លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងមន្ត្រីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី២៧ មីនា ចុះជួបសំណេះសំណាលជាមួយអ្នកគាំទ្រគណបក្ស ដើម្បីផ្សព្វផ្សាយគោលនយោបាយចំនួន ៥ចំណុចឲ្យសកម្មជននាំយកទៅឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងពេលខាងមុខ។
ការសំណេះសំណាលនេះ មានអ្នកគាំទ្រគណបក្សប្រឆាំងប្រមាណ ១ពាន់នាក់ចូលរួមនៅទីស្នាក់ការគណបក្សខេត្តបាត់ដំបង។
គោលនយោបាយទាំង ៥ចំណុចរបស់គណបក្សប្រឆាំងរួមមាន ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ គឺផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋចូលរួមបង្កើតសហគមន៍ លើកកម្ពស់ជីវភាពពលរដ្ឋ និងអភិវឌ្ឍន៍ ដូចជាផ្ដល់យោបល់អំពីការខ្ចីលុយជូនពលរដ្ឋ និងរកទីផ្សារកសិផល ផ្តល់សេវាសាធារណៈ គឺផ្ដល់លិខិតស្នាមផ្សេងៗដោយមិនរើសអើង ពង្រឹងសន្តិសុខ គឺពង្រឹងប្រសិទ្ធភាព និងលើកកម្ពស់ការងារនគរបាល ព្រមទាំងគោលនយោបាយវិមជ្ឈការ គឺទម្លាក់ថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិកទៅឲ្យឃុំ-សង្កាត់នីមួយៗទូទាំងប្រទេស។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជំរុញឲ្យសកម្មជននៅតាមមូលដ្ឋាន ត្រូវនាំគោលនយោបាយទាំងអស់នេះទៅពន្យល់ប្រជាពលរដ្ឋនៅពេលឃោសនារកសំឡេងឆ្នោតនៅពេលខាងមុខ។ លោក កឹម សុខា សង្កត់ធ្ងន់ថា សកម្មជនគណបក្សសង្គ្រោះជាតិ រូបណាដែលជាប់ឆ្នោតធ្វើជាមេឃុំ ចៅសង្កាត់ហើយ តែក្បត់ឆន្ទៈពលរដ្ឋ និងប្រព្រឹត្តអំពើពុករលួយ នឹងត្រូវដូរដាក់អ្នកផ្សេងជំនួសភ្លាម៖ «មិនមែនមេឃុំបម្រើបក្សទេ មេឃុំអាចធ្វើការឲ្យបក្សបាន មិនមែនតួនាទីរបស់ខ្លួនឯងនៅសាលាឃុំ ទៅធ្វើការឲ្យបក្សរើសអើងបក្សទេ។ យើងបម្រើបក្សយើងបាន ព្រោះយើងកើតចេញពីបក្ស បក្សណាក៏អ៊ីចឹងដែរ ប៉ុន្តែកុំយកតួនាទីឃុំរបស់យើងយកទៅបម្រើបក្ស។ យើងធ្វើនៅខាងក្រៅ យើងបម្រើចុះ ប៉ុន្តែម៉ោងធ្វើការតួនាទីជាមេឃុំ គឺអត់រើសអើងបក្សពួកជាដាច់ខាត។ នេះហើយដែលយើងត្រូវសន្យា»។
ថ្នាក់ដឹកនាំគណបក្សប្រឆាំង នឹងធ្វើយុទ្ធនាការចុះជួបសកម្មជនគណបក្សនៅខេត្តផ្សេងៗទូទាំងប្រទេស។ ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕