Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អតីត​ទីប្រឹក្សា​ព្រះមហាក្សត្រ​ថា លោក ហ៊ុន សែន ជា​អ្នក​ធ្លាប់​ប្រមាថ​អតីត​ព្រះមហាក្សត្រ

$
0
0

អតីត​ទីប្រឹក្សា​ព្រះមហាក្សត្រ​ថា ការ​បង្កើត​ច្បាប់​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ ជា​ចេតនា​នយោបាយ​ច្រើន​ជាង​ការពារ​ព្រះមហាក្សត្រ​ពិតប្រាកដ ព្រោះ​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន គឺ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​មាន​ប្រវត្តិ​ប្រមាថ​អតីត​ព្រះមហាក្សត្រ​ខ្លួនឯង។ អ្នកវិភាគ​នយោបាយ​ថា ការ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ទាំងឡាយ ក្រោយពី​រំលាយ​គណបក្ស​សង្គ្រោះជាតិ គឺ​ខុសច្បាប់។

អតីត​ទីប្រឹក្សា​ព្រះបរមរតនកោដ្ឋ គឺ លោក សឺន ស៊ូប៊ែរ្តិ៍ ស្វាគមន៍​ចំពោះ​ការ​វិសោធនកម្ម​ច្បាប់ ដើម្បី​ដាក់ទោស​ទណ្ឌ​អ្នក​ដែល​ប្រមាថ​ប្រមុខរដ្ឋ គឺ​ព្រះមហាក្សត្រ។ ប៉ុន្តែ លោក​មើល​ឃើញ​ថា ច្បាប់​នេះ គួរ​បង្កើត​យូរ​ណាស់​ហើយ ព្រោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រមាថ​ព្រះ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ។ «»

រដ្ឋសភា​ដែល​គ្រប់គ្រង​ទាំងស្រុង​ដោយ​គណបក្ស​កាន់អំណាច នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ បាន​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​វិសាមញ្ញ ដើម្បី​អនុម័ត​លើ​សេចក្ដី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ សេចក្ដី​ព្រាង​ច្បាប់​បន្ថែម​ទោស​លើ អ្នក​ប្រមាថ​ព្រះមហាក្សត្រ និង​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀត។

បន្ទាប់ពី​បើក​កិច្ចប្រជុំ​រួម រដ្ឋសភា​បាន​អនុម័ត​ទាំងស្រុង នូវ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដែល​បន្ថែម​ទោស​កាន់​តែ​ធ្ងន់ សម្រាប់​ជន​ណាមួយ​ដែល​ប្រមាថ​ដល់​ព្រះមហាក្សត្រ។ សេចក្ដី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ សេចក្ដី​ព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ទាំង​៥​មាត្រា គឺមាត្រា​​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម។

សេចក្ដី​ព្រាង​ច្បាប់​ចំនួន​២ ដែល​រង​ការរិះគន់ គឺ សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ និង សេចក្ដី​ព្រាង​ច្បាប់ព្រហ្មទណ្ឌ ដែល​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ។ សេចក្ដី​ព្រាង​ច្បាប់​ទាំងពីរ​នេះ រង​ការ​រិះគន់​ថា គណបក្ស​កាន់អំណាច​បង្កើត​ឡើង​ដើម្បី​ដាក់​គំនាប ដៃគូ​គណបក្ស​នយោបាយ។

ខ្លឹមសារ​ជា​រួម​នៃ​មាត្រា​ថ្មី ដែល​វិសោធនកម្ម​ដើម្បី​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ចែងថា ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល។ ចំពោះ​នីតិបុគ្គល​ក៏​អាច​ត្រូវ​បាន​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ ថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ។ អតីត​ទីប្រឹក្សា​ព្រះបាទ នរោត្តម សីហនុ លោក សឺន ស៊ូប៊ែរ្តិ៍មាន​ប្រសាសន៍​ថា ប្រសិនបើ​ច្បាប់​នេះ អាច​មាន​លទ្ធភាព​ធាក់​ថយ​ក្រោយ​បាន មេដឹកនាំ​បច្ចុប្បន្ន គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​ប្រឈម​នឹង​ទោស​ទណ្ឌ​នេះ។

អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់​ថា រដ្ឋសភា បាន​ក្លាយ​ជា​ស្ថាប័ន​អ​ធម្មនុញ្ញភាព ឬ​ខុសច្បាប់ ចាប់​តាំង​ពី​ក្រោយ​ពេល គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​មក​ម្ល៉េះ​។ ដូច្នេះ លោក​ពន្យល់​ថា ច្បាប់​ទាំងឡាយ​ណា ដែល​អនុម័ត​ដោយ​សមាជិក​រដ្ឋសភា​លើក​បន្តុប មិនមែន​ជា​ច្បាប់ ស្របតាម​រដ្ឋធម្មនុញ្ញ​ទេ។ «»

អ្នកវិភាគ​នយោបាយ​រូប​នេះ ឆ្ងល់​ថា សមាជិក​រដ្ឋសភា ដែល​លើក​បន្តុប​ដោយ​គណបក្ស​កាន់អំណាច​ជា​មនុស្ស មាន​មនសិការ ឬ​សតិសម្បជញ្ញៈ​ដែរ​ទេ ព្រោះ​មនុស្ស​ទាំងនោះ មិនមែន​ជា​តំណាងរាស្ត្រ​ទេ តែ​ជា​មនុស្ស​គេ​លើក​បន្តុប ដើម្បី​បម្រើ​ផលប្រយោជន៍​គណបក្ស​កាន់អំណាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles