Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

រដ្ឋាភិបាល​សម្រេច​ឆ្វៀល​ដី​ជាង​៥​ម៉ឺន​ហិកតារ​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង

$
0
0

អង្គការ​ក្រៅ​រដ្ឋាភិបាល គាំទ្រ​ចំពោះ​ការ​ចេញ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល សម្រេច​កាត់​ផ្ទៃដី​មាន​ទំហំ​ជាង ៥​ម៉ឺន​ហិកតារ នៅ​ខេត្ត​ព្រះសីហនុ និង​កោះកុង បង្កើត​ជា​ឧទ្យានជាតិ​សមុទ្រ​កោះរ៉ុង។

អ្នក​សម្របសម្រួល​សមាគម​អាដហុក(Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ នៅ​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មាន​ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជាដើម ត្រូវ​អនុវត្ត​អនុក្រឹត្យ របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឲ្យ​មាន​ប្រសិទ្ធភាព។ អ្នកស្រី ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​ចុះ​អនុវត្ត​ការងារ​កាត់​ឆ្វៀល​ដី​ដាក់​ជា​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​នេះ មិន​ត្រូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​កម្មសិទ្ធិ របស់​ប្រជាពលរដ្ឋ រស់​នៅ​លើ​កោះរ៉ុង​នោះ​ទេ។ អ្នកស្រី សុធា​រី ក៏​ស្នើ​ដល់​អាជ្ញាធរ ឲ្យ​ជួយ​ពន្លឿន​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី នៅ​លើ​កោះរ៉ុង និង​កោះ​ផ្សេងៗ​ទៀត ជូន​ប្រជាពលរដ្ឋ ប្រើប្រាស់​ស្របច្បាប់​ឲ្យ​បាន​ឆាប់៖ «បើ​យើង​មើល​ទៅតាម​ខ្លឹមសារ​អនុក្រឹត្យ​គឺ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​កោះរ៉ុង​ទាំងអស់ នឹង​មាន​ការ​សហការ​គ្នា​ការពារ​តំបន់​ឧទ្យានជាតិ សមុទ្រ​កោះរ៉ុង​ទាំងអស់​គ្នា។ ប៉ុន្តែ​បើសិនជា​​ខ្លឹមសារ​អនុក្រឹត្យ​នេះ វា​មានតែ​នៅ​លើ​ក្រដាស ហើយ​ការចាត់ចែង​អនុវត្ត​ជាក់ស្ដែង វា​អត់​មាន​អនុវត្ត ឬ​ធ្វើ​ទៅតាម​គោលបំណង និង​ខ្លឹមសារ​នៃ​អនុក្រឹត្យ​នេះ ដូច្នេះ​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​នេះ វា​នឹង​អាច​ប្រឈម​នឹង​ការបាត់បង់​នៅ​ថ្ងៃ​ណាមួយ​នា​ថ្ងៃ​អនាគត។ ក្រៅ​ពី​នេះ ក៏​ចង់​ឲ្យ​មានការ​រឹត​បន្តឹង​ផង​ដែរ ពាក់ព័ន្ធ​ទៅ​នឹង​បុគ្គល​ដែល​បាន​ធ្វើ​សកម្មភាព​ខុសច្បាប់ និង​សំណូមពរ​ដល់​អាជ្ញាធរ ស្នើ​ឲ្យ​ដាក់​ផ្ទាំង​ប៉ាណូ​ធំៗ នៅ​តាម​តំបន់​ដែល​ត្រូវ​អភិរក្ស​ការពារ​ទាំងអស់​ហ្នឹង»

កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ សម្រេច​បង្កើត​ឲ្យ​មាន​ជា​ឧទ្យានជាតិ​សមុទ្រ​កោះរ៉ុង នៅ​ទីតាំង​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ និង​កោះកុង រួមមាន​៖ កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​កូន កោះ​តូច កោះ​តាទៀម កោះ​ម្នាស់ក្រៅ កោះ​ម្នាស់​ក្នុង និង​សមុទ្រ​ជុំវិញ​តំបន់​ទាំងនេះ មាន​ផ្ទៃដី​សរុប ជាង ៥​ម៉ឺន ២​ពាន់ ហិកតារ (៥២.៤៤៨)។ ក្នុង​នោះ​មាន​ផ្ទៃដី​ទំហំ ជាង ៥​ពាន់​ហិកតារ (.៣១១) និង​ផ្ទៃ​ទឹកសមុទ្រ​ទំហំ​ជាង ៤​ម៉ឺន ៧​ពាន់​ហិកតារ (៤៧.១៣៧)

ការ​បង្កើត​នេះ​ដើម្បី​ធានា​ថែរក្សា និង​ការពារ​សោភណភាព​ធម្មជាតិ វប្បធម៌ ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈ​ចម្រុះ​លើ​កោះ និង​បរិវេណ​សមុទ្រ​ជុំវិញ។ ផ្ដល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព។ រក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ។ លើក​កម្ពស់​ការចូលរួម របស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​សាធារណជន ក្នុង​ការ​រួមចំណែក​ដល់​ការ​គ្រប់គ្រង ការ​ការពារ និង​ការ​អភិរក្ស​ជីវៈ​ចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles