Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល និង​ពលរដ្ឋ​ចាត់​ទុក​បទបញ្ជា​របស់​លោក ហ៊ុន សែន មាន​ឥទ្ធិពល​រយៈពេល​ខ្លី

$
0
0

មន្ត្រី​សង្គម​ស៊ីវិល យុវជន និង​ពលរដ្ឋ​ចាត់​ទុក​បញ្ជា​របស់​លោក ហ៊ុនសែន ឲ្យ​ចាត់វិធានការ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់ និង​រថយន្ត​កែច្នៃ​គ្រប់​ប្រភេទ​ថា មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ និង​ពុំ​មាន​ប្រសិទ្ធភាព​ចំពោះ រថយន្ត​ដឹក​ឈើ​លើស​ទម្ងន់​ទៅ​ប្រទេស​វៀតណាម​នោះ​ទេ។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់​រថយន្ត​កែច្នៃ និង​ដឹក​លើស​ទម្ងន់​ត្រូវ​ឃាត់ទុក ហើយ​អភិបាលខែត្រ​-​ស្រុក​/​ខណ្ឌ​នីមួយៗ ត្រូវ​ទទួលខុសត្រូវ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

ក្រុម​យុវជន និង​ពលរដ្ឋ ហាក់​ពុំ​មាន​ជំនឿ​ទាំងស្រុង​ទៅលើ​បញ្ជា​ជាថ្មី​នេះ របស់​លោក ហ៊ុន សែន ព្រោះ​ពួកគាត់​ចំណាំ​ថា បទបញ្ជា​នេះ អាជ្ញាធរ​អនុវត្ត​បានតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយសារ​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន និង​អ្នកមាន​ឥទ្ធិពល​ខ្លះ ជា​មន្ត្រី​ធំ​ៗ​ក្នុង​របប​លោក ហ៊ុន សែន ដែល​ជា​ម្ចាស់​នៃ​អាជីវកម្ម​ដឹកជញ្ជូន​នោះ បណ្ដាល​ឲ្យ​សមត្ថកិច្ច​តូចតាច​ខ្លាច​ញញើត​នឹង​រារែក​ក្នុង​ការ​អនុវត្ត​ច្បាប់។ ចំណែក​អំពើពុករលួយ​របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ ក៏​ជា​កត្តា​ចម្បង​ផ្សេង​មួយទៀត ជះឥទ្ធិពល​អាក្រក់​ដល់​សុវត្ថិភាព​ពលរដ្ឋ និង​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផង ដែល​ពួកគាត់​ចង់​ឲ្យ​លប់​បំបាត់។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណា ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤ កុម្ភៈ ថា បទបញ្ជា​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ធំ​ជាង ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា។ មន្ត្រី​មួយ​ចំនួន​មិនបាន​យកចិត្តទុកដាក់​អនុវត្ត​ខ្លឹមសារ​ច្បាប់​ដែល​មាន​ស្រាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ បែរជា​ចាំ​ស្ដាប់​តែ​បទបញ្ជា​ថ្នាក់ដឹកនាំ ទើប​អនុវត្ត​ច្បាប់ ឬ​មានន័យថា មន្ត្រី​ថ្នាក់ក្រោម យក​បទបញ្ជា​លោក ហ៊ុន សែន ធំ​ជាង​ច្បាប់។ លោក​គិត​ថា បើ​ចង់​ឲ្យ​ប្រទេសជាតិ​រីកចម្រើន ត្រូវ​យក​ច្បាប់​ជាធំ ជាង​បទបញ្ជា និង​អនុវត្ត​ច្បាប់​ដោយ​មិន​រើសមុខ។ «»

កាលពី​ថ្ងៃទី១០ កុម្ភៈ លោក ហ៊ុន សែន បាន​ចេញ​បទបញ្ជា​អនុវត្ត​ច្បាប់​លើ​រថយន្ត​ដឹក​លើស​ទម្ងន់ រថយន្ត​ត​ទ្រុង និង​កាត់ត​កែច្នៃ​ទាំងអស់។ លោក​ជំរុញ​ឲ្យ​អភិបាលខែត្រ ស្រុក​/​ខណ្ឌ​ត្រូវ​ទទួលខុសត្រូវ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន បើ​មិន​ចាត់វិធានការ​ទេ នឹង​ប្រឈម​ដក​តំណែង។ «»

ជនជាតិ​ដើម​ភាគតិច រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង​ថ្លែង ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ អង្កេត​ឃើញ​ថា ផ្លូវជាតិ​មួយ​ចំនួន​ពី​ខែត្រ​ស្ទឹងត្រែង​ទៅ​ខែត្រ​ក្រចេះ និង​ពី​ស្ទឹងត្រែង​ទៅ​ប្រទេស​ឡាវ ខូច​ទាំងស្រុង ដោយសារ អាជ្ញាធរ​មិន​ចាត់វិធានការ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់ ឬ​អាច​ប្រព្រឹត្ត​អំពើពុករលួយ រួមផ្សំ​ការស្ថាបនា​ផ្លូវ​ពុំ​សូវ​មាន​គុណភាព។ លោក​ថា ក្រសួង ឬ​មន្ទីរ​សាធារណៈការ ត្រូវ​ទទួលខុសត្រូវ​បញ្ហា​នេះ។ លើស​ពី​នេះ​លោក​យល់ថា បទបញ្ជា​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ប្រៀប​ដូច​កាំបិត​លែង​មុត​ហើយ ព្រោះ​អ្នក​មាន​អំណាច និង​ឧកញ៉ា​មួយ​ចំនួន​ពុំ​សូវ​ខ្វល់​ពី​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​នោះ​ទេ គឺ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ។

ក្រោយ​ពី​លោក ហ៊ុន សែន ចេញ​បទបញ្ជា​បាន​មួយថ្ងៃ សមត្ថកិច្ច​ចុះ​ប្រតិបត្តិការ​ទូទាំង​ប្រទេស ឃាត់​បាន រថយន្ត​កែច្នៃ​ដាក់​ទ្រុង ខុស​បច្ចេកទេស ៨១​គ្រឿង និង​រថយន្ត​៧៦​គ្រឿង​ទៀត​ត្រូវ​បាន​ដោះ​ទ្រុង​សណ្ដោង​ចេញ ហើយ ៣១០​គ្រឿង​ទៀត គ្រោង​កាត់​ទ្រុង​ចេញ​ដែរ។ សមត្ថកិច្ច​លើកឡើង​ថា រថយន្ត​ទាំងនោះ ភាគច្រើន​បើក​លឿន​លើ​ដង​ផ្លូវ​ងាយ​គ្រោះថ្នាក់​ចរាចរ និង​មាន​រថយន្ត​សណ្ដោង​ធំៗ វែង​មួយ​ចំនួន​ទៀត បាន​លួច​ចូល​ក្រុងភ្នំពេញ ទម្លាក់​សម្ភារៈ និង​ទំនិញ បង្ក​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា រថយន្ត​ដឹកទំនិញ​ធំៗ ឬ​ហៅថា កុងទឺន័រ (container) ភាគ​ច្រើន​លើក​បន្តុប មិនបាន​ចាប់​គន្លឹះ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ងាយ​នឹង​គ្រោះថ្នាក់​ដល់​អ្នកដំណើរ។ ក្រៅ​ពី​នេះ​អំពើពុករលួយ​ក្នុង​ការ​ស្ថាបនា​ផ្លូវថ្នល់​ក៏​ជា​ឧបសគ្គ​ផ្សេងទៀត ងាយ​ឲ្យ​ផ្លូវថ្នល់​ឆាប់​ខូច​ដែរ ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ឃុបឃិត​គ្នា ស៊ីដាច់​កញ្ចប់​ថវិកា​ថែទាំ​ផ្លូវថ្នល់ ហើយ​នៅ​គ្រា​ដែល​ផ្លូវថ្នល់​នៅ​កន្លែង​ខ្លះ​ខូច គឺ​អាជ្ញាធរ​គ្មាន​ថវិកា​ជួសជុល។

ពលរដ្ឋ​ម្នាក់ទៀត ដែល​ជា​កម្មករ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ មើលឃើញ​ថា បើ​ទោះ​បី​ជា លោក ហ៊ុន សែន ចេញ​បញ្ជា​ក្តី តែ​រថយន្ត​យី​ឌុប​ធំៗ​នៅតែ​បន្ត​ដឹក​ឈើ​ចេញពី​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ជាច្រើន​តោន​ដែល​ងាយ​ធ្វើ​ឲ្យ​ខូច​ផ្លូវ។ រីឯ​សមត្ថកិច្ច និង​អាជ្ញាធរ​មិន​ហ៊ាន​បង្ក្រាប​ទេ ដោយសារ​រថយន្ត​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​ឧកញ៉ា និង​អ្នកមាន​ឥទ្ធិពល​មួយ​ចំនួន។ លោក​ចាត់​ទុក បទបញ្ជា​ក្នុង​របរ​ដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​គ្មាន​ប្រសិទ្ធភាព​រយៈពេល​យូរអង្វែង​ទេ មិន​ខុសគ្នា​នឹង​បទបញ្ជា​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើយ។ «»

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ចង់​ឃើញ ដំណោះស្រាយ​រួម​មួយ​ដែល​ធានា​ថា អាច​កាត់បន្ថយ​ផល​ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ផលប្រយោជន៍​អ្នក​វិនិយោគ ធ្វើ​យ៉ាងណា​មិន​រាំងស្ទះ ដល់​ដំណើរការ​ដឹកជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​ឯកជន អ្នក​មាន​អំណាច និង​វិនិយោគ។ លោក​ថា ប្រសិនបើ​វិធានការ​នេះ ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ក្រុមហ៊ុន​ឯកជន នឹង​អាច​ប៉ះពាល់​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ។ «»

យ៉ាងណា លោក ហ៊ុន សែន បាន​ផ្ដាំ​ទៅ​អ្នករ​កស៊ី​កាត់ត​រថយន្ត​ទាំងអស់ ត្រូវ​យក​ឡាន​ទាំងនោះ​កាត់ចេញ​វិញ បើ​កាត់​មិនទាន់​ទេ​មិន​អនុញ្ញាត​ឲ្យ​ចរាចរ​លើ​ផ្លូវ​ជាដាច់ខាត។ លោក​ជំរុញ​ឲ្យ​អ្នកប្រើប្រាស់​បណ្ដាល​សង្គម​ហ្វេសបុក​ទាំងអស់ ខាំ​មិន​(Comment) មក​ហ្វេសបុក​របស់​លោក លោក​នឹង​ចាត់វិធានការ​ផ្លូវច្បាប់។ «»

មន្ត្រី​សង្គម​ស៊ីវិល ពលរដ្ឋ និង​​ក្រុមយុវជន​នឹង​ទន្ទឹង​រង់ចាំ​អ៊ុត​មើល​ថា មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ អនុវត្ត​បទបញ្ជា​របស់​លោក ហ៊ុន សែន បាន​កម្រិត​ណា និង​រយៈពេល​ប៉ុន្មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles