Clik here to view.

ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានលើកដៃអនុម័តលើសំណើ នៃសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលដាក់ទោសទណ្ឌជនណាប្រមាថព្រះមហាក្សត្រ និងសេចក្ដីព្រាងច្បាប់មួយចំនួនទៀត នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ដោយគ្មានកែប្រែពាក្យពេចន៍សូម្បីតែមួយម៉ាត់។ បណ្ដាញសង្គមស៊ីវិលជាតិ និងអន្តរជាតិបានចេញសេចក្ដីថ្លែងការណ៍ចោទប្រកាន់ការអនុម័តនេះ ថា ជាការគំរាមកំហែងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន និងស្នើបដិសេធចោលនូវសេចក្ដីវិសោធនកម្មនេះទាំងស្រុង។
អង្គការសមាគមជាតិ និងអន្តរជាតិចំនួន ៦៤ស្ថាប័ន ដែលរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) នៅប្រទេសបារាំង ដែលមានបណ្ដាញអង្គការចំនួន១៨៤ អង្គការលីកាដូ កាណាដា និង អង្គការសិទ្ធិមនុស្សនៅប្រទេសថៃ ភូមា ហ្វីលីពីន ឥណ្ឌូណេស៊ី តៃវ៉ាន់ និងសិង្ហបុរី ផងនោះ សុទ្ធតែរិះគន់ថា ការអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលដាក់ទោសទណ្ឌជនណា ប្រមាថព្រះមហាក្សត្រ និងសេចក្ដីព្រាងច្បាប់មួយចំនួនទៀត ក្នុងស្ថានភាពដែលរបបលោកហ៊ុន សែន កំពុងធ្វើទុក្ខបុកម្នេញអ្នកប្រឆាំងបែបនេះ ថា ជាការបង្ហាញឲ្យឃើញនូវចេតនាបំបិទសំឡេងប្រឆាំង។ អង្គការសង្គមស៊ីវិល យល់ថា ច្បាប់នេះជាអាវុធស្របច្បាប់មួយទៀត របស់របបលោក ហ៊ុន សែន ដែលប៉ុនប៉ងបង្ក្រាបរាល់ទម្រង់ នៃការតវ៉ាដោយសន្តិវិធី លែងឲ្យមានតទៅទៀតនៅកម្ពុជា។
ព្រឹទ្ធសភាបើកកិច្ចប្រជុំពេញអង្គលើកទី១១ នៅថ្ងៃពុធនេះ ដើម្បីអនុម័តលើសំណើ នៃសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ វិសោធនកម្មក្រមព្រហ្មទណ្ឌ សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ និងសេចក្ដីព្រាងច្បាប់ យល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។ សេចក្ដីព្រាងច្បាប់ដែលដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រផងនោះ មិនបានកំណត់អោយជាក់លាក់ នូវអ្វីទៅដែលហៅថាជាការប្រមាថ ព្រះមហាក្សត្រនោះឡើយ ដែលប្រការនេះ អាចទុកឱកាសអោយស្ថាប័នអនុវត្តច្បាប់ បកស្រាយភាពចន្លោះប្រហោងនេះ បានតាមតែអំពើចិត្ត ដើម្បីផលប្រយោជន៍នយោបាយ ដល់បក្សកាន់អំណាច ឬដើម្បីប្រើប្រាស់ច្បាប់មិនច្បាស់លាស់នេះ ដាក់គំនាបលើសំឡេងប្រឆាំង។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) និងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីការលើកកម្ពស់ និងការពារសិទ្ធិបញ្ចេញមតិ លោក ដេវីត ខេ (David Kaye) ថា ច្បាប់ដាក់ទោសទណ្ឌចំពោះអ្នកប្រមាថព្រះមហាក្សត្រ និងសំណើធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញមួយចំនួនទៀត ដែលប្រើប្រាស់ពាក្យពេចន៍ក្នុងន័យទូលាយពេកបែបនេះ ធ្វើឲ្យរឹតត្បិតដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក៏ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សរសេរនៅលើប្រព័ន្ធតេឡេក្រាម របស់លោក ដោយហៅអ្នករិះគន់សេចក្ដីព្រាងច្បាប់នេះ ថា ជាជនអគតិ។ លោកនិយាយថា៖ «មិនដឹងរំលោភសិទ្ធិមនុស្សកន្លែងណាទេ បើមិនធ្វើច្បាប់ហ្នឹងទេ គឺមានតែចង់ទុកឲ្យជនអគតិ បន្តប្រមាថព្រះមហាក្សត្រតទៅទៀត ឬយ៉ាងម៉េច?»។
ប៉ុន្តែតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក សួន រីដា ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស និយាយថា អ្នកដែលប្រមាថព្រះមហាក្សត្រ គឺលោក ហ៊ុន សែន ខ្លួនឯងទៅវិញទេ។ លោកលើកឡើងថា ព្រះរាជតួនាទីមួយចំនួនរបស់ព្រះមហាក្សត្រ ដែលចែងក្នុងរដ្ឋធម្មនុញ្ញ ត្រូវបានលោក ហ៊ុន សែន ក្ដោបយកទាំងអស់ ដោយមិនអនុញ្ញាតឲ្យព្រះអង្គប្រើប្រាស់តួនាទីទាំងនេះ បានតាមច្បាប់ចែងនោះឡើយ៖ «ព្រះរាជតួនាទីបែរជាមិនបានប្រគល់ទៅព្រះមហាក្សត្រនោះទេ»។
ការលើកឡើងរបស់តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក សួន រីដា ស្របគ្នាទៅនឹងប្រសាសន៍របស់អតីតទីប្រឹក្សាព្រះបរមរតនកោដ្ឋ គឺ លោក សឺន ស៊ូប៊ែរ្តិ៍ ដែលថ្មីៗនេះ លោក សឺន ស៊ូប៊ែរ្តិ៍ បានអះអាងថា កន្លងមកអ្នកដែលប្រមាថ ព្រះអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រ គ្មាននរណាក្រៅពីលោក ហ៊ុន សែន នោះទេ៖ «តាមខ្ញុំចាំមានម្ដង មានការប្រមាថបែបនេះ»។
កាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន ធ្លាប់បានព្រមានរំលាយរបបរាជានិយមចោល បើសិនជា ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ កាលណោះ មិនព្រមឡាយព្រះហត្ថលេខា លើសន្ធិសញ្ញាបំពេញបន្ថែមថ្មី ជាមួយវៀតណាម កាលពីឆ្នាំ២០០៥៖ «បើលើកនេះពិបាកស៊ីញេ តើគួរទុករបបរាជានិយម ឬប្ដូរទៅជារបបសាធារណរដ្ឋ...»។
យ៉ាងណាក៏ដោយចុះ តំណាងរាស្ត្របក្សប្រឆាំងលោក សួន រីដា យល់ថា គ្រប់ស្ថាប័នរបស់រដ្ឋ ដែលគ្រប់គ្រងដោយរបបលោក ហ៊ុន សែន មិនហ៊ានចាប់លោក ហ៊ុន សែន យកទៅកាត់ទោសទេ បើទោះជាលោក ហ៊ុន សែន បានប្រមាថព្រះមហាក្សត្រតាំងពីមុន និងរហូតមកដល់សព្វថ្ងៃក៏ដោយ។ ប៉ុន្តែ លោកថា គណបក្សបក្សកាន់អំណាចយកច្បាប់ទាំងនេះ ដើម្បីធ្វើទុក្ខបុកម្នេញបន្ថែមទៀត លើគណបក្សប្រឆាំង និងអ្នកទាមទារសិទ្ធិសេរីភាពប៉ុណ្ណោះ៖ «...ឧបករណ៍សម្រាប់ប្រើចាក់គេ...»។
សំណើកែច្បាប់កំពូលរបស់ជាតិ ដែលផ្ដួចផ្ដើមដោយក្រុមមន្ត្រី គណបក្សប្រជាជនកម្ពុជា នៅពេលនេះ រងការរិះគន់ពីគណបក្សប្រឆាំង អ្នកច្បាប់ សង្គមស៊ីវិលជាតិ-អន្តរជាតិ និងអ្នកវិភាគនយោបាយ ថា រំលោភសិទ្ធិមនុស្ស និងយកព្រះមហាក្សត្រធ្វើជាឈ្នាន់ដើម្បីផលប្រយោជន៍របស់គណបក្សកាន់អំណាចប៉ុណ្ណោះ។
ក្រុមសង្គមស៊ីវិលអំពាវនាវ ទៅអាជ្ញាធរកម្ពុជាគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដោយបដិសេធចោលទាំងស្រុង នូវសេចក្ដីវិសោធនកម្មនេះ។ ក្រោយព្រឹទ្ធសភាអនុម័តសេចក្ដីស្នើច្បាប់នេះរួច ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នឹងឡាយព្រះហស្តលេខាដើម្បីឲ្យក្លាយជាច្បាប់៕