Quantcast
Viewing all articles
Browse latest Browse all 11174

ព្រឹទ្ធសភា​នឹង​ប្រជុំ​ពិនិត្យ​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ

Image may be NSFW.
Clik here to view.

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​សំណើ នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ដាក់​ទោស​ទណ្ឌ ជន​ណា​ប្រមាថ​ព្រះមហាក្សត្រ និង​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀត នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ។ ច្បាប់​នេះ ត្រូវ​អ្នកវិភាគ​នយោបាយ​រិះគន់​ថា រំលោភ​សិទ្ធិ​មនុស្ស និង​គ្មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​តំណាង​ឲ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ស្របតាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ។

ខណៈ​សំណើ​នៃ​សេចក្ដីព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដែល​ដាក់​ទោស​ទណ្ឌ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ និង​សេចក្ដីព្រាងច្បាប់​មួយ​ចំនួន​ទៀត កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា អ្នកវិភាគ​នយោបាយ​មិន​រំពឹង​ថា ស្ថាប័ន​នីតិប្បញ្ញត្តិ មួយ​នេះ​នឹង​ធ្វើ​ការ​កែ​លម្អ​ឲ្យ​ប្រសើរ​ឡើយ។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​ថា រដ្ឋសភា​សព្វថ្ងៃ​ដែល​គ្មាន​សមាជិក​បក្ស​គណបក្ស​សង្គ្រោះជាតិ​ថា ជា​សភា​មិន​ស្របច្បាប់ ដូច្នេះ​ការសម្រេច​ណាមួយ​របស់​រដ្ឋសភា​នៅ​ពេល​នេះ មិន​ស្រប​រដ្ឋធម្មនុញ្ញ និង​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ទូទាំង​ប្រទេស​ទេ។ លោក​បន្ត​ទៀត​ថា ច្បាប់​ណា​អយុត្តិធម៌​មិនមែន​ច្បាប់​ទេ៖ «គឺ​អ្នក​ហ្នឹង​មិនមែន​ជា​តំណាងរាស្ត្រ​ទេ សូម្បីតែ​ចំនួន​សមាជិកសភា​គ្រប់គ្រាន់​ក៏ដោយ ព្រោះ​ខ្លួនឯង​មិន​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ដូច្នេះ​អ្វីៗ​ដែល​ខ្លួន​ធ្វើ​ទាំង​អស់ហ្នឹង​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ទេ»

សេចក្តី​ជូនដំណឹង​របស់​ព្រឹទ្ធសភា​ចុះ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​សំណើ នៃ​សេចក្ដីព្រាងច្បាប់​ស្ដី​អំពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ សេចក្ដីព្រាងច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សាធម្មនុញ្ញ និង​សេចក្ដីព្រាងច្បាប់​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដីអំពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម។

រដ្ឋសភា​ដែល​គ្រប់គ្រង​ទាំងស្រុង ដោយ​គណបក្ស​កាន់អំណាច កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ បាន​បើក​កិច្ចប្រជុំ​ពេញ​វិសាមញ្ញ ដើម្បី​អនុម័ត​លើ​សេចក្ដីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ សេចក្ដីព្រាងច្បាប់​បន្ថែម​ទោស​លើ អ្នក​ប្រមាថ​ព្រះមហាក្សត្រ និង​សេចក្ដីព្រាងច្បាប់​មួយ​ចំនួន​ទៀត។

ក្នុងចំណោម​សេចក្ដី​ព្រាង​ច្បាប់​ទាំងនោះ សេចក្ដីព្រាងច្បាប់​ចំនួន​២ គឺ សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ និង​សេចក្ដីព្រាង​ច្បាប់​ព្រហ្មទណ្ឌ ដែល​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ប៉ុន្តែ​មិនបាន​កំណត់​អោយ​ជាក់លាក់​នូវ​អ្វី​ទៅ​ដែល​ហៅថា ការប្រមាថ ព្រះមហាក្សត្រ នោះ ដែល​ប្រការ​នេះ​អាច​ទុក​ឱកាស​អោយ​ស្ថាប័ន អនុវត្ត​ច្បាប់​បកស្រាយ ភាព​ចន្លោះប្រហោង​នេះ តាម​អំពើ​ចិត្ត​ដើម្បី ផលប្រយោជន៍​នយោបាយ ដល់​បក្ស​កាន់អំណាច ឬ​ដើម្បី​ប្រើប្រាស់ ដាក់​គំនាប​សំឡេង​ប្រឆាំង។

អតីត​ទីប្រឹក្សា​ព្រះបរមរតនកោដ្ឋ គឺ លោក សឺន ស៊ូប៊ែរ្តិ៍ មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​ការ​វិសោធនកម្ម​ច្បាប់ ដើម្បី​ដាក់ទោស​ទណ្ឌ​អ្នក​ដែល​ប្រមាថ​ប្រមុខរដ្ឋ គឺ​ព្រះមហាក្សត្រ។ ប៉ុន្តែ លោក​មើលឃើញ​ថា ច្បាប់​នេះ គួរ​បង្កើត​យូរ​ណាស់​ហើយ ព្រោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រមាថ​ព្រះ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ៖ «តាម​ខ្ញុំ​ចាំ​មាន​ម្ដង​ហ្នឹង ព្រះ​ករុណា លោក​ត្រូវ​តែងតាំង​ជា​សម្ដេច​ហើយ ដល់​មាន​ការ គេ​មិន​សប្បាយចិត្ត​គេ (លោក ហ៊ុន សែន) ថា គេ​មិនមែន​សុំ​ឲ្យ​តែងតាំង​គេ​ណា»

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) ថា ការ​កែប្រែ​ច្បាប់​ទាំងនេះ​គឺ​មាន​បំណង បិទ​សំឡេង​ក្រុម​បក្ស​ប្រឆាំង​ដែល​តែង​សុំ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដើម្បី​សម្ពាធ​ដល់​លោក ហ៊ុន សែន ឲ្យ​មាន​បញ្ឈប់​គោលបំណង​បង្កើត​រដ្ឋ​ថ្មី​ដែល​មាន​គណបក្ស​តែមួយ។

ខ្លឹមសារ​ជា​រួម​នៃ​មាត្រា​ថ្មី ដែល​វិសោធនកម្ម​ដើម្បី​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ចែងថា ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល។ ចំពោះ​នីតិបុគ្គល​ក៏​អាច​ត្រូវ​បាន​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ ថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles