
ក្រសួងទេសចរណ៍បានឱ្យដឹងថា វិស័យទេសចរណ៍នៅកម្ពុជា អាចរកចំណូលបានជាង ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ដែលកើនឡើងជាង ១៣% ហើយភ្ញៀវទេសចរដែលមកកាន់កម្ពុជា បានចំណាយលុយជាង ៥លានដុល្លារសហរដ្ឋអាមេរិក ឬស្មើនឹងជិត ១២% ច្រើនជាងឆ្នាំ២០១៦ កន្លងទៅ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ឲ្យដឹងថា ចំនួនភ្ញៀវទេសចរ និងប្រាក់ដែលកើនឡើងនេះ ភាគច្រើនមកពីប្រទេសចិន។ ចំនួនភ្ញៀវទេសចរចិន មកកម្ពុជា ស្ថិតនៅលេខរៀងទី១ ហើយទី២ គឺភ្ញៀវទេសចរវៀតណាម ហើយបន្ទាប់មកគឺឡាវ ថៃ និងកូរ៉េខាងត្បូង។
កាសែត ឌឹ ខ្មែរ ថែមស៍ (Khmer Times) កាលពីថ្ងៃពុធ ទី១៤ ខែកុម្ភៈ បានដកស្រង់សម្ដីប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍ លោក គង់ សុភារៈ មកចុះផ្សាយថា ចំនួនភ្ញៀវទេសចរចិន នៅកម្ពុជា កើនឡើងដោយសារប្រទេសទាំងពីរបានសម្រួលដល់ការធ្វើដំណើរតាមជើងហោះហើរ។ លោកឱ្យដឹងថា កម្ពុជារំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិយ៉ាងហោចណាស់ ៦លាននាក់នៅឆ្នាំ២០១៨ ហើយ ៧លាននាក់ នៅឆ្នាំ២០២០ និង ១០លាននាក់នៅត្រឹមឆ្នាំ២០២៥។
ឯកអគ្គរដ្ឋទូតចិន លោក ស៊ី យុងបូ (Xiong Bo) និយាយក្នុងសន្និសីទសារព័ត៌មានមួយនៅស្ថានទូតចិន កាលពីសប្តាហ៍មុនថា ក្រសួងទេសចរណ៍របស់កម្ពុជា មានគោលនយោបាយត្រឹមត្រូវដែលនាំឱ្យមានការកើនឡើងនូវចំនួនភ្ញៀវទេសចរចិន មកកម្ពុជា។
ការកើតឡើងនៃចំនួនភ្ញៀវទេសចរពីតាមបណ្តាប្រទេសកុម្មុយនិស្ត ដូចជាប្រទេសចិន និងវៀតណាមនេះ ស្របពេលដែលកម្ពុជា បានបំផ្លាញគោលការណ៍ប្រជាធិបតេយ្យ តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង និងការធ្វើទុក្ខបុកម្នេញដល់ក្រុមអង្គការសង្គមស៊ីវិលជាដើម ហើយដែលរដ្ឋាភិបាលចិន និងវៀតណាម បានចេញមុខគាំទ្រពេញទំហឹង។
ក្រុមអ្នកឃ្លាំមើលធ្លាប់អះអាងថា ស្របពេលភ្ញៀវទេសចរចិន មានការកើនឡើង បាននាំឲ្យភ្ញៀវទេសចរមកពីតាមបណ្ដាប្រទេសលោកសេរី ដូចជាសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អង់គ្លេស និងប្រទេសបារាំង ជាដើម មានការថយចុះទៅវិញ។ កត្តាដែលនាំឲ្យមានការថយចុះនេះ អាចដោយសារវិបត្តិនយោបាយនៅកម្ពុជា កំពុងស្ថិតក្នុងគ្រោះមហន្តរាយដែលអាចជះឥទ្ធិពលដល់សុវត្ថិភាពរបស់អ្នកធ្វើដំណើរមកពីតាមបណ្ដាប្រទេសទាំងនោះ៕