
សមាជិកព្រឹទ្ធសភាខាងគណបក្សពលករដែលជាគណបក្សប្រឆាំងក្នុងប្រទេសអូស្ត្រាលី ជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសមួយនេះបង្ហាញការគាំទ្រយ៉ាងខ្លាំងរបស់ខ្លួនទៅលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការគោរពសិទ្ធិមនុស្សនៅចំពោះមុខលោក ហ៊ុន សែន នៅពេលលោកមកចូលរួមកិច្ចប្រជុំកំពូលអូស្ត្រាលី-អាស៊ាន នៅខែក្រោយនេះ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយរបស់សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្ត្រីក្រសួងការបរទេសស្រមោលរបស់ប្រទេសអូស្ត្រាលី អ្នកស្រី ភែន នី វ៉ុង (Penny Wong) ដែលចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅនេះ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យ សេរីភាពសារព័ត៌មានដោះលែងលោក កឹម សុខា និងលុបចោលការរំលាយគណបក្សសង្គ្រោះជាតិ។
អ្នកស្រីក៏បានជំរុញឲ្យមានការបោះឆ្នោតនៅពេលខាងមុខធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងអនុញ្ញាតឲ្យពលរដ្ឋខ្មែរសម្ដែងឆន្ទៈក្នុងការជ្រើសរើសមេដឹកនាំរបស់ពួកគេដោយសំឡេងស្របច្បាប់ ឬដោយគ្មានការភ័យខ្លាច៕