Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​ខែត្រ​ស្ទឹងត្រែង​ថា​បទល្មើស​នេសាទ​នៅ​តំបន់​អភិរក្ស​កើត​ឡើង​ពេញ​បន្ទុក

$
0
0

សហគមន៍​រស់នៅ​ភូមិ​ខេ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង សម្ដែង​ក្តី​បារម្ភ​ពី​បទល្មើស​នេសាទ​នៅ​តំបន់​អភិរក្ស​ធម្មជាតិ ឬ​តំបន់​រ៉ាំសា ដែល​កំពុង​កើត​ឡើង​ពេញ​បន្ទុក។ សហគមន៍​ថា​ពួក​គេ​ពុំ​មាន​លទ្ធភាព​ទប់ស្កាត់​បទល្មើស​ទាំងនោះ​ទេ ដោយសារ​តែ​ក្រុម​ឈ្មួញ​មាន​គ្នា​ច្រើន និង​មាន​អាវុធ​ច្នៃ​ទៀត​ផង។

សង្គម​ស៊ីវិល និង​ពលរដ្ឋ នៅ​ថ្ងៃ​ទី​២៧ មីនា អំពាវនាវ​ឲ្យ​ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ខែត្រ​ស្ទឹងត្រែង អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​តំបន់​ជម្រក​ត្រី​ពង​កូន ដែល​កំពុង​រង​ការ​គំរាម​កំហែង​ពី​ក្រុម​ជន​ល្មើស​មក​ពី​តំបន់​ផ្សេង មក​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់។

ប្រធាន​សហគមន៍​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ លោក ហ្វយ ប៊ុនវី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ មីនា ថា ក្រុម​ឈ្មួញ​ច្រើន​ធ្វើ​សកម្មភាព​ឆក់​ត្រី​នៅ​ពេល​យប់ ដោយ​ប្រើប្រាស់​ទូក​ជិត ១០​គ្រឿង ព្រម​ទាំង​មាន​អាវុធ​ច្នៃ​ទៀត​ផង បង្ក​ឲ្យ​សហគមន៍​បារម្ភ​ពី​សុវត្ថិភាព ពុំ​ហ៊ាន​ចុះ​បង្ក្រាប។ ចំណែក​សមត្ថកិច្ច​មូលដ្ឋាន ក៏​ពុំ​សូវ​ផ្តល់​ការ​សហការ​ក្នុង​ការ​បង្ក្រាប​បទល្មើស​នោះ​ដែរ។ លោក​ទទូច​ឲ្យ​ក្រសួង​បរិស្ថាន រក​មធ្យោបាយ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​តំបន់​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​អនាគត​មច្ឆជាតិ​នៅ​ទន្លេ​មេគង្គ៖ «ក្នុង​ទូក​របស់​គាត់​ធ្វើ​សកម្មភាព​គាត់​មាន​តាំង​ពី​ដូចជា​អា​ឆ្នុក ហើយ​ជន​ហ្នឹង​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ និង​មុខ ព្រោះ​តែ​សកម្មភាព​ធ្វើ​នៅ​ពេល​យប់។ ម៉ាស៊ីន​យក​ពី​វៀតណាម គឺ​ម៉ាស៊ីន​អា​ត្រជាក់។ ចឹង​វា​បឺត​ទំហំ​ដែល​វា​ឆក់​យក​ត្រី ៥០​ម៉ែត្រ​បួន​ជ្រុង​ក្នុង​ទន្លេ​ដែល​ខ្ញុំ​គ្រប់គ្រង​ទទឹង​ទឹក​បាន​តែ ១៥០​ម៉ែត្រ​ទៅ ២០០​ម៉ែត្រ។ វា​ចុះ​ម្តង ៧​ទូក វា​រុញ​មួយ​ទន្លេ ត្រី​ក្នុង​បាត​ទន្លេ​វា​បឺត​យក​ឡើង​អស់»

កាល​ពី​ដើម​ខែ​មីនា សហគមន៍​មូលដ្ឋាន​ប្រទះ​ឃើញ​ជន​ល្មើស​ប្រើប្រាស់​ទូក​នេសាទ ៨​គ្រឿង ប្រើ​ឧបករណ៍​នេសាទ​ត្រជាក់​ធ្វើ​សកម្មភាព​ឆក់​ត្រី​នៅ​តំបន់​ព្រៃ​លិច​ទឹក ឬ​តំបន់​រ៉ាំសា ដែល​ជា​កន្លែង​ជ្រក​របស់​ត្រី​កម្រ​រស់នៅ និង​ពង​កូន។

អាជ្ញាធរ​ភូមិ​ខេ សង្កាត់​សាមគ្គី លោក ស៊ីម វិសាយ ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​កំពុង​កើត​មាន​ពេញ​បន្ទុក​នៅ​តំបន់​អភិរក្ស​ជីវចម្រុះ ដែល​សហគមន៍​ពុំ​មាន​សមត្ថភាព និង​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​ចុះ​ទប់ស្កាត់។ លោក​ថា តំបន់​ព្រៃ​លិច​ទឹក ឬ​ហៅ​ថា​តំបន់​រ៉ាំសា គឺ​ជា​តំបន់​សម្បូរ​ព្រៃ​ឈើ​ដុះ​ចេញ​ពី​ផ្ទៃ​ទឹក មាន​កោះ​តូចៗ​ជាច្រើន​ដុះ​អម​សងខាង​កោះ​ហាន គឺ​ជា​ទីតាំង​ជម្រក​ត្រី​កម្រ​ច្រើន​ប្រភេទ​រស់នៅ ជាពិសេស​ក៏​ជា​ជម្រក​សត្វ​ស្លាប​ដែរ ដូចជា​សត្វ​ក្អែកទឹក ស្មោញ និង​ត្រយង ជាដើម។ លោក​ថា ប្រសិន​បើ​ក្រសួង​បរិស្ថាន មិន​ចុះ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ទាំងនោះ​ទេ បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អនាគត​មច្ឆជាតិ​តាម​ដង​ទន្លេ ហើយ​អាច​ប៉ះពាល់​ដល់​សត្វ​ស្លាប​ទៀត​ផង៖ «គេ​ធ្វើ​ចឹង​ខ្ញុំ​ព្រួយ​បារម្ភ បាន​ជា​ខ្ញុំ​បង្កើត​ទេសចរណ៍​នៅ​កន្លែង​នេះ​ដើម្បី​ទប់ស្កាត់។ ទី​មួយ​ទប់ស្កាត់ និង​ទប់ស្កាត់​ហើយ​នៅ​មិន​ឈ្នះ​គេ​ទៀត មិន​ឈ្នះ​ត្រង់​ថា យើង​ពុំ​មាន​គ្រឿង​ឧបករណ៍​ដូច​ជន​ល្មើស»

តំបន់​រ៉ាំសា ឬ​ហៅ​ថា​តំបន់​ការពារ​ជីវចម្រុះ ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន មាន​កាតព្វកិច្ច​ធានា​កិច្ច​គាំពារ​បរិស្ថាន និង​ទប់ស្កាត់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ក៏ប៉ុន្តែ​សហគមន៍​កម្រ​ឃើញ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ចុះ​ល្បាត​តំបន់​នោះ ខណៈ​តំបន់​នោះ​សម្បូរ​កោះ​ច្រើន និង​មាន​រុក្ខជាតិ​ដុះ​ចេញ​ពី​ផ្ទៃ​ទឹក​បញ្ចេញ​ឫស ព្រម​ទាំង​មាន​ព្រៃ​លិច​ទឹក​ផង។

ប្រធាន​មន្ទីរ​បរិស្ថាន ខែត្រ​ស្ទឹងត្រែង លោក អេង ភីរុង បដិសេធ​មិន​ធ្វើ​អធិប្បាយ​ករណី​នេះ​ទេ​នៅ​ថ្ងៃ​ទី​២៨ មីនា ដោយ​លោក​បញ្ជាក់​ថា​កំពុង​ជាប់​រវល់។

មន្ត្រី​សម្របសម្រួល​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ ចាត់​ទុក​តំបន់​នោះ​ជា​ជម្រក​ត្រី​គ្រប់​ប្រភេទ​រស់នៅ និង​ពង​កូន ដែល​ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន យក​ចិត្ត​ទុក​ដាក់​បង្កើន​ល្បឿន​អភិរក្ស​ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​បញ្ជូន​ឆ្មាំ​អភិរក្ស​ចុះ​ល្បាត​ជា​ប្រចាំ ហើយ​ត្រូវ​ផ្តល់​ការ​សហការ​ជាមួយ​សហគមន៍ និង​សមត្ថកិច្ច។ លោក​ថា ការ​បណ្តោយ​ឲ្យ​បទល្មើស​នេសាទ​កើត​ឡើង​បែប​អនាធិបតេយ្យ នឹង​បង្ក​គ្រោះថ្នាក់​ដល់​ពូជ​ត្រី​កម្រ​ក្នុង​តំបន់ ដែល​ជា​ផ្នែក​មួយ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ និង​ធនធាន​ធម្មជាតិ៖ «ករណី​ដែល​យើង​បាន​ដឹង​ទាំងអស់​ហ្នឹង ក្រសួង​លោក​គួរ​តែ​ចាត់ចែង​វិធានការ​ឲ្យ​បាន​រហ័ស ឲ្យ​លោក​ចុះ​មក​មើល​មក​ពិនិត្យ​មើល និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ភ្លាមៗ​តែ​ម្តង»

កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៧ ពលរដ្ឋ​រស់នៅ​ភូមិ​ខេ បាន​នាំ​គ្នា​អភិវឌ្ឍ​តំបន់​នោះ​មួយ​ផ្នែក​ប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​បៃតង បម្រើ​វិស័យ​ទេសចរណ៍ ក្នុង​ទិសដៅ​រួម​គ្នា​អភិរក្ស​ប្រព័ន្ធ​ជីវចម្រុះ និង​បង្កើន​ប្រាក់​ចំណូល​ដល់​សហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles