Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ថៃ​ត្រៀម​ប្ដឹង​ថៅកែ​រោងចក្រ​ទឹកកក​មួយ​ករណី​បង្ខំ​កម្មករ​ខ្មែរ​ឲ្យ​ធ្វើការ​លើស​ម៉ោង

$
0
0

អាជ្ញាធរ និង​អង្គការ នៅ​ប្រទេស​ថៃ​កំពុង​ប្រមូល​ព័ត៌មាន ដើម្បី​ប្ដឹង​ថៅកែ​រោងចក្រ​ទឹក​កក​ថៃ​មួយ​កន្លែង អំពី​ការ​បង្ខំ​កម្មករ​ខ្មែរ​ឲ្យ​ធ្វើការ​លើស​ម៉ោង និង​បង្ខាំង​កម្មករ​មិន​ឲ្យ​ដើរហើរ។ កម្មករ​ទាំង​នេះ ឋិត​នៅ​ក្រោម​អាជ្ញាធរ​ថៃ​នៅ​ឡើយ។

កម្មករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ចំនួន ១៣​នាក់ និង​កម្មករ​ឡាវ ៦​នាក់ ដែល​ត្រូវ​បាន​ប៉ូលិស និង​អង្គការ​ការពារ​សិទ្ធិ​ការងារ រំដោះ​ចេញ​ពី​រោងចក្រ​ទឹក​កក​បាងស៊ីមឿង ខេត្ត​នន់ថៈប៊ុរី នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ កំពុង​ឋិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អភិវឌ្ឍន៍​សង្គម និង​សន្តិសុខ​មនុស្ស (Social Development and Human Security)

កម្មករ​ទាំង​នេះ បាន​​អះអាង​ប្រាប់​ក្រុម​អ្នក​សង្គ្រោះ​ថា ថៅកែ​បាន​បង្ខំ​កម្មករ​ឲ្យ​ធ្វើការ​ពី ១២ ទៅ ១៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​មួយ​ខែ សម្រាក​បាន​មួយ​ថ្ងៃ​ដោយ​គ្មាន​ប្រាក់ឈ្នួល។ ប៉ុន្តែ​កម្មករ​ទាំង​នេះ​មិន​ឲ្យ​ចេញ​ក្រៅ​បាន​ទេ។ ការ​រំដោះ​កម្មករ​ទាំង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កម្មករ​ម្នាក់​លួច​ចេញ​រួច ហើយ​ទៅ​រាយការណ៍​ដល់​ប៉ូលិស។

កម្មករ​ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ​នេះ បាន​ជ្រើសរើស​កម្មករ​ខ្មែរ​ម្នាក់​ឲ្យ​ត្រួតត្រា និង​ប្រើ​ដាវ​គំរាម​កំហែង​កម្មករ​ដទៃ​ទៀត​ឲ្យ​ខំ​ធ្វើការ។ កម្មករ​ដែល​ជា​អ្នក​ត្រួតត្រា​កម្មករ​នោះ​សារភាព​ថា ខ្លួន​ពិត​ជា​ត្រួតត្រា​លើ​កម្មករ​ទាំង​នោះ​មែន ប៉ុន្តែ​ដាវ​នោះ​ទុក​ការពារ​ខ្លួន៖ «ខ្ញុំ​កាន់​បែប​នេះ ហើយ​អើត​មើល​តាម​រន្ធ​ទ្វារ ថា​តើ​ពួក​គេ​ដេក​ហើយ​ឬ​នៅ? គេ​កំពុង​ធ្វើ​អី? គេ​លេង​បៀ​ឬ​ធ្វើ​អី? ខ្ញុំ​ដើរ​មើល​ពីរ​ជុំ​អី

ក្នុង​ពេល​អាជ្ញាធរ និង​អង្គការ​សង្គ្រោះ​ចុះ​ជួយ​រំដោះ​កម្មករ​ទាំង​នេះ អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ផ្នែក​ភាសា​ឡាវ ដែល​បាន​ចុះ​យក​ព័ត៌មាន បាន​ឃើញ កម្មករ​ត្រូវ​គេ​ដាក់​ក្នុង​អាគារ​រោងចក្រ ដោយ​ចាក់សោ​ទ្វារ​ដែក​រឹង​មាំ និង​មាន​កាមេរ៉ា​សុវត្ថិភាព​ដាក់​ត្រួត​ពិនិត្យ​នៅ​ច្រក​ទ្វារ​ចេញចូល​ផង។ មាន​ដាវ​ស​មួយ​ដើម ដែល​កម្មករ​អះអាង​ថា គេ​ប្រើ​ទុក​គំរាម​ពួក​គាត់។

តាម​ការ​សម្ភាស​នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ទប់ស្កាត់​ការ​ជួញដូរ​ពលកម្ម​មនុស្ស នៃ​នាយកដ្ឋាន​ការពារ​ពលកម្ម និង​សង្គមកិច្ច (Prevention of Human Trafficking on Labour Operation Center, Department of Labour Protection and Welfare) កម្មករ​ទាំង​នេះ​ប្រាប់​ថា ពួក​គាត់​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ តាម​រយៈ​មេខ្យល់ ដោយ​មិន​មាន​លិខិត​ស្នាម​អ្វី​ទាំង​អស់។ ពួកគេ​បាន​បង់​ប្រាក់​ម្នាក់ ២.៥០០​បាត ទៅ​មេខ្យល់​ដែល​នាំ​ទៅ​ធ្វើការ​នៅ​ទី​នោះ។ ថៅកែ​ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ទាំង​នេះ​ពី ២០០ ទៅ ៣០០​បាត​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​ថៅកែ​បាន​កាត់​ប្រាក់ឈ្នួល​របស់​ពួក​គេ ដោយ​ប្រាប់​ថា យក​ទៅ​ធ្វើ​លិខិត​ឆ្លងដែន និង​ប័ណ្ណ​ធ្វើ​ការងារ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គាត់​មិន​ដែល​បាន​ទទួល​ប័ណ្ណ​ធ្វើការ​នេះ​ទេ។

អាស៊ី​សេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​លោក ជុំ សន្ទរី ដើម្បី​បញ្ជាក់​ពី​ចំណាត់​ការ​លើ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ដោយសារ​លោក​ជាប់​ប្រជុំ។

របាយការណ៍​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញ​ថា មាន​កម្មករ​ខ្មែរ​ប្រមាណ ១​លាន ២​សែន​នាក់ ធ្វើការ​នៅ​ប្រទេស​ថៃ។ កម្មករ​ខ្លះ​កំពុង​ធ្វើការ​ខុស​ច្បាប់ ក្នុង​វិស័យ​ផ្សេងៗ ដែល​ប្រឈម​នឹង​ហានិភ័យ​ដូច​ករណី​កម្មករ​រោងចក្រ​ទឹកកក​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles