Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ប្រជា​នេសាទ​​ខេត្ត​បាត់ដំបង​ចោទ​សមត្ថកិច្ច​ថា​ទប់ស្កាត់​បទល្មើស​នេសាទ​​លើ​តែ​ពលរដ្ឋ​ក្រីក្រ

$
0
0

ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប ក្នុងស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​មន្ត្រី​ជលផល​ថា គ្មាន​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ប៉ុន្តែ​បែរ​ជា​មក​រឹត​បន្តឹង ចំពោះតែ​អ្នកធ្វើ​នេសាទ​តូចតាច​ដែល​មាន​ជីវភាព​ក្រីក្រ ហើយ​បណ្ដោយ​ឲ្យ​អ្នក​មាន​លុយកាក់​ធ្វើ​នេសាទ​បាន​ដោយ​សេរី។ ការ​ចោទប្រកាន់​នេះ​បន្ទាប់ពី​អ្នកភូមិ​ប្រទះឃើញ​ការ​ធ្វើ​នេសាទ​ខុសច្បាប់​កើតឡើង​ពេញបន្ទុក​នៅ​តំបន់​បឹង​ទន្លេសាប ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​នៅឡើយ។

ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​ស្រុក​ឯកភ្នំ ទទូច​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទៅលើ​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​ឲ្យ​បាន​ស្មើភាព​គ្នា​ទាំង​ពលរដ្ឋ​ក្រីក្រ និង​អ្នកមាន​ទ្រព្យធន។

ពលរដ្ឋ​នៅ​ភូមិ​ក្បាលតោល ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ លោក អ៊ន អឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ថា ក្រុម​អ្នកមាន​លុយកាក់ ជាច្រើន​នាក់ បាន​ប្រើ​ឧបករណ៍​មង​ក្រឡា​ញឹក រាប់ពាន់​ម៉ែត្រ​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ភូមិ​ក្បាលតោល បាន​ដោយ​សេរី ចំណែក​ឯ​ប្រជាពលរដ្ឋ​ក្រីក្រ​មិន​អាច​នេសាទ​នៅ​តំបន់​នោះ​បាន​ឡើយ៖ «ប្រជាពលរដ្ឋ​សព្វថ្ងៃ​នេះ​កំពុងតែ​ជ្រួលច្របល់​រឿង​ជីវភាព​ទន់ខ្សោយ ព្រោះ​មុខរបរ​គ្នា​តូចតាច​ធ្វើ​អី​អត់​បាន ដូច្នេះ​ពួក​ខ្ញុំ​ខ្វាយខ្វល់​មិន​ដឹង​ទៅ​ឲ្យ​អ្នកណា​ជួយ​ដោះស្រាយ​បានទេ។ ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​លោក​ជួយ​ធ្វើ​យ៉ាងណា​ឲ្យ​ពួក​ខ្ញុំ​បាន​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដោះស្រាយ​ជីវភាព​ផង»

លោក​បន្ថែម​ទៀត​ថា បើ​ទោះ​បី​ជា​ថ្មីៗ​នេះ មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះទៅ​បង្ក្រាប​ការ​ធ្វើ​នេសាទ​ខុសច្បាប់​ក៏ដោយ ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​ជលផល​ចាត់វិធានការ​ចំពោះតែ​ពលរដ្ឋ​ក្រីក្រ​ប៉ុណ្ណោះ ចំណែក​អ្នកមាន​លុយកាក់​បន្ត​ធ្វើ​សកម្មភាព​បាន​ដដែល។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​បាត់ដំបង​លោក ជួង សុភា មិន​ទាន់​អាច​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ ដោយ​លោក​ប្រាប់​ថា​ជាប់រវល់។

ប៉ុន្តែ​មេឃុំ​កោះជីវាំង លោក ពុំ ចិន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ចាត់វិធានការ​ទប់ស្កាត់​ការ​ធ្វើ​នេសាទ​ខុសច្បាប់​ដោយ​ស្មើភាព​គ្នា ទាំង​អ្នកមាន​លុយ និង​ប្រជាពលរដ្ឋ​ក្រីក្រ៖ «អ្នកក្រ​ក៏​លួច​ធ្វើ​នេសាទ​បាន ហើយ​អ្នកមាន​ក៏​លួច​ធ្វើ​នេសាទ​បាន​ដូចគ្នា​ទេ មិនមែន​ធ្វើ​នេសាទ​បានតែ​អ្នកមាន​លុយ​ឯណា»

ទោះជា​យ៉ាង​នេះ​តំណាង​អ្នកនេសាទ​ខេត្ត​បាត់ដំបង​លោក ហ៊ុត ហាន លើកឡើង​ថា ការ​ប្រើ​ឧបករណ៍​មង​ក្រឡា​ញឹក នេសាទ​ខុសច្បាប់​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង ភាគច្រើន​គឺ​អ្នកមាន​លុយកាក់ ហើយ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ធ្វើ​ឲ្យ​ពួកគាត់​មិន​អាច​ធ្វើការ​នេសាទ​ដើម្បី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​នោះ​ទេ៖ «បាទ​ការពិត​និយាយ​ឲ្យ​ច្បាស់​ទៅ​មិនមែន​អាជ្ញាធរ​ទេ​រឿង​នេះ គឺ​សមត្ថកិច្ច​ជំនាញ​តែម្ដង គឺ​មាន​ទាំង​ប៉ូលិស ទាហាន មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រី​ជលផល​តែម្ដង ហើយ​ជាពិសេស​នៅ​ភូមិ​ក្បាលតោល ដែល​គេ​ធ្វើ​នេសាទ​នៅ​តំបន់​អភិរក្ស​គឺ​សមត្ថកិច្ច​មិន​ទប់ស្កាត់​អី​បាន​ផង ហើយ​កន្លែង​ដែល​យើង​បាន​ដាក់​សំណើ​ទៅ​មន្ត្រី​ថ្នាក់​ជាតិ​ហើយ​នឹង ក៏​មាន​ការ​នេសាទ​ខុសច្បាប់​ដែរ»

លោក ហ៊ុត ហាន កត់សំគាល់​ទៀត​ថា បញ្ហា​នេះ​ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពុំ​មាន​វិធានការ​ទប់ស្កាត់​ការ​ធ្វើ​នេសាទ​ខុសច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ទេ គឺ​មិន​យូរ​ឡើយ​ត្រី​នៅ​តំបន់​បឹង​ទន្លេសាប នឹង​ហិនហោច​អស់​ជា​ពុំ​ខាន ហើយ​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​តំបន់​នោះ នឹង​ធ្វើ​ចំណាកស្រុក​ទៅ​ស្វែងរក​ការងារ​នៅ​ប្រទេស​ថៃ​កាន់​តែ​ច្រើន។

នៅ​តំបន់​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង មាន​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​ហើយ​ភាគច្រើន​ប្រកប​របរ​នេសាទ​គឺ​ពួកគាត់​ពឹងផ្អែក​ទាំងស្រុង ទៅលើ​របរ​នេសាទ​ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles