Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សមត្ថកិច្ច​គ្រោង​បញ្ជូន​អ្នក​រិះគន់​រដ្ឋាភិបាល​តាម​ហ្វេសបុក​ទៅ​តុលាការ

$
0
0

សមត្ថកិច្ច​ខែត្រ​កំពង់ចាម​នៅ​ពុំ​ទាន់​បញ្ជូន​យុវជន​ដែល​រិះគន់​ប្រមុខ​រដ្ឋាភិបាល តាម​បណ្ដាញ​សង្គម​ហ្វេសបុក​ទៅ​តុលាការ​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃទី៩ កុម្ភៈ។ យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នោះ ឈ្មោះ សាន់ រដ្ឋា ដែល​តែង​បង្ហោះ​វីដេអូ រិះគន់​ការដឹកនាំ​របស់​លោក ហ៊ុន សែន ត្រូវ​បាន​កងរាជអាវុធហត្ថ​ខែត្រ​កំពង់ចាម ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី៨ កុម្ភៈ ដោយ​គ្មាន​ដីកា​ពី​តុលាការ។

ក្រុម​គ្រួសារ​យុវជន​ដែល​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៩ កុម្ភៈ ថា មក​ទល់​ពេលនេះ​សមត្ថកិច្ច​កំពុង​ឃុំខ្លួន​យុវជន សាន់ រដ្ឋា នៅ​បន្ទាយ​កងរាជអាវុធហត្ថ​ខែត្រ​កំពង់ចាម​នៅឡើយ និង​គ្រោង​បញ្ជូន​ទៅ​សាលាដំបូង​ខែត្រ​កំពង់ចាម​នៅ​ពេល​ឆាប់ៗ​នេះ។

ស្ត្រី​ដែល​ត្រូវជា​ម្ដាយ​យុវជន​រូប​នោះ​រស់នៅ​ស្រុក​ជើងព្រៃ ខែត្រ​កំពង់ចាម លោកស្រី សាន ណម វ័យ ៦៦ឆ្នាំ រំឭក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី៨ កុម្ភៈ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ប្រដាប់​ដោយ​អាវុធ​មួយ​ក្រុម បាន​ចាប់ខ្លួន​មនុស្ស​ប្រុស​ស្រី ក្នុង​ផ្ទះ​ដោយ​គ្មាន​ដីកា​ពី​តុលាការ និង​ចោទ​ថា ពាក់ព័ន្ធ​គ្រឿងញៀន ក៏ប៉ុន្តែ​ក្រោយមក​គេ​បង្វែរ​សំណុំ​រឿង​នេះ គឺជា​រឿង​នយោបាយ​វិញ។ លោកស្រី​ចាត់​ទុក​ការ​ចាប់ខ្លួន​នេះ គឺជា​រឿង​អយុត្តិធម៌។ «»

យុវជន សាន់ រដ្ឋា វ័យ​ជាង ៣០​ឆ្នាំ ជា​កម្មករ​លីសែង​នៅ​ប្រទេស​ថៃ បាន​វិល​មក​ស្រុក​កំណត់​វិញ​កាលពី​សប្ដាហ៍​មុន ដើម្បី​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្រុង​ប៉ោយប៉ែត​ខែត្រ​បន្ទាយមានជ័យ ក៏ប៉ុន្តែ​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​ចូល​រោងការ។ យុវជន​រូប​នេះ​តែង​បង្ហោះ​វីដេអូ​ឃ្លីប រិះគន់​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្ស​ជំទាស់ និង​រិះគន់​ការ​រំលាយ​បក្ស​សង្គ្រោះជាតិ ដែល​លោក​ចាត់ទុកថា ជា​ការ​ធ្វើ​រដ្ឋប្រហារ​លទ្ធិប្រជាធិបតេយ្យ និង​មើលងាយ​ឆន្ទៈ​ពលរដ្ឋ។ ក៏ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មក បន្ទាប់​ពី​រដ្ឋាភិបាល​រំលាយ​បក្ស​សង្គ្រោះ​ជាតិ គេ​ពុំ​សូវ​ឃើញ​យុវជន​រូប​នោះ បង្ហោះ​វីដេអូ​ឃ្លី​ប​ដូច​មុនៗ​នោះ​ទេ​។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោក​បាន​បង្ហោះ​វីដេអូ​ច្រើន​ឃ្លីប នៅ​គ្រា​ដែល​រដ្ឋាភិបាល​គ្រោង​រំលាយ​បក្ស​ប្រឆាំង ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​កូន​ខ្មែរ​សាមគ្គី​គ្នា ដើម្បី​សង្គ្រោះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ «»

ប៉ុន្តែ​ក្រោយ​មក​ទៀត យុវជន សាន់ រដ្ឋា បាន​បង្ហាញ​វីដេអូ​ឃ្លីប​មួយ​តាម​បណ្ដាញ​សង្គម សុំទោស​ប្រមុខ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន អនុគ្រោះ។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​អយ្យការ​ខែត្រ​កំពង់ចាម ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បានទេ នៅ​ថ្ងៃទី៩ កុម្ភៈ។ គូ​ដណ្ដឹង​យុវជន សាន់ រដ្ឋា រស់នៅ​ក្រុង​ប៉ោយប៉ែត ខែត្រ​បន្ទាយមានជ័យ កញ្ញា ឡម ដានីស សម្ដែង​អារម្មណ៍ តក់ស្លុត​យ៉ាង​ខ្លាំង នៅ​គ្រា​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​កូន​កម្លោះ ក្នុង​ថ្ងៃ​ចូល​រោងការ ធ្វើ​ឲ្យ​កញ្ញា​ខ្មាសអៀន​មិត្តភ័ក្ដិ និង​ញត្តិ​ជិត​-​ឆ្ងាយ​រាប់​រយ​នាក់ ដែល​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​មង្គលការ ក៏ប៉ុន្តែ​ត្រូវ​ខក​បំណង។ កញ្ញា​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មេត្តា​ដោះលែង យុវជន សាន់ រដ្ឋា ឲ្យ​មាន​សេរីភាព​វិញ ដោយ​គ្រាន់តែ​អប់រំ​ណែនាំ​គាត់​ឲ្យ​បញ្ឈប់ និង​សុំទោស​ថ្នាក់ដឹកនាំ។ «»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក សឹង សែនករុណា ពន្យល់​ថា តាមច្បាប់ ការ​ចុះ​ចាប់​ខ្លួន​អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​ជា​បទល្មើស​ជាក់ស្ដែង ក៏ប៉ុន្តែ​បើ​ពុំ​មែន​ជា​បទល្មើស​ជាក់ស្ដែង​ទេ សមត្ថកិច្ច​គួរតែ​មាន​ដីកា​ពី​តុលាការ និង​បង្ហាញ​ពី​បទ​ល្មើស ដែល​ជន​នោះ​បាន​ប្រព្រឹត្ត។ លោក​បារម្ភ​ថា បើ​ការ​ចាប់ខ្លួន​មិន​ស្របច្បាប់ និង​ចេះតែ​ធ្វើតាម​ទំនើងចិត្ត នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ជាពិសេស​គឺ​ចំ​ថ្ងៃ​ដែល​យុវជន​រូប​នោះ​រៀប​អាពាហ៍ពិពាហ៍​ផង។ «»

លោក សឹង សែនករុណា បន្ថែម​ថា សមត្ថកិច្ច​រដ្ឋាភិបាល​គួរ​ពិចារណា​ចំពោះ​វីដេអូ​ឃ្លីប​ចុងក្រោយ ដែល​យុវជន​រូប​នោះ​បង្ហោះ​សុំទោស​ថ្នាក់ដឹកនាំ​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​បន្ថែម​ថា កម្ពុជា​បាន​ទទួល​ស្គាល់​ការ​គោរព​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ហើយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ការពារ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​គ្មាន​ដែន​កំណត់។

មាត្រា ៣១ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា កម្ពុជា​ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ណា​ទាក់ទិន​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ ដែល​កម្ពុជា ទទួល​ស្គាល់​ថា ជា​ច្បាប់​កម្ពុជា។

កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​មាត្រា​១៩ ចែងថា ជន​គ្រប់រូប​មាន​សិទ្ធិ​ប្រកាន់​មតិយោបល់​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក ហើយ​ជន​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។ សិទ្ធិ​នេះ​ត្រូវ​បាន​រាប់បញ្ចូល​ទាំង​សេរីភាព​ស្រាវជ្រាវ​ព័ត៌មាន​ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​សព្វបែបយ៉ាង​ដោយ​មិន​គិត​ពី​ព្រំដែន​ដោយ​ផ្ទាល់​មាត់ សរសេរ ឬ​បោះពុម្ព​តាម​ទម្រង់​សិល្បៈ​ក្ដី ឬក៏​ដោយ​មធ្យោបាយ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ក្ដី​តាម​ការ​ជ្រើសរើស​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles