Clik here to view.

ភរិយានិងកូនរបស់លោកបណ្ឌិត កែម ឡី បានទៅតាំងលំនៅនៅប្រទេសអូស្ត្រាលីហើយ។ ទីបំផុត អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី ព្រមទាំងកូនប្រុសទាំងប្រាំរបស់អ្នកស្រី និងលោក បណ្ឌិត កែម ឡី បានទៅដល់ក្រុងមែលប៊ន នៃប្រទេសអូស្ត្រាលី ហើយកាលពីថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ។
លោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលី ដើមកំណើតខ្មែរ ដែលជាអ្នកជាអ្នកខ្នះខ្នែង ក្នុងការធានាគ្រួសារ លោកបណ្ឌិត កែម ឡី អោយបានទៅរស់នៅប្រទេសអូស្ត្រាលីនេះ មានប្រសាសន៍តាមទូរស័ព្ទពីទីក្រុងមែលប៊ន នៅថ្ងៃទី១៩ កុម្ភៈ មកថា លោកព្រមទាំងសហគមន៍ខ្មែរនៅអូស្ត្រាលី មានក្ដីរំភើបព្រោះរកពាក្យមកនិយាយមិនបានទេ ដែលទីបំផុតពួកគេបានស្វាគមន៍ គ្រួសារលោកបណ្ឌិត នៅលើទឹកដីមួយ ដែលអាចនឹងផ្ដល់ឱកាសអោយកូនលោកបណ្ឌិត និងភរិយារបស់លោកបណ្ឌិត អោយមានជីវិតរស់នៅបានប្រសើរជាងជីវិតរបស់លោកបណ្ឌិត។
ថ្វីដ្បិតតែសហគមន៍ខ្មែរ ក្រោមការខិតខំដុតដៃដុតជើង ពីសំណាក់លោក ហុង លីម និងសហការី បានជួយភរិយា និងកូនៗរបស់លោកបណ្ឌិត បានឆ្លងផុតរនាំងដ៏ស្មុគស្មាញមួយហើយក្ដី ជំហានបន្ទាប់ ដែលពួកគាត់នឹងត្រូវធ្វើ គឺរកខិតខំជម្រកដ៏សមរម្យសម្រាប់ គ្រួសារលោកបណ្ឌិត និងជួយទំនុកបម្រុង កូនៗលោកបណ្ឌិតអោយបានរៀនសូត្រជ្រៅជ្រះ។
Image may be NSFW.
Clik here to view.
លោក ហុង លីម មានប្រសាសន៍ថា លោកនឹងរៀបចំពិធីស្វាគមន៍ការមកដល់ក្រុងមែលប៊ននេះ របស់គ្រួសារលោកបណ្ឌិត កែម ឡី នៅថ្ងៃសៅរ៍ទី២៤ កុម្ភៈនេះ នាវត្តពុទ្ធរង្សី ហៅវត្តធំ។
អ្នកស្រី ប៊ូ រចនា និងកូន ព្រមទាំងលោក ហុង លីម ផង នឹងធ្វើជាវាគ្មិនកិត្តិយស នៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅថ្ងៃអង្គារទី២០ ស្អែកនេះ។
តើបេសកកម្មស្វែងរកសេរីភាពរបស់ពួកគាត់ ជួបប្រទះនឹងឧបសគ្គអ្វីខ្លះ? តើអ្នកស្រី ប៊ូ រចនា អាចនឹងទម្លាយរឿងអ្វីខ្លះ នៅពេលដែលអ្នកស្រី បានទៅដល់ទីតាំងដែលមានសេរីភាពនេះ? សូមរង់ចាំចូលរួមសាកសួរវាគ្មិនពិសេសយើងដោយផ្ទាល់។
លោក បណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ សាកសពរបស់លោក ត្រូវបានគេតម្កល់នៅវត្តពោធិយារាម ហៅវត្តចាស់ នារាជធានីភ្នំពេញ ហើយត្រូវបានហែក្បួនសាកសពរបស់លោក ដោយមានអ្នកចូលរួមរាប់សែននាក់យកទៅតម្កល់នៅខែត្រតាកែវ កាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៧។
បន្ទាប់ពីធ្វើបុណ្យហើយភ្លាម លោកស្រី ប៊ូ រចនា និងកូនៗទាំង៥ បានភៀសខ្លួនចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅបរទេសស្វែងរកសិទ្ធិជ្រកកោននយោបាយនៅប្រទេសទី៣ ទាំងមានផ្ទៃពោះ ដោយសារតែពួកគេតក់ស្លុត និងភ័យខ្លាចពីសុវត្ថិភាព។ ពួកគាត់រស់នៅជាជនភៀសខ្លួននៅក្រុងបាងកក ប្រទេសថៃអស់រយៈពេលជិតពីរឆ្នាំ ទម្រាំអាចមកតាំងលំនៅនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីនេះ៕