Quantcast
Viewing all articles
Browse latest Browse all 11174

សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង​បារម្ភ​ពី​អាជ្ញាធរ​ដាក់​កម្លាំង​ឃ្លាំមើល​ពួកគេ

Image may be NSFW.
Clik here to view.

អាជ្ញាធរ​គណបក្ស​កាន់អំណាច នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន នៅ​ខេត្ត​បាត់ដំបង​បាន​ដាក់​កម្លាំង​តាម​ឃ្លាំមើល​សកម្មភាព​របស់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ។ ការ​ឃ្លាំ​តាមដាន​នេះ ទំនង​ការពារ​ខ្លាច​មាន​ចលនា​សង្គ្រោះជាតិ​កើតឡើង​នៅ​តាម​មូលដ្ឋាន។ សមាជិក​ក្រុមប្រឹក្សា​គណបក្សប្រឆាំង​ខ្លះ សម្ដែង​ការ​ព្រួយបារម្ភ មិន​សូវ​ហ៊ាន​ដើរហើរ​ចេញទៅ​ណា​ឆ្ងាយ​ពី​ផ្ទះសម្បែង​របស់​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​អភិបាល​ស្រុក​រុក្ខគិរី អះអាង​ថា អាជ្ញាធរ​មិន​បាន​តាម​ឃ្លាំមើល​សកម្ម​ជន​របស់​គណបក្សប្រឆាំង​ឡើយ។

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ស្រុក​រុក្ខគិរី បាន​ចាត់​ទុក​ការ​តាមដាន​ដោយ​អាជ្ញាធរ គណបក្ស​កាន់អំណាច​មក​លើ​ពួកគាត់​នេះ​ថា ជា​ការ​ព្យាយាម​បំភិតបំភ័យ និង​បំបិទ​សិទ្ធិ​សេរីភាព​ពួកគាត់។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ ស្រុក​រុក្ខគិរី លោក សែម ពីរស់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ កុម្ភៈ ថា មួយ​រយៈ​ចុងក្រោយ​នេះ អាជ្ញាធរ​ស្រុក និង​ឃុំ​របស់​គណបក្ស​កាន់អំណាច​បាន​ដាក់​មនុស្ស​តាមដាន​សកម្មភាព​របស់​ពួកគាត់​ស្ទើរ​រៀងរាល់ថ្ងៃ។ លោក​បន្ថែម​ថា សព្វថ្ងៃ​សកម្មជន​របស់​គណបក្ស​លោក​នៅ​តាម​ឃុំ ជាពិសេស​ឃុំ​ព្រែកជីក និង​ស្ដុក​ប្រវឹក​ជាដើម មាន​ការ​ខ្លាចរអា ហើយ​មិនសូវ​ហ៊ាន​ចេញ​ទៅ​ធ្វើ​ការងារ​ឆ្ងាយ​ពី​ផ្ទះ​នោះ​ទេ៖ «អាជ្ញាធរ​គួរតែ​កុំ​ធ្វើ​បែប​នេះ​អី ហើយ​បើ​យើង​ល្អ យើង​ស្រលាញ់​ប្រជាពលរដ្ឋ យើង​ឲ្យ​ល្អ​ទៅ​ប្រជាពលរដ្ឋ​ស្រលាញ់​យើង​ហើយ។ គ្មាន​អ្នកណា​គេ ទៅ​បង្កើត​ចលនា​អី​ទេ ព្រោះ​ទាំង​ខ្ញុំ​ទាំង​ប្រជាពលរដ្ឋ​គឺ​ចង់បាន​សិទ្ធិ​សេរីភាព សន្តិភាព​គ្មាន​អំពើ​ហិង្សា ជាពិសេស យើង​ភ័យខ្លាច​ណាស់ ពីព្រោះ​កន្លង​មក​ចេះ​តែ​មាន​ព័ត៌មាន​មិនល្អ​ដែល​ធ្វើ​ឲ្យ​យើង​ចេះតែ​ប្រយ័ត្នប្រយែង​ខ្លួន»

លោក​បន្ថែម​ថា សកម្មភាព​តាមដាន​សកម្មជន​គណបក្សប្រឆាំង​នេះ កើត​មាន​ស្ទើរ​គ្រប់​ស្រុក នៅ​ក្នុង​ខេត្ត​បាត់ដំបង ក្នុង​នោះ​មាន​ស្រុក​សំពៅ​លូន កំរៀង ភ្នំព្រឹក បវេល និង​ក្រុង​បាត់ដំបង​ជាដើម។

ឆ្លើយតប​នឹង​បញ្ហា​នេះ​អភិបាលស្រុក​រុក្ខគិរី លោក ជា សម្បត្តិ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ បញ្ចប់​មុខតំណែង​មក គឺ​សកម្មជន​គណបក្ស​មួយ​នេះ​ហាក់​មាន​ភាព​ស្ងប់ស្ងាត់ ដោយ​ពុំ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​ចលនា​អ្វី​ផ្សេងៗ​នោះ​ទេ។

លោក ជា សម្បត្តិ អះអាង​ទៀត​ថា អាជ្ញាធរ​ក៏​ពុំបាន​បញ្ជូន​កម្លាំង​ដើម្បី​តាម​ឃ្លាំមើល​សកម្មភាព​របស់​មន្ត្រី​គណបក្សប្រឆាំង​នោះ​ដែរ៖ «អា​នឹង​ជា​អារម្មណ៍​របស់​ពួកគាត់​ទេ ក្នុងនាម​ខ្ញុំ​ជា​អាជ្ញាធរ​មិនដែល​ទៅ​ធ្វើ​អី​ពួកគាត់​ទេ កុំ​ឲ្យ​តែ​ពួកគាត់​ធ្វើ​អី​ផ្ដេសផ្ដាស​ខុសច្បាប់ បើ​ពួកគាត់​ធ្វើ​អី​ស្របច្បាប់​ខ្ញុំ​មិនដែល​ទៅ​រុក​ទៅ​កួន​ស៊ើបអង្កេត​អី​ទេ»

ទោះជា​យ៉ាង​នេះ​ក្ដី​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី លើកឡើង​ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាន់តែ​ខិត​កៀក​មកដល់​ទៅ​ហើយ គឺ​អាជ្ញាធរ​គណបក្ស​កាន់អំណាច​គួរតែ​បន្ធូរបន្ថយ ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​មុន​ការ​បោះឆ្នោត​នេះ​ឲ្យ​បាន​ប្រសើរ​ឡើងវិញ ហើយក៏​មិន​ត្រូវ​ដាក់​កម្លាំង​តាមដាន​សកម្មជន​បក្ស​ប្រឆាំង​ដូច​សម័យ​អាវ​ខ្មៅ​នោះ​ទេ ពី​ព្រោះ​កម្ពុជា​ជា​ប្រទេស​របរ​សេរី​ពហុបក្ស៖ «ដូច្នេះ​យើង​មិន​ត្រូវ​មានការ​បំបិទ​សិទ្ធិ​សេរីភាព​ពេក​ទេ ហើយ​នេះ​ជា​សកម្មភាព​មួយ​បើ​ទោះ​បី​មិន​ចេញ​ជា​ពាក្យសម្ដី​អី​ទេ គ្រាន់តែ​ថា តាម​ឆ្វែល​ជាប់​នឹង​ក៏​វា​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការងារ​របស់​គាត់ ហើយ​ខ្ញុំ​គិត​ថា វា​គ្មាន​បដិវត្តន៍​ពណ៌ និង​គ្មាន​ចលនា​អី​កើតមាន​នៅ​ក្នុង​ប្រទេស​នេះ​ទេ អ្វី​ដែល​កើត​នៅ​ក្រៅ​ប្រទេស​ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​ផ្សេង»

កាល​ពី​ពេល​ថ្មីៗ​នេះ​លោក សម រង្សី បាន​បង្កើត​ចលនា​សង្គ្រោះ​ឡើង ដើម្បី​ទាមទារ​ដោយ​សន្តិវិធី​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles