ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកឈូក ខេត្តកំពត ប្រតិកម្មនឹងអាជ្ញាធរខេត្តដែលបិទផ្សាយបញ្ជីឈ្មោះអ្នកត្រូវទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី មិនមានឈ្មោះពួកគាត់ តែបែរជាមានឈ្មោះពលរដ្ឋនៅតំបន់ផ្សេងទៅវិញ។ អាជ្ញាធរខេត្តកំពត ស្នើឲ្យពលរដ្ឋប្ដឹងតវ៉ាករណីនេះទៅអង្គភាពជំនាញ ដើម្បីរកដំណោះស្រាយ។
ប្រជាពលរដ្ឋជាង ១០០គ្រួសារនៅភូមិព្រៃព្រាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត សម្ដែងការមិនពេញចិត្ត និងក្តីព្រួយបារម្ភនៅពេលឃើញបញ្ជីឈ្មោះអ្នកត្រូវទទួលបានកម្មសិទ្ធិដីធ្លី មិនមែនជាពួកគាត់ គឺឃើញមានឈ្មោះពលរដ្ឋផ្សេងទៅវិញ។
តំណាងប្រជាពលរដ្ឋ លោក យន់ មុំ ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី២៧ ខែមីនា ថា ពលរដ្ឋបានទៅកាន់កាប់ និងបង្កបង្កើនផលនៅលើដីរបស់ខ្លួនតាំងពីឆ្នាំ២០០៤ រហូតមក។ ក្រោយមក ពួកគាត់បានស្នើសុំដីទាំងនោះពីរដ្ឋ រហូតមានការសម្រេចពីរដ្ឋាភិបាលឲ្យអង្គភាពជំនាញចុះវាស់វែងដីទាំងនោះចែកជូនពលរដ្ឋ។
លោកបន្តថា អង្គភាពជំនាញបានចុះវាស់វែងដីនោះជាច្រើនលើក និងបានបញ្ចប់ការវាស់វែងនៅចុងឆ្នាំ២០១៦ ក៏ប៉ុន្តែលោកអះអាងថា បញ្ជីឈ្មោះអ្នកត្រូវទទួលបានប័ណ្ណកម្មសិទ្ធិដែលទើបត្រូវបានបិទផ្សាយដោយអាជ្ញាធរ បែរជាមិនឃើញមានឈ្មោះពលរដ្ឋដែលធ្លាប់កាន់កាប់ដីនោះសូម្បីតែ ១គ្រួសារ តែបែរជាមានឈ្មោះអ្នកដែលពួកគាត់មិនដែលស្គាល់ទៅវិញ។ លោកបន្តទៀតថា ក្រុមពលរដ្ឋកំពុងព្រួយបារម្ភខ្លាចបាត់បង់ដីធ្លីដែលខ្លួនធ្លាប់កាន់កាប់នោះ៖ «»។
កាលពីចុងឆ្នាំ២០១៥ កន្លងទៅ រាជរដ្ឋាភិបាលបានសម្រេចកាត់ដីទំហំជាង ៥០០ហិកតារ (៥២៣.១៣ហិកតារ) ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ១០៣គ្រួសារនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
ជុំវិញការព្រួយបារម្ភរបស់ពលរដ្ឋនេះ អភិបាលរងខេត្តកំពត លោក ស៊ឹម វុទ្ធា ស្នើឲ្យពលរដ្ឋដាក់ពាក្យបណ្ដឹងទៅមន្ត្រីជំនាញ ដើម្បីតវ៉ាករណីនេះតាមនីតិវិធីក្នុងរយៈពេលពីរសប្ដាហ៍ក្រោយការបិទផ្សាយបញ្ជីឈ្មោះ៖ «»។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក (ADHOC) ប្រចាំខេត្តកំពត លោក ហេង ភារៈ ចាត់ទុកនេះជាភាពមិនប្រក្រតីមួយដែលអាជ្ញាធរជំនាញត្រូវចុះត្រួតពិនិត្យឲ្យបានល្អិតល្អន់ ចៀសវាងការផ្តល់ប័ណ្ណកម្មសិទ្ធិដល់អ្នកមិនមែនជាពលរដ្ឋពិតប្រាកដដែលធ្លាប់កាន់កាប់ដីនោះ។ លោកក៏ជំរុញឲ្យពលរដ្ឋប្ដឹងតវ៉ាករណីនេះទៅកាន់អង្គភាពជំនាញនៅថ្នាក់ខេត្តផងដែរ៖ «»។
ទោះបីជាយ៉ាងណា ក្រុមពលរដ្ឋអះអាងថា ពួកគាត់មិនមានជំនឿលើអាជ្ញាធរខេត្តថាអាចដោះស្រាយករណីនេះបានឡើយ ហើយពួកគាត់អះអាងថា នឹងលើកគ្នាមកតវ៉ា និងដាក់ពាក្យបណ្ដឹងតាមក្រសួងពាក់ព័ន្ធមួយចំនួននៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ មីនា៕