Clik here to view.

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កំពុងតែព្រួយបារម្ភអំពីស្ថានភាពសុខភាពរបស់លោក។ ពួកគេទាមទារឱ្យតុលាការដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
ក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា កាលពីថ្ងៃទី៧ កុម្ភៈ ឱ្យដឹងថា លោក កឹម សុខា កំពុងប្រឈមនឹងបញ្ហាសុខភាព ហើយត្រូវការគ្រូពេទ្យជំនាញដែលមានឧបករណ៍ទំនើបដើម្បីព្យាបាលលោកជាបន្ទាន់។
លោកស្រីមេធាវី ម៉េង សុភារី បានឱ្យដឹងថា លោក កឹម សុខា ត្រូវការវះកាត់សរសៃ ព្រមទាំងឆាបឆ្អឹងម្ដុំស្លាបប្រជៀវខាងឆ្វេង ព្រោះកាលពីមុខតុលាការឃុំខ្លួន លោកបានទៅឱ្យគ្រូពេទ្យនៅប្រទេសសិង្ហបុរី ពិនិត្យ ហើយគ្រូពេទ្យតម្រូវឱ្យគាត់ត្រូវតែវះកាត់ និងឆាបឆ្អឹងនេះចេញ ដើម្បីកុំឱ្យកៀបសរសៃតទៅទៀត។ លោកស្រីបន្តថា បច្ចុប្បន្ននេះខាងពន្ធនាគារគ្មានគ្រូពេទ្យជំនាញ គ្មានឧបករណ៍គ្រប់គ្រាន់ ដើម្បីធ្វើការព្យាបាលជំងឺលោក កឹម សុខា ទេ ដោយគ្រាន់តែមន្ត្រីពន្ធនាគារផ្ដល់ថ្នាំពេទ្យបន្តិចបន្តួចជូនគាត់ប៉ុណ្ណោះ ប៉ុន្តែមិនបានជួយអ្វីដល់លោក កឹម សុខា ឡើយ៖ «»។
កាលពីថ្ងៃ៥ ខែកុម្ភៈ អង្គការលើកលែងទោសអន្តរជាតិ ក៏បានរៀបចំយុទ្ធនាការអំពាវនាវទាមទារឱ្យតុលាការដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដោយសារស្ថានភាពសុខភាពលោក កឹម សុខា កំពុងធ្លាក់ចុះដុនដាបកាន់តែខ្លាំងពេលកំពុងជាប់ពន្ធនាគារនេះ និងម្យ៉ាងទៀត ខាងមន្ត្រីពន្ធនាគារត្រពាំងផ្លុង មិនអនុញ្ញាតឱ្យគ្រូពេទ្យឯករាជ្យ ចូលទៅព្យាបាលជំងឺលោកទេ។ ចំពោះពលរដ្ឋដែលមានបំណងចង់ឱ្យមានការដោះលែងលោក កឹម សុខា អ្នកទាំងនោះអាចសរសេរសារជាភាសាអង់គ្លេសក៏បាន ឬសរសេរជាភាសាខ្មែរក៏បាន រួចផ្ញើទៅឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទៅរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ឱ្យមុនថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។
ក្រុមមេធាវីគ្រោងក៏នឹងដាក់ពាក្យស្នើសុំឱ្យតុលាការកំពូលដោះលែងលោក កឹម សុខា ដើម្បីអាចឱ្យលោកមានឱកាសចេញមកព្យាបាលជំងឺនៅខាងក្រៅពន្ធនាគារ។ លោកស្រីមេធាវី ម៉េង សុភារី ឱ្យដឹងថា ក្រុមមេធាវីបានរៀបចំពាក្យបណ្ដឹងសាទុក្ខរួចរាល់ហើយ ដោយរង់ចាំតែមេធាវីម្នាក់ទៀតប៉ុណ្ណោះដើម្បីចុះហត្ថលេខា រួចនឹងដាក់ទៅតុលាការកំពូលភ្លាម៖ «»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញ ចាប់ឃុំខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ។ លោកត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង។ មកទល់នឹងពេលនេះ មានរយៈពេលជាង ៥ខែហើយ។ ក្រុមមេធាវីគ្រោងនឹងប្ដឹងសុំឱ្យតុលាការមោឃភាពចម្លើយលោក ឈឹម ផលវរុណ ផងដែរ ដោយហេតុថា លោក ឈឹម ផលវរុណ ជាសាក្សីដែលមានទំនាស់ផលប្រយោជន៍នៅក្នុងសំណុំរឿងក្ដីនេះ។ ក្រុមមេធាវីបានស្នើសុំថតចម្លងចម្លើយលោក ឈឹម ផលវរុណ រួចហើយ ប៉ុន្តែតុលាការមិនទាន់បានថតចម្លងឱ្យនៅឡើយទេ។ ក្រុមមេធាវីនឹងសិក្សាពិនិត្យចម្លើយនេះ ហើយនឹងដាក់ពាក្យប្ដឹងសុំមោឃៈនៅពេលខាងមុខនេះ៕