Clik here to view.

មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកការបញ្ជូនខ្លួនស្ត្រីខ្មែរ ដែលបានរិះគន់លោក ហ៊ុន សែន ពីប្រទេសថៃ មកប្រគល់ឲ្យអាជ្ញាធរកម្ពុជា ថាជាការរំលោភបំពានកម្រិតធ្ងន់បំផុត។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ថ្លែងប្រាប់សារព័ត៌មាន ភ្នំពេញ ប៉ុស្ដិ៍ (The Phnom Penh Post) នៅថ្ងៃទី៨ ខែកុម្ភៈ ថា ការបង្ខំអ្នកស្រី សំ សុខា ដែលជាជនភៀសខ្លួនទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ដោយចាប់បញ្ជូនខ្លួនអ្នកស្រីមកកម្ពុជាវិញដូច្នេះ គឺបង្ហាញពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាក់ស្ដែងបំផុត ដែលប្រព្រឹត្តឡើងដោយអាជ្ញាធរថៃ ក្រោមរបបយោធាដ៏ផ្ដាច់ការរបស់ថៃ។
លោក ហ្វីល រ៉ូប៊ើតសុន ថ្លែងបន្តថា ការណ៍ដែលអាជ្ញាធរថៃ ធ្វើដូច្នេះ គឺបង្ហាញឲ្យឃើញពីការចង់ផ្គាប់ចិត្តលោក ហ៊ុន សែន។ លោក ហ្វីល រ៉ូប៊ើតសុន ស្នើឲ្យសហគមន៍អន្តរជាតិ ត្រូវធ្វើយ៉ាងណាឲ្យប្រទេសថៃ ទទួលខុសត្រូវធ្ងន់បំផុតចំពោះទង្វើដ៏យង់ឃ្នងបែបនេះ។
ប្រតិកម្មរបស់មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះ ធ្វើឡើងក្រោយពេលអាជ្ញាធរថៃ បានបញ្ជូនអ្នកស្រី សំ សុខា មកដល់ទឹកដីកម្ពុជា កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ នេះ។ សមត្ថកិច្ចកំពុងឃុំខ្លួនអ្នកស្រី។
អ្នកស្រី សំ សុខា ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាតាមចាប់ខ្លួនពាក់ព័ន្ធនឹងរូបភាពវីដេអូមួយ ដែលបង្ហោះតាមបណ្តាញសង្គម កាលពីខែមេសា ឆ្នាំ២០១៧ ដែលក្នុងនោះអ្នកស្រីបានយកស្បែកជើងគប់ទៅលើស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន។ អ្នកស្រីបានភៀសខ្លួនទៅប្រទេសថៃ តាំងពីពេលនោះមក ដោយអះអាងថា អ្នកស្រីរងការគំរាមកំហែងពីអ្នកគាំទ្រគណបក្សកាន់អំណាច។ ក្រោយមកនៅខែមករា ឆ្នាំ២០១៨ អាជ្ញាធរថៃ បានចាប់ និងឃុំខ្លួនអ្នកស្រី ដោយសារស្នាក់នៅប្រទេសថៃ ហួសថ្ងៃកំណត់ក្នុងទិដ្ឋាការ។ អ្នកស្រីនៅជាប់មន្ទីរឃុំឃាំងនៅប្រទេសថៃ រហូតដល់ថ្ងៃចាប់បញ្ជូនមកកម្ពុជានេះ។
ពាក់ព័ន្ធនឹងការចាប់ខ្លួនអ្នកហ៊ានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន នេះដែរ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចាប់ខ្លួនបុរសម្នាក់ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ "បងថា កូនខ្មែរប្រចាំខេត្តកំពង់ចាម" កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ក្រោមបទចោទ រិះគន់លោក ហ៊ុន សែន តាមសង្គមហ្វេសប៊ុក។ សាក្សីម្នាក់សុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ត្រូវជាសាច់ញាតិនឹងម្ចាស់គណនីហ្វេសប៊ុកនេះ បានឱ្យអាស៊ីសេរីដឹងកាលពីថ្ងៃទី៨ ខែកុម្ភៈ ថា ម្ចាស់គណនីហ្វេសប៊ុកនេះ មានឈ្មោះពិត សាន រដ្ឋា អាយុជិត ៣០ឆ្នាំ។ សាក្សីរូបនេះឲ្យដឹងបន្តថា មន្ត្រីអាវុធហត្ថចំនួន ៣នាក់ ជិះឡានពណ៌ទឹកប្រាក់ បានមកចាប់ខ្លួនលោក សាន រដ្ឋា ដល់ក្នុងផ្ទះ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ខណៈដែលលោក សាន រដ្ឋា កំពុងរៀបចំនឹងងូតទឹក ហើយចាប់បញ្ជូនខ្លួនទៅឃុំបណ្ដោះអាសន្ននៅមន្ទីរអាវុធហត្ថខេត្តកំពង់ចាម។ ក្នុងពេលចុះមកចាប់លោក សាន រដ្ឋា សមត្ថកិច្ចបានដកកាំភ្លើងភ្ជង់សមាជិកក្រុមគ្រួសារលោក សាន រដ្ឋា ព្រមទាំងគំរាមប្រើហិង្សាមកលើអ្នកដែលហ៊ានសួរនាំពីមូលហេតុនៃការចាប់ខ្លួននេះ។
សាក្សីបញ្ជាក់ប្រាប់ថា លោក សាន រដ្ឋា នឹងត្រូវបញ្ជូនទៅតុលាការខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ នេះ ក្រោមបទចោទរិះគន់លោក ហ៊ុន សែន តាមសង្គមហ្វេសប៊ុក។
លោក សាន រដ្ឋា បានរស់នៅនិងធ្វើការនៅប្រទេសថៃ ហើយបានមកលេងស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលថ្ងៃទី២ ខែកុម្ភៈ ក្នុងគោលបំណងភ្ជាប់ពាក្យជាមួយគូដណ្តឹងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែកុម្ភៈ នេះ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីមន្ត្រីប៉ូលិសខេត្តកំពង់ចាម បាននៅឡើយទេ នៅថ្ងៃទី៨ ខែកុម្ភៈ នេះ។
តាំងពីរដ្ឋាភិបាលលោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិ បានសម្រេច និងបណ្តេញអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការធ្វើទុក្ខបុកម្នេញមកលើអ្នកហ៊ានរិះគន់រដ្ឋាភិបាលកាន់តែមានភាពខ្លាំងក្លាជាលំដាប់៕