន​មេធាវី​នៅ​ក្នុង​រយៈពេល ២៤​ម៉ោង​ដំបូង​នៃ​ការ​ឃាត់​ខ្លួន។ ខណៈ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ បញ្ញត្តិ​ថា ជន​ជាប់​ចោទ​មាន​សិទ្ធិ​ឆ្លើយឆ្លង​ជាមួយ​មេធាវី​ដែល​ជ្រើសរើស​ដោយ​ខ្លួន​ឯង ហើយ​មាន​សិទ្ធិ​ទទួល​បាន​មេធាវី​ភ្លាមៗ។

ចំណុច​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើ​ឲ្យ​មាន​វិសោធនកម្ម​លើ​ច្បាប់​នេះ។ ការ​ព្រួយ​បារម្ភ​មួយ​ទៀត គឺ​ការ​គោរព​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​តុលាការ​ឯករាជ្យ។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លើក​ឡើង​ពី​ការ​អនុម័ត​ច្បាប់​ចំនួន​បី ពាក់ព័ន្ធ​វិស័យ​តុលាការ​កាល​ពី​ឆ្នាំ​២០១៤ ដោយ​ផ្តល់​អំណាច​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ចូលរួម​ក្នុង​ដំណើរការ​សម្រេច​របស់​តុលាការ និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ ច្បាប់​ទាំង​បី​នេះ ប៉ះពាល់​ដល់​ឯករាជ្យ​របស់​តុលាការ អព្យាក្រឹត និង​ការ​បែងចែក​អំណាច។

ការ​ផ្ដន្ទាទោស​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ពុំ​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់ គឺ​ជា​ការ​សម្រេច​មួយ​ដែល​មិន​អាច​ជៀស​រួច ខណៈ​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​ទាំងនោះ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ និង​ការ​ស៊ើប​អង្កេត​ពី​បទល្មើស​ព្រហ្មទណ្ឌ។

ចំណុច​មួយ​ទៀត​នោះ គឺ​ការ​អនុវត្ត​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ដែល​អូស​បន្លាយ​ពេល​យូរ ជា​ញឹកញាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។

ករណី​បាន​កើត​ឡើង​លើ​សំណុំ​រឿង​សកម្មជន​បរិស្ថាន​បី​រូប​របស់​អង្គការ​មាតា​ធម្មជាតិ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១០​ខែ មុន​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​ពួក​គេ។

ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា អនុញ្ញាត​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ចំនួន ៦​ខែ ហើយ​អាច​ពន្យារ​ពេល​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​បាន​ចំនួន​ពីរ​ដង ដែល​ម្តងៗ​មាន​រយៈពេល ៦​ខែ​ចំពោះ​ជន​ត្រូវ​ចោទ​មាន​អាយុ​លើស​ពី ១៨​ឆ្នាំ និង​ករណី​ពាក់ព័ន្ធ​បទឧក្រិដ្ឋ។

ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ពី​ក្តី​កង្វល់​ចំពោះ​ការ​អនុវត្ត​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​នាក់​របស់​សមាគម​អាដហុក (ADHOC) ដោយ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នេះ​ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត។

ការ​អង្កេត​មួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ រក​ឃើញ​ថា ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ដែល​ពុក​រលួយ​ជាង​គេ​បំផុត​នៅ​កម្ពុជា។

សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ ហៅ​តុលាការ​កម្ពុជា ថា​ជា​តុលាការ​តេឡេ។

ទោះ​បី​ជា​យ៉ាង​ណា លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ប្រតិកម្ម​នឹង​ផ្សព្វផ្សាយ​សលាកបត្រ​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នេះ​ថា ជា​ចេតនា​នយោបាយ។ លោក​បញ្ជាក់​ថា តុលាការ​នៅ​កម្ពុជា ប្រកាន់​ឯករាជ​ភាព​របស់​ខ្លួន ហើយ​រដ្ឋាភិបាល​ក៏​មិន​បាន​ជ្រៀតជ្រែក​ក្នុង​ការ​សម្រេច​ចិត្ត​របស់​តុលាការ​នោះ​ដែរ៖ «»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ដើម្បី​សុំ​ការ​ឆ្លើយតប​នឹង​ការ​ព្រួយ​បារម្ភ​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​នេះ​បាន​ទេ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ប្រធាន​តុលាការ ធានា​ថា​មាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ដោយ​អនុលោម​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ ហើយ​មិន​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ជា​ឧបករណ៍​យាយី និង​បំបិទ​សំឡេង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​ដោះលែង​បុគ្គលិក​របស់​អាដហុក (ADHOC) និង​មន្ត្រី គ..ប មួយ​រូប ព្រម​ទាំង​បុគ្គល​ដទៃ​ទៀត​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​មិន​ត្រូវ ដោយសារ​តែ​អ្នក​ទាំងនោះ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles