Clik here to view.

សង្គមស៊ីវិលដែលឃ្លាំមើលបញ្ហាធនធានធម្មជាតិ លើកឡើងថា ដើម្បីឱ្យការងារការពារព្រៃឈើមានប្រសិទ្ធភាព និងដើម្បីកាត់បន្ថយហានិភ័យក្នុងការចុះល្បាតម្ដងៗ ប្រជាសហគមន៍ គួរពិភាក្សាគ្នាស្វែងរកយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីការពារព្រៃឈើឱ្យមានប្រសិទ្ធភាព។
តើយុទ្ធសាស្ត្រទាំងនោះមានអ្វីខ្លះ? ហើយនឹងមានឥទ្ធិពលក្នុងការចូលរួមចំណែកទប់ស្កាត់បទល្មើសព្រៃឈើបែបណាខ្លះ?
សង្គមស៊ីវិលកត់សម្គាល់ថា ស្ថានភាពបទល្មើសព្រៃឈើ ដូចជាការកាប់រានដីព្រៃ ពិសេសការរត់ពន្ធឈើចេញទៅក្រៅប្រទេស នៅតែកើតឡើងឥតឈប់ឈរ។ ចំណែកការងារអ្នកការពារព្រៃឈើកាន់តែប្រឈមនឹងអាយុជីវិត ឬការគំរាមកំហែងផ្សេងៗ នាពេលបច្ចុប្បន្ន។ ជាក់ស្ដែងការបាញ់សម្លាប់មន្ត្រីបរិស្ថាន មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ៣នាក់ នៅខេត្តមណ្ឌលគិរី ខណៈពួកគាត់ចុះចាប់ក្រុមជនល្មើសដែលជាជនជាតិវៀតណាម ចូលមកកាប់ឈើក្នុងដីខ្មែរ កាលពីខែមករា កាន់តែធ្វើឱ្យប្រជាសហគមន៍ព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេពិសេសពេលចុះល្បាតព្រៃម្តងៗ។
សង្គមស៊ីវិលយល់ថា ដើម្បីឱ្យកិច្ចការពារធនធានព្រៃឈើមានប្រសិទ្ធភាព ប្រជាសហគមន៍គប្បីប្រើប្រាស់យុទ្ធសាស្ត្រថ្មីបន្ថែមទៀត ដូចជាចងក្រងរបាយការណ៍ ឬឯកសារស្ដីពីវិនាសកម្មព្រៃឈើ ឬឈ្មោះអ្នកពាក់ព័ន្ធបញ្ជូនទៅរដ្ឋាភិបាល និងអន្តរជាតិ។ បន្ថែមពីនេះ គប្បីដាក់ពាក្យបណ្ដឹងបរិហារ ដោយប្ដឹងមន្ត្រីពាក់ព័ន្ធ អាជ្ញាធរដែនដី ពីបទបណ្ដែតបណ្ដោយឱ្យមានបទល្មើស ឬវិនាសកម្មព្រៃឈើកើតឡើងនៅតំបន់គ្រប់គ្រងរបស់ខ្លួនជាដើម។
មន្ត្រីជាន់ខ្ពស់ផ្នែកពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ប្រជាសហគមន៍អាចប្រើយុទ្ធសាស្ត្រថ្មី ដើម្បីជំរុញដល់ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ និងចាត់វិធានការចំពោះឧក្រិដ្ឋកម្មព្រៃឈើដែលកំពុងកើតឡើង។ លោកបន្តថា ពលរដ្ឋមិនគួរផ្ដោតទៅលើតែការងារចុះល្បាតតែមួយមុខប៉ុណ្ណោះទេ ត្បិតការងារនេះ អាចប្រឈមបញ្ហាផ្សេងៗ ដល់សុវត្ថិភាពផ្ទាល់ខ្លួន។ លោកថា ពួកគាត់គប្បីចូលរួមប្ដឹងអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ ដែលបណ្ដែតបណ្ដោយឱ្យមានបទល្មើសកើតឡើង ហើយនាំគ្នាតតាំងតាមផ្លូវច្បាប់ជំនួសវិញ៖ «កាលពីមុនហ្នឹងយើងមិនបានដាក់ទៅស្ថាប័នតុលាការ ដើម្បីរកខុសរកត្រូវ យើងដាក់ទៅតែស្ថាប័ននីតិប្រតិបត្តិ។ អ៊ីចឹង យើងឃើញថា គេអត់ដោះស្រាយជាដើម ប៉ុន្តែបើយើងដាក់បណ្ដឹងបរិហារហ្នឹងឱ្យបានច្រើនទៅស្ថាប័នតុលាការមួយទៀត។ តាមផ្លូវច្បាប់ ប្រជាពលរដ្ឋលោកកាន់តែយល់មិនមែនមានតែស្ថាប័ននីតិប្រតិបត្តិទេ ដែលជិះសេះលែងដៃ ប៉ុន្តែស្ថាប័នតុលាការ ក៏ជិះសេះលែងដៃដែរ ដាក់រាប់រាយរាប់ពាន់ហើយប៉ុន្តែមិនចាត់វិធានការ»។
កាលពីថ្ងៃទី៣០ មករា មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលម្នាក់ មន្ត្រីកងរាជអាវុធហត្ថម្នាក់ និងមន្ត្រីបរិស្ថានម្នាក់ ត្រូវបានជនសង្ស័យដែលជាមេប៉ុស្តិ៍អូរឡែ ឈ្មោះ ផល ពេញ និងបក្ខពួកបាញ់សម្លាប់អំឡុងពេលពួកគាត់ចុះបំពេញបេសកកម្មការពារព្រៃឈើ នៅតំបន់អភិរក្សសត្វព្រៃកែវសីមា ឋិតនៅឃុំសែនមនោរម្យ ស្រុកអូរាំង។ ក្រោយមក សមត្ថកិច្ច បានចាប់ខ្លួន លោក ផល ពេញ និងបក្ខពួក៦ នាក់ ផ្សេងទៀត ហើយតុលាការសម្រេចឃុំខ្លួនជនសង្ស័យទាំងនោះ។
បណ្ដាញស្នូលការពារព្រៃឡង់ ខេត្តកំពង់ធំ លោក សុខ ប្លោក មានប្រសាសន៍ថា ការបាញ់សម្លាប់អ្នកការពារព្រៃឈើទាំងបីនាក់នេះ ជារូបភាពគំរាមកំហែងដល់ប្រជាសហគមន៍ដែលស្រលាញ់ និងចូលរួមការពារព្រៃឈើតែម្ដង។ លោកបារម្ភចំពោះបញ្ហានេះ ពីព្រោះអ្នកការពារ និងពាក់ព័ន្ធជនល្មើសដែលចូលមកកាប់ឈើក្នុងទឹកដីកម្ពុជា គឺជាសមត្ថកិច្ច។ លោកបញ្ជាក់ថា កន្លងមក ក្រោយពេលចុះល្បាតម្ដងៗ ប្រជាសហគមន៍តែងបញ្ជូនរបាយការណ៍ និងវត្ថុតាងរបស់ខ្លួនទៅមន្ត្រីជំនាញ ប៉ុន្តែបច្ចុប្បន្នពេលចុះល្បាតតែងមានមន្ត្រីជំនាញ និងសមត្ថកិច្ចមូលដ្ឋានចូលរួម ដូចនេះវត្ថុ តាងទាំងនោះ ប្រគល់ឱ្យមន្ត្រីជំនាញតែម្ដង។
កាលពីខែឧសភា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលសម្រេចដាក់បញ្ចូលតំបន់ព្រៃឡង់ ដែលមានផ្ទៃដីជាង ៤៣ ម៉ឺនហិកតារ គ្របដណ្តប់លើខេត្តចំនួន៤ រួមមានខេត្តព្រះវិហារ ខេត្តកំពង់ធំ ស្ទឹងត្រែង និង ខេត្តក្រចេះ ចូលជាតំបន់ដែនជម្រកសត្វព្រៃ។
ទោះបីយ៉ាងណាក៏ដោយ បច្ចុប្បន្នរាល់ពេលចុះល្បាតរបស់ប្រជាសហគមន៍ព្រៃឡង់ម្តងៗ តែងប្រទះឃើញបទល្មើសជានិច្ច គឺហាក់មិនថយចុះឡើយ។
លោកប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ការដាក់ពាក្យបណ្ដឹងបរិហារនេះ គឺមានប្រសិទ្ធភាព។ កន្លងមក ខាងលោក រួមជាមួយសហគមន៍នៅតាមបណ្ដាខេត្តមួយចំនួនបានប្ដឹងអាជ្ញាធរ និងអ្នកមានអំណាចមួយចំនួនពីបទបណ្ដែតបណ្ដោយឱ្យមានករណីឈូសឆាយដីព្រៃ ឬការកាប់បំផ្លាញព្រៃឈើនៅតំបន់ដែលខ្លួនគ្រប់គ្រង គឺត្រូវបានមន្ត្រីតុលាការចាត់វិធានការ ហើយមានសំណុំរឿងខ្លះឈានរហូតដល់ការចោទប្រកាន់មន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផង៖ «យើងឃើញថា គ្រប់បណ្ដឹងទាំងអស់ យ៉ាងហោចណាស់ ត្រូវបានស្ថាប័នអយ្យការហ្នឹងកោះហៅទៅបំភ្លឺដែរ។ លោកអយ្យការនៅគ្រប់ខេត្តលោកបង្ហាញនូវជំហររបស់លោកពេញចិត្ត នឹងយុទ្ធសាស្ត្ររបស់យើងដាក់បណ្ដឹងបរិហារហ្នឹង ហើយលោកសុំឱ្យយើងធ្វើឱ្យបានច្រើន»។
លោកបញ្ជាក់ថា មានបណ្ដឹងចំនួន ១១ហើយ ដែលបានប្ដឹងអាជ្ញាធរដែនដី មន្ត្រីជំនាញ និង អ្នកមានអំណាច ចំពោះការបណ្ដែតបណ្ដោយឱ្យមានបទល្មើសក្នុងដែនគ្រប់គ្រងរបស់ពួកគេ។ បណ្ដឹងទាំងនោះ មាននៅខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងរតនគិរី ហើយលោកគ្រោងនឹងចូលរួមជាមួយសហគមន៍ ដើម្បីដាក់ពាក្យបណ្ដឹងមន្ត្រីពាក់ព័ន្ធនៅតំបន់ផ្សេងទៀត។
ក្រោយពេលរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ វិច្ឆិកា ២០១៧ សំឡេងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានគេទម្លាយ អំពីគម្រោងរំលាយគណបក្សប្រឆាំង និងជំហានយកឈ្នះរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃអនាគត។ ក្នុងខ្សែអាត់សំឡេងនោះ លោក ហ៊ុន សែន ទទួលស្គាល់ថា ភាពអសកម្ម គឺជាមូលហេតុបណ្ដាលឱ្យមានបទល្មើសព្រៃឈើកើតឡើង និងធ្វើឱ្យពលរដ្ឋមិនពេញចិត្ត៖ «ស្ថាប័នទាំងអស់ យើងកាន់កាប់ទាំងអស់ ដូច្នេះយើងត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះកិច្ចការទាំងឡាយដែលយើងត្រូវធ្វើជាមួយប្រជាជន។ ត្រូវសម្រេចឱ្យខាងតែបាននូវបោសសម្អាត ជាមួយទង្វើអសកម្ម ដែលមានរយៈពេលកន្លងទៅ ដូចជាបញ្ហាការបំផ្លាញព្រៃឈើ អំពើពុករលួយ ឬ ក៏កុងត្រូលជជុះ និងបាតុភាពផ្សេងទៀតដែលធ្វើឱ្យប្រជាជនមិនសប្បាយចិត្ត»។
របាយការណ៍របស់ក្រសួងកសិកម្ម ឆ្នាំ២០១៧ បានកំណត់ទិសដៅបន្តចំពោះការងារការពារ និងស្តាឡើងវិញនូវគម្របព្រៃឈើនៅប្រទេសកម្ពុជា។ ជាផែនការបន្តទៀត ក្រសួងប្ដេជ្ញាថា ត្រូវបង្កើនកិច្ចសហការល្អជាមួយក្រសួង ស្ថាប័ន សមត្ថកិច្ចជំនាញ ប្រជាសហគមន៍ និងភាគីពាក់ព័ន្ធ ពិសេសអ្នកសារព័ត៌មាន រួមទាំងព្រះរាជអាជ្ញាឱ្យជួយគាំទ្រដល់ការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ ជាងនេះទៀតត្រូវពង្រឹងកិច្ចសហការជាប្រចាំជាមួយអាជ្ញាធរដែនដី ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើជាដើម។
Image may be NSFW.
Clik here to view.
ទោះបីជាមានការប្ដេជ្ញាចិត្តយ៉ាងនេះក្តី ប៉ុន្តែបទល្មើសព្រៃឈើនៅតែកើតមានឥតឈប់ឈរ ហើយមន្ត្រីអសកម្ម ដែលបណ្ដែតបណ្ដោយឱ្យមានវិនាសកម្មព្រៃឈើ មកទល់ពេលនេះ នៅមិនទាន់មានការផ្ដន្ទាទោសចំពោះមន្ត្រីណាម្នាក់តាមច្បាប់នៅឡើយទេ។ ចំណែកជនល្មើសដែលរកស៊ីឈើ មានងារជាឧកញ៉ា មន្ត្រីកងកម្លាំងប្រដាប់អាវុធ និងអ្នកមានសែស្រឡាយធំៗ នៅតែអាចរួចផុតពីសំណាញ់ច្បាប់ដដែល។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញការពារព្រៃឡង់ លោក សេង សុខហេង កត់សម្គាល់ថាការបាញ់សម្លាប់មន្ត្រីបរិស្ថាន មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលកាលពីខែមករា គឺ ពិតជាធ្វើឱ្យប្រជាសហគមន៍ការពារព្រៃឈើព្រួយបារម្ភប្រាកដមែន។ លោកបន្តថា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្សេងៗ និងដើម្បីឱ្យការងារថែរក្សាព្រៃឈើមានប្រសិទ្ធភាព ខាងលោកមានគម្រោងមួយចំនួនដូចជា ត្រូវចុះល្បាតព្រៃដោយប្រុងប្រយ័ត្នខ្ពស់ និងក្រុមធំៗ ដើម្បីងាយស្រួលការពារសុវត្ថិភាពឱ្យគ្នាទៅវិញទៅមក។ បន្ថែមពីនេះ គឺប្រើយន្តការដាក់ពាក្យបណ្ដឹងទៅតុលាការ និងស្ថាប័នជាតិធំៗតែម្ដង៖ «ពង្រឹងសមត្ថកិច្ចបែបធ្វើការចរចា ឬទប់ស្កាត់បទល្មើសបែបសន្តិភាពឬ បែបអហិង្សាសកម្ម ដោយយើងយកជំនាញចរចា ឬជំនាញបែបអហិង្សាសកម្មបញ្ជ្រាបក្នុងការងារប្រចាំថ្ងៃរបស់ពួកគាត់។ ហើយចំណុចទីពីរ យើងនឹងប្រមូលវត្ថុតាង ឱ្យបានជាក់លាក់ ហើយយើងប្រើលិខិតស្នាមជាផ្លូវការ តាមរយៈការដាក់ពាក្យបណ្ដឹង ឬរបាយការណ៍ជាក់ស្ដែងទៅតាមអង្គភាពពាក់ព័ន្ធ»។
លោក សេង សុខហេង ឱ្យដឹងថា ខាងលោក ព្រមទាំងអង្គការដៃគូ នឹងខិតខំផ្សព្វផ្សាយឱ្យប្រជាសហគមន៍ ពិសេសដល់ក្រុមជនល្មើស អំពីសារសំខាន់នៃព្រៃឈើ និងផលប៉ះពាល់ដោយសារការបាត់បង់ព្រៃឈើ។ លើសពីនេះ លោកអំពាវនាវឱ្យពលរដ្ឋ ទាំងអស់ចូលរួមកាត់បន្ថយការប្រើប្រាស់ឈើតែម្ដង។ ជាមួយគ្នានេះ លោកស្នើសុំឱ្យរាជរដ្ឋាភិបាលបង្កើតជំនាញផ្សេងៗដល់ប្រជាសហគមន៍ ដូចជាបង្កើតតំបន់ព្រៃអភិរក្ស ទៅជាតំបន់ទេសចរណ៍បែបធម្មជាតិដើម្បីរកប្រាក់ចំណូលបន្ថែមដល់សហគមន៍ និងរកទីផ្សារលក់ផលិតផលកសិកម្មជូនពួកគាត់ ជៀសវាងការពឹងផ្អែកទៅលើព្រៃឈើ តែមួយមុខ ឬនាំគ្នាទៅស៊ីឈ្នួលចូលកាប់ឈើឱ្យក្រុមឈ្នួញ ធំៗបន្តទៀត៕