ព្រឹទ្ធសភានឹងប្រជុំវិសាមញ្ញនៅព្រឹកថ្ងៃទី២៨ កុម្ភៈ ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។
សេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅថ្ងៃទី២៧ កុម្ភៈ បញ្ជាក់ថា ការប្រជុំវិសាមញ្ញនេះ ធ្វើឡើងតាមការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោយពីសេចក្ដីស្នើកែប្រែច្បាប់នេះ បានឆ្លងកាត់ការអនុម័តពីរដ្ឋសភារួចហើយ។
កាលពីថ្ងៃទី២០ ខែកុម្ភៈ តំណាងរាស្ត្របក្សកាន់អំណាចចំនួន៦៦រូប បានលើកដៃអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដោយគ្មានការចូលរួមពីគណបក្សប្រឆាំងឡើយ ខណៈច្បាប់នេះបានរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិថា ជាច្បាប់ សំដៅរឹតបន្តឹងគណបក្សប្រឆាំង រហូតបង្ខំឲ្យលោក សម រង្ស៊ី លាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ។
សេចក្ដីស្នើកែប្រែច្បាប់បក្សនយោបាយ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសចង់ឲ្យមានការកែប្រែច្បាប់ គណបក្សនយោបាយដែលរារាំងមិនឲ្យប្រធានបក្សប្រឆាំងចូលរួមដឹកនាំការប្រកួតប្រជែង និង ឈានដល់ការរំលាយគណបក្ស បើមេបក្សមានទោស៕