
មន្ត្រីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប ចំនួន៤រូបបានសម្ដែងការព្រួយបារម្ភខ្លាចក្រសួងអប់រំ យុវជន និងកីឡា លុបឈ្មោះពួកគេចេញពីគ្រូបង្រៀន។ ក្ដីបារម្ភនេះបន្ទាប់ពីក្រុមគ្រូបង្រៀនទាំងនេះបានទទួលដំណឹងថា ពួកគេត្រូវបានក្រសួងអប់រំលុបឈ្មោះចេញពីក្របខ័ណ្ឌគ្រូបង្រៀនរួចហើយ ប៉ុន្តែមិនទាន់ប្រកាសជាផ្លូវការ។
គ្រូបង្រៀនប្រកាន់និន្នាការនយោបាយគណបក្សប្រឆាំងនៅខេត្តសៀមរាប លើកឡើងថា ប្រសិនបើក្រសួងអប់រំ យុវជន និងកីឡា ពិតជាបានលុបឈ្មោះរបស់ពួកគាត់ចេញពីក្របខ័ណ្ឌមែន គឺជារឿងអយុត្តិធម៌។
អនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប លោក ពៀត ម៉ាប់ ឲ្យដឹងនៅថ្ងៃទី១៤ កុម្ភៈ ថា មុនពេលពួកគាត់ចូលប្រលូកនយោបាយជាមួយគណបក្សប្រឆាំង គឺពួកគេបានព្យួរឈ្មោះទៅក្រសួងអប់រំរួចហើយ។ លោកអះអាងទៀតថា ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីខែវិច្ឆិកាឆ្នាំ២០១៧មក ពួកគេក៏បានដាក់ពាក្យចូលបង្រៀនវិញដែរ ក៏ប៉ុន្តែខាងមន្ទីរអប់រំខេត្តសៀមរាបមិនឲ្យពួកគេចូលបង្រៀននោះទេ។ លោកបន្ថែមថា ចាប់ពីពេលនោះមក គឺពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចមន្ទីរអប់រំខេត្តបញ្ជូនឈ្មោះរបស់ពួកគេ ទៅក្រសួងអប់រំដើម្បីស្នើឲ្យលុបឈ្មោះចេញពីក្របខ័ណ្ឌរដ្ឋ៖ «បើសិនថាខ្ញុំមិនបានដាក់ពាក្យចូលបម្រើការងារ ទើបជាកំហុសរបស់ពួកខ្ញុំ តែនេះខ្ញុំបានដាក់ពាក្យចូលបម្រើការងារហើយ តែមន្ទីរអប់រំបានដកម៉ោងមិនឲ្យបង្រៀន ហើយឲ្យរង់ចាំប្រកាសរបស់ក្រសួងចេញមក ចាំចូលធ្វើការ។ បើសិនរឿងនេះជារឿងពិតមែនគឺជារឿងអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ»។
គ្រូបង្រៀនទាំង៤រូបនោះរួមមាន ឈ្មោះ ពៀត ម៉ាប់ ច័ន្ទ សុភា ហុង សុខជា និងឈ្មោះ មុត មល្លា ជាសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ដែលទើបបញ្ចប់តំណែងដោយសារការរំលាយគណបក្ស ក្នុងនោះសមាជិកក្រុមប្រឹក្សាខេត្ត ចំនួន២រូប ក្រុមប្រឹក្សាស្រុក ១រូប និងសមាជិកក្រុមប្រឹក្សាឃុំមួយរូប។
ឆ្លើយតបនឹងបញ្ហានេះប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោក សយ ទិត្យាវង្ស មានប្រសាសន៍យ៉ាងខ្លីថា ខាងលោកមិនទាន់ទទួលឯកសារពីការលុបឈ្មោះរបស់គ្រូបង្រៀនទាំងនៅឡើយទេ។ ទោះជាយ៉ាងណា លោកក៏មិនចាប់អារម្មណ៍ចំពោះការលុបឈ្មោះគ្រូបង្រៀនទាំង ៤រូបចេញពីក្របខ័ណ្ឌនោះដែរ៖ «ទេ! ទៅភ័យអីបើលុបក៏លុបទៅ បើធ្វើការក៏ធ្វើទៅមិនបាច់ភ័យអី! ហើយបើខ្ញុំឃើញសេចក្ដីប្រកាសរបស់ក្រសួងខ្ញុំថាឃើញ តែអត់ទាន់ឃើញ»។
ទោះយ៉ាងនេះក្ដី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយវី លើកឡើងថា មន្ត្រីគ្រូបង្រៀនដែលមាននិន្នាការទៅគណបក្សប្រឆាំងកន្លងមក គឺតែងរងការធ្វើទុក្ខបុកម្នេញពីក្រសួងអប់រំ ហើយត្រូវបានក្រសួងមួយនេះបញ្ឈប់ការងារជាហូរហែ ដូចជាករណីអតីតសមាជិកមន្ត្រីជាន់ខ្ពស់គ.ជ.ប លោក រ៉ុង ឈុន ជាដើម។ អ្នកស្រីចាត់ទុកការធ្វើទុក្ខបុកម្នេញមកលើក្រុមគ្រូបង្រៀននេះ ថា ជាការរើសអើងនយោបាយដោយខុសច្បាប់៖ «តាមពិតទៅក្នុងនាមគាត់ព្យួរឈ្មោះទៅធ្វើការមួយផ្សេងទៀត គឺអត់មានសិទ្ធិក្នុងការលុបឈ្មោះគាត់ទេ ប៉ុន្តែយើងឃើញកន្លងមក មន្ត្រីក្រសួងអប់រំក៏ដូចជារដ្ឋាភិបាលមិនដែលបានយល់ពីថាច្បាប់យ៉ាងមិចទេ ឲ្យតែដឹងថា ខ្លួនធ្វើត្រូវគឺដឹងថាធ្វើតាមចិត្តនឹងតាមបញ្ជារបស់អ្នកណាម្នាក់»។
មន្ត្រីរដ្ឋបាលនៃមន្ទីរអប់រំខេត្តសៀមរាបម្នាក់ បានប្រាប់ទៅក្រុមគ្រូបង្រៀនទាំង ៤រូបនោះថា ក្រសួងអប់រំបានបញ្ជូនឈ្មោះរបស់ពួកគេមកដល់មន្ទីរអប់រំខេត្តហើយ គឺបានលុបឈ្មោះពួកគាត់ចេញពីក្របខ័ណ្ឌគ្រូបង្រៀនហើយ គឺរង់ចាំតែខាងមន្ទីរបិទប្រកាសជាផ្លូវការក្នុងពេលឆាប់ៗតែប៉ុណ្ណោះ៕