Clik here to view.

សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) អំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ រួមមានអ្នកបញ្ជាទិញ កម្មករ សហជីព អ្នកគ្រប់គ្រងរោងចក្រ និងរដ្ឋាភិបាល សហការគ្នា ដើម្បីជំរុញវិស័យកាត់ដេរនៅកម្ពុជា ឲ្យមានការរីកចម្រើន។ ការអំពាវនាវនេះធ្វើឡើង ស្របពេលដែលកម្មករ នឹងទទួលបានប្រាក់ខែចំនួន ១៧០ដុល្លារក្នុងមួយខែ ចាប់ពីខែកុម្ភៈនេះតទៅ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ GMAC នៅថ្ងៃទី៨ ខែកុម្ភៈនេះ ឲ្យដឹងថា សមាគមរោងចក្រកាត់ដេរកម្ពុជា នឹងបន្តការងាររបស់ខ្លួនថែមទៀត សហការជាមួយគ្រប់ភាគី ដើម្បីរក្សាបាននូវការប្រកួតប្រជែង និងភាពរស់រានក្នុងវិស័យកាត់ដេរសំលៀកបំពាក់។ សមាគម GMAC ស្នើឲ្យអ្នកបញ្ជាទិញ បង្កើនការបញ្ជាទិញនិងផ្ដល់តម្លៃសមរម្យ ស្របតាមការគាំទ្ររបស់ខ្លួន ដល់ការដំឡើងប្រាក់ឈ្នួលកម្មករ និងលើកកម្ពស់លក្ខខណ្ឌការងារ។
ចំពោះអ្នកគ្រប់គ្រងរោងចក្រវិញ GMAC ស្នើឲ្យពង្រឹងប្រសិទ្ធភាព នៃប្រព័ន្ធគ្រប់គ្រងឲ្យកាន់តែប្រសើរឡើង ទាំងក្នុងផ្នែកការិយាល័យ និងផ្នែកផលិតកម្ម។ សមាគម GMAC ក៏បានអំពាវនាវឲ្យកម្មករ និងសហជីពទាំងអស់ ចូលរួមសហការជាមួយអ្នកគ្រប់គ្រងរោងចក្រ ក្នុងការលើកកម្ពស់ ការងារឲ្យកាន់តែប្រសើរឡើង និងពង្រឹងគុណភាពទំនិញ ព្រមទាំងទទួលខុសត្រូវចំពោះ ភារកិច្ចការងាររបស់ខ្លួន។
សេចក្ដីថ្លែងការណ៍ដដែលនោះក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា កែលំអសេវាសាធារណៈ ដោយផ្តោតលើការកាត់បន្ថយពេលវេលា ការចំណាយផ្សេងៗ ទាំងកម្រៃផ្លូវការ និងក្រៅផ្លូវការ ព្រមទាំងសម្រួល នីតិវិធីពាក់ព័ន្ធផ្សេងៗ។ បន្ថែមពីនេះ ក៏បានស្នើសុំឲ្យស្ថាប័នរដ្ឋ អនុវត្តប្រកបដោយតម្លាភាព ពាក់ព័ន្ធនឹងការអនុវត្តច្បាប់នានា។
នៅទន្ទឹមនឹងការអំពាវនាវនេះ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងពិចារណាបញ្ឈប់ការលើកលែងពន្ធរាប់រយលានដុល្លារអាមេរិក លើទំនិញនាំចេញពីកម្ពុជា ក្នុងមួយឆ្នាំៗ ជាថ្នូរនឹងការដាក់គំនាបដល់រដ្ឋាភិបាលកម្ពុជា ដែលបានរំលោភសិទ្ធិមនុស្ស និងសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕