Clik here to view.

ពលរដ្ឋរងគ្រោះដោយអំពើឆបោកលុយ គ្រោងលើកគ្នាមកតវ៉ាស្នើសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ជុំវិញរឿងក្រុមហ៊ុនអែមផាយអ៊ើ ប៊ីក ខាភីថល (Empire Big Capital Limited) ហៅកាត់ថា ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC) បោកប្រាស់លុយពួកគាត់អស់ម្នាក់ៗរាប់ពាន់រាប់ម៉ឺនដុល្លារ។
អ្នកជំនាញអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យជួយដោះស្រាយបញ្ហានេះ ជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព ដើម្បីកុំឱ្យពួកគាត់ត្រូវជំពាក់បំណុលគេវ័ណ្ឌក តាមរយៈការវិនិយោគក្លែងក្លាយមួយនេះ។
គម្រោងលើកគ្នាទៅស្នើសុំអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីក្រុមពលរដ្ឋបានរង់ចាំដំណោះស្រាយ និងវិធានការណ៍ជាក់លាក់របស់ស្ថាប័នពាក់ព័ន្ធនានា មានដូចជា រដ្ឋសភា ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងតុលាការ ទៅលើក្រុមហ៊ុនEBC អស់រយៈពេលជាច្រើនខែមកហើយ ក៏ប៉ុន្តែមិនទាន់ឃើញមានលទ្ធផលជាដុំកំភួនអ្វីពីស្ថាប័នទាំងនោះឡើយ។
ពលរដ្ឋរងគ្រោះមួយរូប គឺលោក រ័ត្ន យើង ថ្លែងប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៨ កុម្ភៈ ថា ពលរដ្ឋដែលគ្រោងនឹងឡើងមកស្នើសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី រឿងឆបោកលុយនេះ មានប្រហែលពី ៣ រយ ទៅ ៤ រយនាក់ ឬក៏អាចលើសពីនេះ អាស្រ័យទៅតាមភាពជាក់ស្ដែង ព្រោះអ្នករងគ្រោះដោយអំពើបោកប្រាស់របស់ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC) មានចំនួនរាប់ម៉ឺននាក់នៅទូទាំងប្រទេស។ លោកបន្តថា ពលរដ្ឋគ្រោងជួបជុំគ្នាលើកបដានៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី នៅក្រោមដើមពោធិ៍ មុខវត្តបទុមវតី៖ «គោលបំណងសំខាន់នោះ គឺអ្នកដែលរងគ្រោះទាំងអស់សុំជួបសម្ដេចដើម្បីឱ្យសម្ដេចជួយអន្តរាគមន៍ចំពោះក្រុមហ៊ុន (EBC) ដែលបោកប្រាស់ពលរដ្ឋ ព្រោះជនរងគ្រោះដាក់ពាក្យបណ្ដឹងទៅច្រើនកន្លែង តែមិនឃើញមានលទ្ធផលអ្វីសោះ ដល់ពេលអ៊ីចឹងមានតែផ្លូវម្យ៉ាងចុងក្រោយទេ គឺសុំជួបសម្ដេចឱ្យជួយអន្តរាគមន៍នេះហើយ»។
ក្រុមហ៊ុន EBC បានរងការចោទប្រកាន់ និងប្ដឹងផ្ដល់ពីសំណាក់ប្រជាពលរដ្ឋជាង ៧ពាន់នាក់ ជុំវិញការឆបោកលុយ ៦០លានដុល្លារអាមេរិក។
ការឆបោកនេះធ្វើឡើងតាមមធ្យោបាយទិញហ៊ុនវិនិយោគ ដែលមានតម្លៃ ២ពាន់ដុល្លារ ក្នុងមួយហ៊ុន។ ក្រុមហ៊ុនបានបញ្ចុះបញ្ចូលពលរដ្ឋថា ពួកគេនឹងផ្ដល់ភាគលាភ ១០ភាគរយក្នុងមួយខែ ហើយរយៈពេល ១៨ខែ ក្រុមហ៊ុននឹងសងប្រាក់ដើមទាំងអស់មកឲ្យអ្នកវិនិយោគវិញ ក៏ប៉ុន្តែក្រោយពេលពលរដ្ឋបានដាក់លុយហើយ ក្រុមហ៊ុនស្រាប់តែបានបិទការធ្វើបណ្ដាញទីផ្សារ និងឈប់ទទួលទុនវិនិយោគនៅពាក់កណ្ដាលឆ្នាំ២០១៥ មានន័យថាទាំងប្រាក់ដើម និងទាំងភាគលាភនោះ ប្រជាពលរដ្ឋមិនទទួលបានអ្វីទាំងអស់។
មន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ក្នុងសន្និសីទកាសែតមួយកាលពីចុងខែឧសភា ឆ្នាំ២០១៧ ថា ទឹកប្រាក់ដែលពលរដ្ឋចាញ់បោកក្នុងគម្រោងវិនិយោគក្លែងក្លាយនេះមានចំនួនប្រមាណ ៤ រយលានដុល្លារអាមេរិក ខណៈពលរដ្ឋរងគ្រោះអាចមានដល់ ៥ម៉ឺននាក់នៅទូទាំងប្រទេស។
ក្រសួងមហាផ្ទៃចាត់ទុកថា នេះជាគម្រោងបោកប្រាស់ដ៏ធំមិនធ្លាប់មាន និងបង្កជាហានិភ័យសម្រាប់សង្គម និងសេដ្ឋកិច្ច ហើយនៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចបានចាប់ខ្លួនមនុស្សពីរនាក់មកពីក្រុមហ៊ុន EBC បញ្ជូនទៅតុលាការក្រុងភ្នំពេញ ជុំវិញសំណុំរឿងបោកប្រាស់មួយនេះ។
ទោះបីជាយ៉ាងណា សំណុំរឿងនេះហាក់ដូចជាស្ងប់ស្ងាត់ បន្ទាប់ពីមានការចាប់ខ្លួនមនុស្សពីរនាក់នោះ ហេតុដូចនេះហើយទើបពលរដ្ឋគ្រោងលើកគ្នាទៅសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីវិញម្ដង ក្រែងមានដំណោះស្រាយល្អជាងនេះ។
ទាក់ទងរឿងនេះ អ្នកជំនាញខាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ បានស្នើឱ្យរដ្ឋាភិបាលអន្តរាគមន៍ដោះស្រាយឱ្យមានប្រសិទ្ធភាព ព្រោះរដ្ឋាភិបាលជាអ្នកទទួលស្គាល់សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនកាលពីដំបូង ដូច្នេះបើមានភាពមិនប្រក្រតីកើតឡើង រដ្ឋាភិបាលក៏ត្រូវទទួលខុសត្រូវចំពោះការដោះស្រាយបញ្ហានេះដែរ៖ «បើសិនជារដ្ឋាភិបាលមិនបានលូកដៃដោះស្រាយបញ្ហាបានគត់មត់ តឹងរ៉ឹងទេ គឺវានឹងជះឥទ្ធិពលដល់ជំនឿនៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល ព្រោះក្រុមហ៊ុនដែលគាត់ប្រមូលប្រាក់ដែលសន្យាថាឱ្យចំណេញ ១០ភាគរយ ក្នុងមួយខែហ្នឹង ក៏មានការដឹងលឺទទួលស្គាល់ពីរដ្ឋាភិបាលដែរ។ បន្ទាប់មកគឺបាត់ទំនុកចិត្តពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលគេដំណើរការដោយមានលក្ខណៈវិជ្ជាជីវៈសមស្រប ដូចជា ធនាគារ និងមីក្រូហិរញ្ញវត្ថុ»។
តាមការប៉ាន់ស្មាន ជនរងគ្រោះម្នាក់ត្រូវចាញ់បោកក្រុមហ៊ុនអស់ប្រាក់ជាមធ្យម ៨ពាន់ដុល្លារ។ ក្រុមពលរដ្ឋអះអាងថា ភាគច្រើននៃលុយទាំងនោះពួកគាត់បានមកពីការខ្ចីបុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីយកមកវិនិយោគជាមួយក្រុមហ៊ុន ក្នុងក្ដីស្រមៃថា នឹងជួយឲ្យជីវភាពរបស់គាត់មានភាពប្រសើរឡើង តែផ្ទុយទៅវិញ ការវិនិយោគបែបនេះបែរជាធ្វើឲ្យគាត់បាត់បង់ទ្រព្យសម្បត្តិ ដីធ្លី និងផ្ទះសម្បែង ព្រមទាំងជំពាក់បំណុលគេវ័ណ្ឌកទៅវិញ៕