សហគមន៍មានទំនាស់ដីធ្លីនៅតំបន់បុរីកីឡា ប្រកាសជំហរថា នឹងបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ (Black Monday) ដោយមិនរួញរាឡើយ លុះត្រាតែរដ្ឋាភិបាលដោះស្រាយតាមសំណើពួកគាត់។ រីឯពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់បឹងកក់វិញ នឹងផ្អាកការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅជាបណ្ដោះអាសន្ន។
យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅដែលកើតឡើងជិតមួយឆ្នាំ ក្រោយការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប នោះ ត្រូវបានក្រុមអ្នកមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ ប្រកាសថានឹងនៅតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា ប្រសិនបើរដ្ឋាភិបាលមិនព្រមដោះស្រាយតាមសំណើរបស់ពួកគេ។
តំណាងអ្នកសហគមន៍បុរីកីឡា លោកស្រី សរ ស៊ន ថ្លែងឲ្យដឹងថា នៅព្រឹកថ្ងៃច័ន្ទ ទី២៧ ខែមីនា គឺពួកគាត់នឹងជួបជុំគ្នា ហើយបង្ហោះប៉េងប៉ោង និងផ្ញើសារទៅកាន់រដ្ឋាភិបាលឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក ៤រូប អគ្គលេខាធិការរង គ.ជ.ប ១រូប ដោះលែងតំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី និងទម្លាក់ចោលការចោទប្រកាន់អ្នកវិភាគនយោបាយលោក គឹម សុខ ព្រមទាំងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី៖ «»។
យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលផ្ដួចផ្ដើមដោយសង្គមស៊ីវិល និងប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងនៅភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួននេះ គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមការកើតទុក្ខមិនសុខចិត្តនឹងចំណាត់ការរបស់តុលាការ។
រីឯតំណាងអ្នកបឹងកក់ លោកស្រី បូវ សោភា មានប្រសាសន៍ថា សហគមន៍របស់ពួកគាត់នឹងផ្អាកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅមួយរយៈ ប៉ុន្តែពួកគាត់នឹងបន្តសកម្មភាពតវ៉ាអហិង្សានេះឡើងវិញ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ប្រសិនបើគ្មានដំណឹងនៃការដោះស្រាយតាមការទាមទាររបស់ពួកគាត់៖ «»។
ការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅរបស់សហគមន៍បុរីកីឡានេះ ក៏ដើម្បីទាមទារសំណងសមរម្យផងដែរ។ ទាំងអ្នកបុរីកីឡា និងអ្នកបឹងកក់ អះអាងថា យុទ្ធនាការនេះ គឺមិនដូចទៅនឹងការលើកឡើងរបស់រដ្ឋាភិបាលដែលថាជាសញ្ញាធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះទេ។ ទោះបីជាយ៉ាងណា យុទ្ធនាការនេះនៅតែស្ថិតក្រោមក្រសែភ្នែកពីសមត្ថកិច្ចដែលនៅតែឃ្លាំមើលជាប្រចាំ។
មន្ត្រីសង្គមស៊ីវិលតែងតែជំរុញឲ្យរដ្ឋាភិបាលដោះស្រាយចំពោះការទាមទាររបស់សហគមន៍ដីធ្លី ដែលតែងតែរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ និងមិនត្រូវទុកបណ្ដោយឲ្យការទាមទារនេះកើតឡើងទៀតឡើយ ព្រោះវានឹងធ្វើឲ្យមានការរំលោភសិទ្ធិពលរដ្ឋកាន់តែធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលនឹងនៅតែបន្តរងការរិះគន់ខ្លាំងដដែល៕