Clik here to view.

គ្រូបង្រៀនដែលជាមន្ត្រីគណបក្សសង្គ្រោះជាតិនៅស្រុកសង្កែ ខេត្តបាត់ដំបងម្នាក់ បានប្រតិកម្មទៅក្រសួងអប់រំយុវជន និងកីឡា ដែលបានលុបឈ្មោះរូបគាត់ចេញពីក្របខ័ណ្ឌរដ្ឋថា ជាការធ្វើឡើងដោយអយុត្តិធម៌។ គ្រូបង្រៀនរូបនេះអះអាងថា ការលុបឈ្មោះនេះ គឺដោយសាររូបលោកជាមន្ត្រីស្មោះស្ម័គ្ររបស់គណបក្សប្រឆាំង ដែលមិនព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
គ្រូបង្រៀនគាំទ្រគណបក្សប្រឆាំងនៅស្រុកសង្កែ ហៅការលុបឈ្មោះរបស់ខ្លួនចេញពីក្របខ័ណ្ឌដោយក្រសួងអប់រំនេះថា ជាការដាក់សម្ពាធធ្ងន់ធ្ងរ មកលើមន្ត្រីរាជការដែលមាននិន្នាការទៅរកគណបក្សប្រឆាំង និងការអើសអើងផ្នែកនយោបាយ។
សមាជិកក្រុមប្រឹក្សាស្រុកសង្កែ គណបក្សសង្គ្រោះជាតិ លោក ខែម ស៊ីថា ឲ្យដឹងនៅថ្ងៃទី២១ កុម្ភៈ ថា បន្ទាប់ពីលោកបញ្ចប់ការងារជាសមាជិកក្រុមប្រឹក្សាស្រុកមក គឺលោកបានដាក់ពាក្យចូលបម្រើការជាគ្រូបង្រៀនវិញ ហើយក៏បានបង្រៀនសិស្សជាបន្តបន្ទាប់រហូតមកដែរ។ គ្រូបង្រៀនរូបនេះបន្ថែមទៀតថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី១៩ កុម្ភៈ នៅពេលដែលនាយកសាលារបស់លោកយកសេចក្ដីប្រកាសរបស់ក្រសួងអប់រំមកបង្ហាញ ទើបដឹងថាខាងក្រសួងបានលុបឈ្មោះលោកចេញពីក្របខ័ណ្ឌរដ្ឋហើយ។ លោកហៅការលុបឈ្មោះនេះថា ជាការរើសអើងនិន្នាការនយោបាយមកលើរូបលោក៖ «ខ្ញុំគិតថារឿងនេះវាមិនមែនជារឿងមួយលុបឈ្មោះដោយគ្មានគម្រោងនោះទេ ខ្ញុំគិតថាការធ្វើទុក្ខបុកម្នេញមកលើខ្ញុំ ហើយធ្វើឲ្យខូចអនាគតខ្ញុំ ដែលបានខំតស៊ូជាគ្រូបង្រៀនមកជាង២០ឆ្នាំហើយនោះ។ ខ្ញុំមិនអាចទទួលយកបានទេ ដែលក្រសួងអប់រំដាក់កំហុសមកលើខ្ញុំថាអវត្តមានដោយគ្មានច្បាប់ ព្រោះទំនងដោយសារក្រសួងយោងទៅលើសាលក្រមរំលាយគណបក្សតែម្ដង»។
ក្នុងលិខិតចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ របស់រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានលុបឈ្មោះលោក ខែម ស៊ីថា ចេញពីក្របខ័ណ្ឌក្រសួងអប់រំ ចាប់ពីថ្ងៃទី១ មករា តទៅ ដោយផ្ដល់ហេតុផលថា ការបញ្ឈប់នេះ ដោយសារសាមីជនអវត្តមានគ្មានច្បាប់អនុញ្ញាត។ ប៉ុន្តែលោក ខែម ស៊ីថា អះអាងថា លោកពុំបានធ្វើខុសដូចការចោទប្រកាន់របស់ក្រសួងអប់រំនោះឡើយ។
ប្រធានការិយាល័យអប់រំស្រុកសង្កែ លោក ស៊ីវ សុខវណ្ណា មានប្រសាសន៍ថា ការលុបឈ្មោះគ្រូបង្រៀនចេញពីក្របខ័ណ្ឌរដ្ឋនេះ គឺជាការសម្រេចរបស់ក្រសួងអប់រំ ដោយពុំមានពាក់ព័ន្ធនឹងមន្ត្រីថ្នាក់ក្រោមនោះឡើយ៖ «ខ្ញុំអត់ដឹងដែរប៉ុន្តែក្រសួងចេញប្រកាសលុបឈ្មោះមក ក៏បានផ្ញើទៅសាមីជន ហើយសាមីជននេះពីមុនមកឈ្មោះគាត់ជាសមាជិកក្រុមប្រឹក្សា ដោយគាត់ស្ថិតនៅក្របខ័ណ្ឌដើម តែគាត់ចូលជាសមាជិកក្រុមប្រឹក្សាស្រុក។ ព្រោះការងារនេះក្រសួងលុបឈ្មោះពីលើមកមិនមែនខាងក្រោមរាយការណ៍គឺគ្មានទេ ព្រោះអីខ្ញុំមិនដឹងថាគេលុបឈ្មោះផង ខ្ញុំទើបតែឃើញធ្លាក់មកទេ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី លើកឡើងថា មន្ត្រីគ្រូបង្រៀនដែលមាននិន្នាការទៅគណបក្សប្រឆាំងកន្លងមក គឺតែងរងការធ្វើទុក្ខបុកម្នេញពីក្រសួងអប់រំ ហើយត្រូវបានក្រសួងមួយនេះបញ្ឈប់ការងារជាហូរហែ។ អ្នកស្រីចាត់ទុកការធ្វើទុក្ខបុកម្នេញមកលើក្រុមគ្រូបង្រៀននេះ ថាជាការរើសអើងនយោបាយដោយខុសច្បាប់៖ «ការលុបឈ្មោះនេះគឺអយុត្តិធម៌ណាស់ចំពោះគ្រូបង្រៀនយើង ដោយសារតែបញ្ឈប់គាត់គឺអត់មាននីតិវិធីកោះហៅ ឬធ្វើលិខិតមួយមកសួរនាំ ឬពិន័យគាត់ថា ខុសអ្វី ក៏ប៉ុន្តែនេះបញ្ឈប់ឆៅៗ ដែលជារឿងនយោបាយសុទ្ធសាធ»។
គ្រូបង្រៀនដែលត្រូវបានក្រសួងអប់រំលុបឈ្មោះចេញពីក្របខ័ណ្ឌ គិតត្រឹមថ្ងៃទី២២ កុម្ភៈ មានចំនួន៦នាក់ហើយ គឺនៅខេត្តរៀមរាប៤នាក់ ខេត្តបាត់ដំបងម្នាក់ និងអតីតសមាជិកមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)គឺលោក រ៉ុង ឈុន។
ករណីបញ្ឈប់គ្រូបង្រៀនទាំងនេះ គឺរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បញ្ជាក់ហេតុផលដូចគ្នាទៅនឹងការបញ្ឈប់គ្រូបង្រៀននៅខេត្តបាត់ដំបងដែរ។ ទាំងលោក រ៉ុង ឈុន គ្រូបង្រៀននៅខេត្តសៀមរាប និងខេត្តបាត់ដំបង បានស្នើសុំព្យួរការងារមួយរយៈដោយចូលរួមប្រឡូកនយោបាយជាមួយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែក្រោយពីគណបក្សប្រឆាំងត្រូវបានរំលាយ ពួកគេក៏បានដាក់ពាក្យត្រឡប់ចូលមកធ្វើការងារវិញ តែត្រូវបានបញ្ឈប់ពីក្របខ័ណ្ឌគ្រូបង្រៀន៕