Clik here to view.

ក្នុងឆ្នាំ២០១៧នេះ ដែលជាឆ្នាំទី៤ នៃអាណត្តិទី៥ របស់រដ្ឋាភិបាល ក្នុងចំណោមគោលនយោបាយចំនួន ១៦ចំណុច ដែលមានសូចនាករច្បាស់លាស់ ដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា របបលោក ហ៊ុន សែន បានបរាជ័យក្នុងការសម្រេចឲ្យបានទាំងស្រុង ឬមិនអាចសម្រេចបាន នូវគោលនយោបាយដែលខ្លួនបានដាក់ចេញតាមការសន្យានេះ រហូតដល់ទៅ១០ចំណុច។
នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីការឃ្លាំមើល និងការផ្ដល់ពិន្ទុលើលទ្ធផលនៃការបំពេញ ឬអនុវត្តន៍គោលនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៥ ឆ្នាំទី៤ របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL)។
គោលនយោបាយចំនួន ៤ ដែលគណបក្សកាន់អំណាច និងរបបលោក ហ៊ុន សែន បានបរាជ័យ មិនអាចសម្រេចបាន ឬសម្រេចបានតិចតួច រួមមាន៖ គោលនយោបាយការរក្សាផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើ ការកែលម្អផ្លូវលំជនបទ៣០០ ទៅ ៤០០គីឡូម៉ែត្រក្នុង ១ឆ្នាំ ការបន្តកសាងអនុវិទ្យាល័យឲ្យបានគ្រប់ឃុំ និងការដាក់ឲ្យដំណើរការរបបប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិកក្នុងវិស័យឯកជន។ របាយការណ៍ដដែលនេះ ក៏រកឃើញដែរថា របបលោក ហ៊ុន សែន បរាជ័យមិនអាចសម្រេចបានទាំងស្រុង ឬសម្រេចបានខ្លះនូវគោលនយោបាយចំនួន ០៦ចំណុច ក្នុងនោះរួមមាន៖ គោលនយោបាយនាំអង្ករចេញឲ្យបាន ១លានតោន ការរក្សាផ្ទៃនេសាទទឹកសាប ការចុះបញ្ជីដីធ្លី ប្រជាពលរដ្ឋទទួលសេវាទឹកស្អាត ការពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិឲ្យដល់ភូមិ និងគោលដៅចំនួនទេសចរណ៍ពីក្រៅប្រទេសឆ្នាំ២០១៨។
ដោយឡែក គោលនយោបាយចំនួន ៦ចំណុច ដែលរបបលោក ហ៊ុន សែន សម្រេចបានពេញលេញរួមមាន ដូចជា៖ កំណើនសេដ្ឋកិច្ច ៧%ក្នុងមួយឆ្នាំ ការកាត់បន្ថយភាពក្រីក្រក្នុងអត្រា ១%ក្នុងមួយឆ្នាំ ការបញ្ឈប់ការផ្ដល់សម្បទានដីសេដ្ឋកិច្ច ការកសាងគោលនយោបាយជាតិស្ដីពី លំនៅឋាន ការរៀបចំគោលនយោបាយដឹកជញ្ជូនទីក្រុង និងការបង្កើតគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ។
ការផ្ដល់ពិន្ទុសម្រាប់ការវាយតម្លៃនេះ ធ្វើឡើងដោយមានប្រជាពលរដ្ឋចំនួន ២១៤នាក់ចូលរួម មកពី ១០ខេត្តក្រុង ក្នុងនោះរកឃើញថា មានតែ ១៧%ប៉ុណ្ណោះ ដែលពេញចិត្ត ខណៈពលរដ្ឋប្រមាណ ៦០% ទៀត ពេញចិត្តខ្លះ និងប្រមាណ ២២% មិនពេញចិត្តទាល់តែសោះទៅនឹងការអនុវត្តគោលនយោបាយរបស់របបលោក ហ៊ុន សែន៕