Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

យុវជន​ចង់​ឃើញ​បក្ស​នយោបាយ​បញ្ចូល​បញ្ហា​ប្រឈម​របស់​ពួក​គេ​ក្នុង​គោល​នយោបាយ

$
0
0

តំណាង​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ស្រប​គ្នា​ថា ការ​យល់​អំពី​ទឹក​ចិត្ត​យុវជន និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គេ គឺ​ជា​រឿង​ដែល​មេ​ដឹកនាំ​នយោបាយ​ត្រូវ​ធ្វើ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​យុវជន។ ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ក្នុង​វេទិកា​យុវជន​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ។

ក្រុម​យុវជន​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​គណបក្ស​នយោបាយ​សរុប​ជាង ១០០​នាក់ បាន​ជួប​ជុំ​គ្នា​ក្នុង​វេទិកា​យុវជន​ស្ដីពី “ការ​ចូលរួម​របស់​យុវជន​នៅ​ក្នុង​វិស័យ​នយោបាយ” ដែល​ត្រូវ​បាន​រៀបចំ​ដោយ​អង្គការ​បណ្ដាញ​យុវជន​កម្ពុជា (CYN)។ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​អញ្ជើញ​ចូលរួម ក៏ប៉ុន្តែ​អវត្តមាន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា។

កម្មវិធី​នេះ មាន​គោល​បំណង​ផ្តល់​ឱកាស​ដល់​យុវជន​បាន​ជជែក​ដេញដោល​ជាមួយ​តំណាង​គណបក្ស​នយោបាយ និង​ស្ថាប័ន​ពាក់ព័ន្ធ​អំពី​ការ​ចូលរួម​របស់​ខ្លួន​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ឃុំ-សង្កាត់ និង​ថ្នាក់​ជាតិ។ វា​ក៏​ជា​ឱកាស​សម្រាប់​យុវជន​បាន​យល់​ដឹង​បន្ថែម​ទៀត​ពី​តួនាទី និង​កាតព្វកិច្ច​របស់​ខ្លួន ព្រម​ទាំង​លើក​ឡើង​ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​សម្រាប់​ពួក​គេ​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ។

ប្រធាន​បណ្ដាញ​យុវជន លោក ទឹម ម៉ាឡៃ កត់​សម្គាល់​ថា យុវជន​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​នយោបាយ​បែប​ហិង្សា ឬ​គំរាម​កំហែង​គ្នា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​បង្កើត​គោល​នយោបាយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​យុវជន គឺ​ជា​រឿង​ចាំបាច់​ដែល​មេ​ដឹកនាំ​នយោបាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់៖ «»

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ជុំ ច័ន្ទដារិន ថ្លែង​ថា ការ​យល់​អំពី​ទឹក​ចិត្ត​របស់​យុវជន​ថា​ពួក​គេ​ត្រូវការ​អ្វី​ជា​ចាំបាច់ និង​ដាក់​ចេញ​នូវ​គោល​នយោបាយ​ឆ្លើយតប​នឹង​តម្រូវការ​ទាំងនោះ គឺ​ជា​អ្វី​ដែល​គណបក្ស​នយោបាយ​នីមួយៗ​ត្រូវ​ធ្វើ។ ក្រៅ​ពី​នេះ លោក​ណែនាំ​យុវជន​មិន​ត្រូវ​ចាប់​អារម្មណ៍​តែ​ទៅ​លើ​បុគ្គល​ដែល​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​ត្រូវ​សិក្សា​អំពី​គោល​នយោបាយ​របស់​គណបក្ស​នោះ​ដែរ ថា​គោល​នយោបាយ​របស់​គណបក្ស​ណា​ដែល​បម្រើ​ផល​ប្រយោជន៍​របស់​ពួក​គេ៖ «»

ចំណែក​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ប៊ូ បញ្ញា កត់​សម្គាល់​ថា ការ​ចូលរួម​របស់​យុវជន​ក្នុង​វិស័យ​នយោបាយ​សព្វថ្ងៃ​នេះ​មាន ៣​ចំណុច គឺ​ការ​ចូលរួម​តាម​គេ ការ​ចូលរួម​ដែល​បាន​ទទួល​ផល​ប្រយោជន៍ និង​ការ​ចូលរួម​តាម​ឆន្ទៈ​ពិត​ប្រាកដ​របស់​ខ្លួន។ លោក​យល់​ឃើញ​ថា បញ្ហា​បក្ខពួក​និយម និង​មិន​មាន​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស​នៅ​តែ​កើត​មាន ដែល​ជា​គំរូ​មិន​ល្អ​សម្រាប់​យុវជន និង​ជា​ឧបសគ្គ​រារាំង​ពួក​គេ​ពី​ការ​ចូលរួម​បាន​ពេញលេញ​ចំពោះ​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ៖ «»

ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៧​លាន ៨​សែន​នាក់ (.៨៧៣.១៩៤​នាក់) នៃ​អ្នក​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ជាង ២​លាន​នាក់ ឬ​ស្មើ​នឹង​ជាង ៣៤​ភាគរយ គឺ​ជា​យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ​ទៅ ៣០​ឆ្នាំ។ អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត វាយ​តម្លៃ​ថា នេះ​ជា​ចំនួន​មួយ​ដ៏​ច្រើន ដែល​គ្រប់​គណបក្ស​ប្រកួត​ប្រជែង​មិន​ត្រូវ​មើល​រំលង។

និស្សិត​ផ្នែក​សង្គមវិទ្យា កញ្ញា អិន ជួងអាយ គិត​ថា​គណបក្ស​នយោបាយ​ភាគច្រើន​មិន​ទាន់​បាន​ដាក់​បញ្ចូល​បញ្ហា​ប្រឈម​របស់​យុវជន​ទៅ​ក្នុង​គោល​នយោបាយ​អាទិភាព​របស់​ខ្លួន​នៅ​ឡើយ៖ «»

បញ្ហា​ប្រឈម​ជា​អាទិភាព​របស់​យុវជន​កម្ពុជា ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​អង្គការ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ កាល​ពី​ឆ្នាំ​២០១៥ រួម​មាន​ការ​អប់រំ ការងារ និង​បញ្ហា​សន្តិសុខ។

ឯកសារ​ជំនួយ​ស្មារតី​ទាក់ទង​នឹង​ការ​បោះឆ្នោត​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) សរសេរ​ថា យុវជន​គឺ​ជា​អ្នក​ដែល​មាន​សក្ដានុពល​ក្នុង​ការ​ធ្វើ​ឲ្យ​សំឡេង​ឆ្នោត​មាន​ការ​ប្រែប្រួល។ យុវជន​ត្រូវ​បង្ហាញ​ដល់​ថ្នាក់​ដឹកនាំ​ថា ខ្លួន​មាន​ឥទ្ធិពល​ទៅ​លើ​ក្រុម​មនុស្ស​ដទៃ​ទៀត ដូចជា​មនុស្ស​ជំទង់ ឬ​មនុស្ស​ចាស់ ព្រោះ​ខ្លួន​គឺ​ជា​យុវជន​ដែល​មាន​ចំណេះ​ដឹង និង​កម្លាំង​កាយ​រឹងមាំ ហើយ​អាច​ធ្វើ​ការ​អប់រំ និង​ជួយ​ដល់​មនុស្ស​ដទៃ​ទៀត។

នៅ​ពេល​គ្រប់​អាយុ ១៨​ឆ្នាំ យុវជន​ត្រូវ​ព្យាយាម​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជា​ពលរដ្ឋ ដោយ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់​ខ្លួន​ទៅ​តាម​ឆន្ទៈ ដោយ​មាន​ការ​ពិចារណា និង​ថ្លឹងថ្លែង​ឲ្យ​បាន​ហ្មត់ចត់។

ក្រោយ​ពេល​បោះឆ្នោត ពួក​គេ​ត្រូវ​ខិតខំ​សង្កេត និង​តាមដាន​សកម្មភាព​អនុវត្ត​របស់​មន្ត្រី​ជាប់​ឆ្នោត ឬ​រដ្ឋាភិបាល ដើម្បី​ចូលរួម​វាយ​តម្លៃ​លទ្ធផល​នៃ​សកម្មភាព​ទាំងនោះ ហើយ​ផ្តល់​ព័ត៌មាន​ទាំងនេះ​ទៅ​ដល់​អ្នក​បោះឆ្នោត​ដទៃ​ទៀត ដើម្បី​ជា​ទុន​ពិចារណា​ក្នុង​ការ​សម្រេច​ចិត្ត​បោះឆ្នោត​លើក​ក្រោយៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles