Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សមត្ថកិច្ច​ចាប់​ខ្លួន​ស្ត្រី​ពីរ​នាក់​ដែល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ក្នុង​សហគមន៍​បុរីកីឡា

$
0
0

ស្ត្រី​បុរីកីឡា ២​នាក់​ក្នុង​ចំណោម​ស្ត្រី​ជិត ១០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​៧មករា ចាប់​ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ បន្ទាប់​ពី​ពួក​គេ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) រួច​រាល់​នៅ​ខាង​មុខ​អគារ​ចាស់​ក្នុង​សហគមន៍​បុរីកីឡា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា។

ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​មិន​ដល់ ១០​នាទី​ទេ បន្ទាប់​ពី​ក្រុម​ស្ត្រី​បុរីកីឡា​បញ្ចប់​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៧ នៅ​សហគមន៍​របស់​ពួក​គេ។ ស្ត្រី​ទាំង​ពីរ​នាក់​នោះ​មាន​លោកស្រី សរ ស៊ន និង​លោកស្រី ណាត់ ស្រីណាក់ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧មករា ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អគារ​ចាស់​បុរីកីឡា​នោះ។ មក​ដល់​ពេល​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ដោះលែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​នៅ​ឡើយ​ទេ។

មុន​ការ​ចាប់​ខ្លួន​នេះ លោកស្រី សរ ស៊ន ប្រាប់​ឲ្យ​ដឹង​ថា មាន​សមត្ថកិច្ច​ពាក់​ស៊ីវិល​មក​ប្រាប់​គាត់ ២ ទៅ ៣​ដង ថា​កុំ​ឲ្យ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ បើ​សិន​ជា​ធ្វើ គេ​នឹង​ចាប់​ខ្លួន។ លោកស្រី សរ ស៊ន ថា​ការ​ធ្វើ​សកម្មភាព​នេះ​នៅ​នឹង​កន្លែង​ដែល​គេ​រស់នៅ គឺ​គ្មាន​អ្វី​ខុស​ច្បាប់​នោះ​ទេ

គិត​មក​ត្រឹម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៧ នេះ មន្ត្រី​នៃ​សមាគម​អាដហុក (ADHOC) ៤​រូប មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី រួម​នឹង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃ​ស អស់​ពេល ៣៣៣​ថ្ងៃ។ ចំណែក​អ្នកស្រី ទេព វន្នី ក៏​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃ​ស​អស់​ពេល ២២៤​ថ្ងៃ ដោយសារ​តែ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​សហគមន៍​បឹងកក់ ដោយ​តុលាការ​លើក​យក​សំណុំ​រឿង​ចាស់ៗ​មក​កាត់​សាឡើងវិញ។ រឿង​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ យល់​ថា​ជា​រឿង​នយោបាយ។

ទាក់ទង​នឹង​រឿង​ឃាត់​ខ្លួន​ស្ត្រី​បុរីកីឡា ២​នាក់ ដោយសារ​តែ​ធ្វើ​យុទ្ធនាការ​នេះ​វិញ លោកស្រី សរ ស៊ន ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា សមត្ថកិច្ច​ធ្វើ​កំណត់​ហេតុ​ដោយ​សួរ​ទាក់ទង​នឹង​សកម្មភាព​ដែល​ធ្វើ​កាល​ពី​ព្រឹក ដោយ​រួម​មាន​ដក​ហូត​បដា​ដែល​មាន​រូប​លោក​បណ្ឌិត កែម ឡី មន្ត្រី​សមាគម​អាដហុក ៤​រូប មន្ត្រី គ..ប ១​រូប និង​រូប​អ្នកស្រី ទេព វន្នី។ លោកស្រី​នៅ​មិន​ទាន់​ដឹង​ថា សមត្ថកិច្ច​នឹង​អាច​ឲ្យ​រូប​គាត់ និង​លោកស្រី ណាត់ ស្រីណាក់ វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​យ៉ាង​ណា​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​លទ្ធផល​ពី​ព្រះរាជអាជ្ញា​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ជា​មុន​សិន ថា​សកម្មភាព​ដែល​ពួក​គាត់​ធ្វើ ខុស​ច្បាប់​ឬ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles