Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​ជំនាញ​ខេត្ត​ព្រះវិហារ​អំពាវនាវ​ពលរដ្ឋ​កុំ​យក​ត្រី​ដែល​ងាប់​នៅ​ស្ទឹង​សែន​ទៅ​បរិភោគ

$
0
0

មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ស្ទឹង​សែន នៃ​ស្រុក​ជ័យសែន និង​ស្រុក​រវៀង កុំ​យក​ត្រី​ដែល​ងាប់​គ្រប់​ប្រភេទ​ទៅ​ចម្អិន​ធ្វើ​ម្ហូប ឬ​ក៏​យក​ទៅ​លក់​ឲ្យ​អ្នក​ដទៃ​ឲ្យ​សោះ ខ្លាច​ក្រែង​មាន​ការ​ប៉ះពាល់​ដល់​សុខភាព​ដោយ​ប្រការ​ណា​មួយ។

ការ​អំពាវនាវ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រយៈពេល​ជាង​មួយ​សប្ដាហ៍​មក​ហើយ នៅ​តាម​ដង​ស្ទឹង​សែន គឺ​មាន​ត្រី​ងាប់​ជា​បន្តបន្ទាប់ ដោយ​គេ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​អ្វី​នៅ​ឡើយ​ទេ។

ក្រុម​ការងារ​ជំនាញ​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ បាន​ចុះ​ទៅ​ពិនិត្យ​នៅ​តាម​ដង​ស្ទឹង​សែន​ជាច្រើន​កន្លែង នៅ​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មីនា ដើម្បី​ស្វែងរក​មូលហេតុ​ឲ្យ​ពិត​ប្រាកដ​ថា តើ​ត្រី​ជាច្រើន​ប្រភេទ​រាប់​ម៉ឺន​ក្បាល​ដែល​កំពុង​តែ​ងាប់​បន្តបន្ទាប់​គ្នា​បណ្ដាល​មក​ពី​អ្វី?

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ជាច្រើន​ទៀត​រស់នៅ​ភូមិ​សំរោង នៃ​ឃុំ​តស៊ូ ស្រុក​ជ័យសែន គឺ​លោក ថាច កួយ។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មីនា ថា រយៈពេល ៣​ថ្ងៃ​មក​ហើយ​នៅ​តាម​ដង​ស្ទឹង​សែន ជិត​កន្លែង​ពួក​គាត់​រស់នៅ គឺ​មាន​ត្រី​ជាច្រើន​ប្រភេទ​ងាប់​បន្តបន្ទាប់​គ្នា។ លោក និង​អ្នក​ភូមិ​ជាច្រើន បាន​នាំ​គ្នា​អុំ​ទូក​ដើរ​រើស​ត្រី​ងាប់​ទាំងនោះ​យក​ទៅ​ចម្អិន​ធ្វើ​ម្ហូប និង​ខ្លះ​ទៀត​យក​ទៅ​ទុក​ធ្វើ​ជា​ប្រហុក។

លោក ថាច កួយ បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន ត្រី​កំពុង​បន្ត​ងាប់​នៅ​តាម​ដង​ស្ទឹង​សែន នៃ​ភូមិ​ដូនម៉ា ក្នុង​ឃុំ​រក្សា ស្រុក​រវៀង ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​ប៉ែក​ខាង​ក្រោម​ទៀត៖ «នៅ​តែ​ងាប់ ធំ​ក៏​មាន តូច​ក៏​មាន។ ត្រី​ចម្រុះ​ងាប់​អណ្ដែត​ពេញ​ទឹក មាន​ត្រី​ឆ្លាំង ត្រី​តានិល ត្រី​ខ្យា»

អ្នក​ភូមិ​មិន​ដឹង​ពី​មូលហេតុ​អ្វី​ច្បាស់លាស់ ដែល​បណ្ដាល​ឲ្យ​ត្រី​ងាប់​នោះ​ទេ ប៉ុន្តែ​គេ​សង្ស័យ​ថា ប្រហែល​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ចិន ឈ្មោះ រួយ ហ្វេង (Rouy Feng) បង្ហូរ​ជាតិ​ពុល​ចូល​ទៅ​ក្នុង​ស្ទឹង ពីព្រោះ​តែ​គេ​ឃើញ​ទឹក​ស្ទឹង​សែន​មាន​ពណ៌​ខ្មៅ ព្រម​ទាំង​មាន​ក្លិន​ស្អុយ​ផង។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក អ៊ា សុខា មាន​ប្រសាសន៍​ថា លោក​បាន​ដឹកនាំ​ក្រុម​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ត្រី​រាប់​ម៉ឺន​ក្បាល ដែល​ងាប់​នៅ​តាម​ដង​ស្ទឹង​សែន​នោះ​ហើយ ក៏ប៉ុន្តែ​លោក​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា តើ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នៅ​ឡើយ​ទេ។

លោក អ៊ា សុខា អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ស្ទឹង​សែន នៃ​ស្រុក​ជ័យសែន និង​ស្រុក​រវៀង កុំ​រើស​យក​ត្រី​ដែល​ងាប់​នោះ​យក​ទៅ​ចម្អិន​ទទួល​ទាន និង​លក់​ដូរ​ឡើយ ខ្លាច​ក្រែង​ប៉ះពាល់​ដល់​សុខភាព​ដោយ​ប្រការ​ណា​មួយ៖ «គាត់​សប្បាយ ឃើញ​ត្រី​មាន​ច្រើន គាត់​នាំ​គ្នា​ឆក់​យក​ទៅ​លក់​ដូរ។ ខ្ញុំ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក​ការ​យក​ត្រី​នោះ​សិន ដើម្បី​រង់ចាំ​លទ្ធផល​តើ​បណ្ដាល​មក​ពី​អ្វី​ពិត​ប្រាកដ

មន្ត្រី​បរិស្ថាន​បាន​ដង​យក​ទឹក​ស្ទឹង​សែន​នោះ​បញ្ជូន​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍ ហើយ​ក៏​សង្ស័យ​ទៅ​លើ​អ្នក​ភូមិ​ខ្លះ អាច​ដាក់​ថ្នាំ​ពុល​ដើម្បី​ចាប់​យក​ត្រី​ដែរ។

ទោះ​ជា​យ៉ាង​ណា ក្រុម​ការងារ​បណ្ដាញ​សហគមន៍​ស្រុក​ឆែប និង​ស្រុក​ជ័យសែន លោក វង្ស សុខេងលី នៅ​តែ​សង្ស័យ​ថា មូលហេតុ​ដែល​ត្រី​រាប់​ម៉ឺន​ក្បាល​ងាប់​នៅ​តាម​ដង​ស្ទឹង​សែន​នោះ អាច​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ចិន រួយ ហ្វេង បង្ហូរ​កាក​សំណល់​មាន​ជាតិ​ពុល​ចេញ​ពី​រោងចក្រ​ស្ករ​អំពៅ។

លោក វង្ស សុខេងលី អះអាង​ថា កាល​ពី​ឆ្នាំ​២០១៣ គឺ​ធ្លាប់​មាន​ហេតុការណ៍​ពុល​ត្រី​ងាប់​នៅ​តាម​ដង​ស្ទឹង​សែន​នេះ​ម្ដង​មក​ហើយ នៅ​ពេល​ដែល​ក្រុមហ៊ុន​ចិន បង្ហូរ​កាក​សំណល់​តាម​អូរ​ព្រាល​ចូល​មក​ស្ទឹង​សែន៖ «កាល​ពី​ឆ្នាំ​ណា​នោះ ពេល​មាន​ភ្លៀង គឺ​ចិន បើក​បង្ហូរ​កាក​សំណល់​មក​ចូល​ស្ទឹង គឺ​មាន​ងាប់​ត្រី​ដូចជា​ពេល​នេះ​ដែរ»

លោក វង្ស សុខេងលី មិន​ជឿ​ថា ប្រជាពលរដ្ឋ​មាន​ថ្នាំ​ពុល​ទៅ​ដាក់​ក្នុង​ទឹក ធ្វើ​ឲ្យ​ងាប់​ត្រី​រាប់​ម៉ឺន​ក្បាល​រហូត​ដល់​ទៅ​ចម្ងាយ​ដី​ជាង ២០​គីឡូម៉ែត្រ នៅ​តាម​ដង​ស្ទឹង​ដូច្នេះ​ទេ។

អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​អ្នក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ចិន រួយ ហ្វេង ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​សង្ស័យ​ពី​អ្នក​ភូមិ​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles