Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ច្បាប់​និង​អ្នក​សារព័ត៌មាន​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី

$
0
0

អ្នក​ច្បាប់ និង​ក្រុម​អ្នក​សារព័ត៌មាន​ចាត់​ទុក​ការ​បន្ត​ឃុំ​ខ្លួន​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី ពីរ​រូប គឺ​ជា​ការ​ឃុំ​ខ្លួន​ខុស​ច្បាប់។ ពួកគេ​ទាមទារ​តាមរយៈ​លិខិត​មួយ​ច្បាប់​រួម​គ្នា​ឱ្យ​តុលាការ​ដោះលែង​អ្នក​ទាំង​ពីរ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ និង​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​ឱ្យ​អ្នក​ទាំង​ពីរ​បាន​ជួបជុំ​ក្រុម​គ្រួសារ​ឡើង​វិញ។

ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចេញ​លិខិត​ចំហ​មួយ​ច្បាប់​រួម​គ្នា​ស្នើ​ឱ្យ​តុលាការ​គ្រប់​លំដាប់​ថ្នាក់​ពិចារណា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ (យាង សុជាមេត្តា)។ លិខិត​ចំហ​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ដែល​គេហទំព័រ​ឈ្មោះ Change.org បាន​ចុះ​ផ្សាយ​ឱ្យ​ដឹង​ថា ក្រុម​អ្នក​សារព័ត៌មាន​យល់​ថា ការ​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ទាក់ទង​នឹង​ការ​ផ្ដល់​ព័ត៌មាន​ដែល​នាំ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ជា​ការ​ចោទ​ប្រកាន់​មួយ​ដ៏​ធ្ងន់ធ្ងរ។ ពួកគេ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ ថា​កំពុងតែ​បង្ក​ភាព​ភាព​ភ័យ​ខ្លាច​ដល់​អ្នក​សារព័ត៌មាន​ដទៃ​ទៀត ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ និង​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ធ្លាក់​ចុះ។ ក្រុម​អ្នក​សារព័ត៌មាន​ទាំង​នេះ​ក៏​បាន​លើក​ឡើង​ថា អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី បាន​អនុវត្ត​ត្រឹមត្រូវ​ខ្ជួន​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​កម្ពុជា ដោយ​មិន​បាន​រាយការណ៍​ព័ត៌មាន​ណា​មួយ​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ជាតិ ឬ​អន្តរាយ​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ឡើយ។

លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​លួច​ផលិត​ព័ត៌មាន​បញ្ជូន​មក​រដ្ឋ​ធានី​វ៉ាស៊ីនតោន តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស។ មក​ទល់​នឹង​ពេល​នេះ មាន​រយៈ​ជាង ៣​ខែ​ហើយ។ អ្នក​ទាំង​ពីរ​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ។

មាត្រា ២០៥ មូលហេតុ​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៃ​​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ចែង​ថា ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ត្រូវ​បាន​បង្គាប់ កាល​ណា​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ជា​ការ​ចាំបាច់ ដូចជា ដើម្បី​បញ្ចប់​បទល្មើស​កុំ​ឱ្យ​កើត​ជា​ថ្មី ដើម្បី​រារាំង​កុំ​ឱ្យ​មាន​ការ​គាបសង្កត់​សាក្សី ឬ​ជនរងគ្រោះ​ដើម្បី​ធានា​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​កុំ​ឱ្យ​មាន​ការ​ច្របូកច្របល់​ដែល​បណ្ដាល​មក​ពី​បទល្មើស​ជាដើម។

លោក​មេធាវី កែវ វ៉ាន់នី ដែល​ការពារ​ក្ដី​ឱ្យ​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី ពីរ​រូប​នេះ អះអាង​ថា គ្មាន​ហេតុផល​ចាំបាច់​ណា​មួយ​ដូច​ដែល​មាន​ចែង​ក្នុង​មាត្រា ២០៥ នេះ ត្រូវ​បន្ត​ឃុំ​ខ្លួន​កូនក្ដី​លោក​ទាល់តែសោះ ព្រោះ​កូនក្ដី​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ណា​មួយ​ដែល​ផ្ទុយ​នឹង​ច្បាប់​ឡើយ៖ «បាទ! អ៊ីចឹង​នៅ​ក្នុង​ខ្លឹមសារ​មាត្រា ២០៥ គេ​ចែង​ហើយ​អំពី​លក្ខខណ្ឌ​ដូច​មាន​ដល់​ប្រាំមួយ​នោះ។ មួយ​គេ​ខ្លាច​យើង​មាន​ការ​ត្រូវរ៉ូវ​ជាមួយ​សាក្សី គេ​ខ្លាច​យើង​មិន​បង្ហាញ​មុខ​តាម​ការ​កោះហៅ​របស់​តុលាការ... ប៉ុន្តែ​អា​អ្វី​ដែល​សំខាន់​នោះ​គឺ​យើង​ចាំបាច់​តុលាការ​មិន​ត្រឹមតែ​យល់​ឃើញ​ទេ ប៉ុន្តែ​តុលាការ​ត្រូវ​បង្ហាញ​ភស្តុតាង​ថា អំពើ​របស់​គាត់​កន្លង​មក​មាន​បញ្ហា​អ្វី​ខ្លះ​ដល់​សង្គម​ជាតិ  ហើយ​ប្រសិនបើ​យើង​លែង​ទៅ​នឹង​វា​យ៉ាង​ម៉េច... ដូច្នេះ ការ​យល់​ឃើញ​របស់​គាត់​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ជា​ឯកតោ​ភាគី​អត់​មាន​អ្វី​ជា​សំអាង»

លោក​មេធាវី កែវ វ៉ាន់នី ក៏​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​មក​លើ​កូនក្ដី​លោក​ទាំង​ពីរ​ដែរ។ លោក​បាន​ថ្លែង​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ពុធ ទី​១៤ ខែ​កុម្ភៈ ម្សិលមិញ​ថា កូនក្ដី​ទាំង​ពីរ​របស់​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ព្រោះ​លោក​ទាំង​ពីរ​កាល​នៅ​ធ្វើ​ការ​ឱ្យ​វិទ្យុ​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ រាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី សង្គម ដែល​ច្បាប់​កម្ពុជា មិន​បាន​ហាមឃាត់​ឡើយ។

លោក កែវ វ៉ាន់នី កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​ប្ដឹង​សាទុក្ខ​សុំ​ឱ្យ​តុលាការ​កំពូល​ដោះលែង​កូន​ក្តី​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ដែរ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ តុលាការ​កំពូល​មិន​ទាន់​មាន​ចំណាត់​យ៉ាង​ណា​នៅ​ឡើយ​ទេ។  លោក​បាន​លើក​ឡើង​ថា តុលាការ​មិន​បាន​បង្ហាញ​ហេតុផល ឬ​អំណះអំណាង​ណា​មួយ​ដែល​គាំទ្រ​ដីកា​សម្រេច​ឃុំ​កូនក្ដី​ទាំង​ពីរ​របស់​លោក​ឡើយ។ លោក​ចាត់​ទុក​ថា ការ​ឃុំ​ខ្លួន​នេះ​ខុស​នឹង​នីតិវិធី​ច្បាប់។

​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​តុលាការ​កំពូល ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​ករណី​នេះ​បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ។

អ្នក​ច្បាប់​ជាតិ និង​អង្គការ​អន្តរជាតិ កន្លង​មក​ក៏​ធ្លាប់​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ដោយ​គ្មាន​លក្ខខណ្ឌ​ដែរ ដោយ​ពួកគេ​អះអាង​ថា ការ​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​គ្មាន​មូលដ្ឋាន អយុត្តិធម៌ និង​រំលោភ​សិទ្ធិ​របស់​ពួក​គាត់។

​លិខិត​ចំហ​របស់​អ្នក​សារព័ត៌មាន​ដដែល​នេះ បន្ថែម​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ អ្នក​សារព័ត៌មាន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ពិត​ជូន​ដល់​ប្រជាពលរដ្ឋ ហើយ​អ្នក​សារព័ត៌មាន​មាន​តួនាទី​សំខាន់​ក្នុង​ការ​រាយការណ៍​អ្វី​ដែល​ជា​ការពិត​ជូន​ដល់​សាធារណជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles