Clik here to view.

រដ្ឋាភិបាលអាល្លឺម៉ង់ សម្រេចព្យួរការផ្ដល់ទិដ្ឋាការអនុគ្រោះចំពោះការធ្វើដំណើរឯកជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សមាជិកគ្រួសារ និងមន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជា ទៅកាន់ប្រទេសរបស់ខ្លួន។ មន្ត្រីនាំពាក្យរដ្ឋាភិបាលថ្លែងថា មិនខ្វល់ចំពោះវិធានការដាក់សម្ពាធនេះឡើយ។
មន្ត្រីនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កម្ពុជាមិនយកចិត្តទុកដាក់ចំពោះវិធានការរបស់ប្រទេសអាល្លឺម៉ង់នេះទេ ព្រោះរដ្ឋាភិបាលកំពុងពង្រឹងការអនុវត្តច្បាប់ដែលលោកថា ជាកិច្ចការសំខាន់។ «»
ការផ្អាកផ្ដល់ទិដ្ឋាការអនុគ្រោះដល់ការធ្វើដំណើររបស់លោក ហ៊ុន សែន ក្រុមគ្រួសារ និងមន្ត្រីជាន់នៃរដ្ឋាភិបាលក្រុងភ្នំពេញ របស់ក្រសួងការបរទេសប្រទេសអាល្លឺម៉ង់ គឺជាវិធានការបន្ថែមមួយទៀត នៃប្រទេសក្នុងសហភាពអឺរ៉ុប ដើម្បីឆ្លើយតបចំពោះការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ចំណាត់ការនេះ ក៏ដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបរបស់រដ្ឋាភិបាលលោក ហ៊ុន សែន លើការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់លោក កឹម សុខា ដាក់ពន្ធនាគារ និងការបិទសារព័ត៌មានឯករាជ។
រដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃទី១៤ កុម្ភៈ សម្រេចព្យួរការផ្ដល់ទិដ្ឋាការអនុគ្រោះដល់ការធ្វើដំណើរឯកជនរបស់សមាជិកជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសមាជិករដ្ឋសភាអាល្លឺម៉ង់ ដឹកនាំដោយលោក ហ៊្វ្រីតចហ្វ ស្មីដ (Frithjof Schmidt) ដែលតំណាងឲ្យអ្នកនយោបាយ ១៣រូបផ្សេងទៀត មកពីគណបក្សបៃតង ដែលចោទសួរចំពោះការបំផ្លាញរបបប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
វិធានការរបស់ប្រទេសអាល្លឺម៉ង់នៅពេលនេះ គឺជាការរួមគ្នាជាមួយប្រទេសលោកសេរីមួយចំនួនទៀត ដែលដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា បង្ខំឲ្យស្ដារស្ថានការនយោបាយ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឲ្យត្រឡប់មកដូចដើមវិញ។ ឧទាហរណ៍ថ្មីៗ នេះ សហរដ្ឋអាមេរិកក៏បានហាមឃាត់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងមន្ត្រីតុលាការកម្ពុជាមួយចំនួន មិនចូលអាមេរិកដែរ៕