Clik here to view.

រដ្ឋាភិបាលចិន ប្រកាសប្រឆាំងដាច់ខាតចំពោះអ្នកវិនិយោគចិន ឬជនជាតិចិន ទាំងឡាយណាដែលមានបំណងចង់មកបណ្ដាក់ទុនសាងសង់កាស៊ីណូនៅខេត្តព្រះសីហនុ ឬយកទីតាំងខេត្តនេះ ធ្វើជាកន្លែងលេងល្បែងស៊ីសង និងប្រព្រឹត្តអំពើអនាធិបតេយ្យខុសច្បាប់។ ភាគីចិន ក៏បានប្រកាសជាផ្លូវការមិនគាំទ្ររាល់សំណើទាំងឡាយណាដែលចង់ធ្វើឲ្យខេត្តព្រះសីហនុ ក្លាយជាទីក្រុងស៊ិនជិនទីពីរ ឬឆាយណាថោន (China Town)។
ការប្រកាសនេះ ធ្វើឡើងតាមរយៈស្ថានទូតចិន នៅកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៧ កុម្ភៈ នេះ ដែលហាក់ជាការឆ្លើយតបទៅនឹងក្តីបារម្ភនានាជុំវិញបញ្ហាអសន្តិសុខ និងការបាត់បង់សណ្ដាប់ធ្នាប់ ដោយសារតែការហូរចូលជាគំហុកនូវជនជាតិចិន ក្នុងទឹកដីខេត្តព្រះសីហនុ នេះ។
ក្នុងជំនួបដ៏កម្រមួយជាមួយក្រុមអ្នកកាសែតនេះ ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក ស្យុង បូ លើកយកហេតុផលថា ការធ្វើឲ្យខេត្តព្រះសីហនុ ក្លាយជាតំបន់មួយដែលសម្បូរដោយកាស៊ីណូនេះ នឹងធ្វើឲ្យខាតបង់ដល់ផលប្រយោជន៍របស់វិនិយោគិនចិន នៅខេត្តព្រះសីហនុ។ មិនត្រឹមតែប៉ុណ្ណោះ លោកថា ការណ៍នេះក៏នឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ទេសចរណ៍របស់ជនជាតិចិន ព្រមទាំងប៉ះពាល់សម្រាប់រយៈពេលយូរអង្វែងដល់អនាគតការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ផងដែរ។ លោក ស្យុង បូ លើកឡើងថា ភាគីចិន នឹងបន្តសហការជាមួយកម្ពុជា រួមគ្នាកសាងខេត្តព្រះសីហនុ ឲ្យក្លាយទៅជាកំពង់ផែខ្នាតអន្តរជាតិ ដែលអាចទាក់ទាញវិនិយោគិនចិន កាន់តែច្រើនឡើងឲ្យមកវិនិយោគនៅខេត្តនេះបន្តទៀត។
ឯកអគ្គរដ្ឋទូតចិនរូបនេះ ក៏បានអំពាវនាវដល់ស្ថាប័នអនុវត្តច្បាប់របស់កម្ពុជា ឲ្យអនុវត្តច្បាប់ឲ្យបានយ៉ាងតឹងរ៉ឹងបំផុត ពោលគឺមិនត្រូវបន្ធូរបន្ថយទោសដោយសារតែគិតដល់ទំនាក់ទំនងល្អរវាងចិន និងកម្ពុជា ឡើយ ចំពោះជនសង្ស័យជាជនជាតិចិន ទាំងឡាយណាដែលបានប្រព្រឹត្តអំពើល្មើសច្បាប់នៅកម្ពុជា។
កាលពីពេលថ្មីៗនេះ អភិបាលខេត្តព្រះសីហនុ លោក យន់ មីន បានសរសេរលិខិតមួយច្បាប់ទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបញ្ជាក់អំពីបញ្ហានៃការវិនិយោគរបស់ជនជាតិចិន នៅក្នុងខេត្តព្រះសីហនុ។ លោក យន់ មីន បញ្ជាក់ថា កំណើនជនបរទេសក្នុងខេត្តនេះ កំពុងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើន ដូចជា បង្កឱកាសដល់ជនជាតិចិន ជាពួកម៉ាហ្វីយ៉ាមួយចំនួនបន្លំខ្លួនចូលមកប្រព្រឹត្តបទល្មើស បង្កអសន្តិសុខ និងចាប់ជំរិតអ្នកវិនិយោគ។ ជនបរទេសមួយចំនួនគេចវេះមិនព្រមបំពេញបែបបទតាមនីតិវិធី ខ្លះបើកបរដោយគ្មានច្បាប់អនុញ្ញាត ខ្លះផឹកស៊ី ឡូឡា និងវាយតប់គ្នាតាមទីសាធារណៈ។ ចំណែកស្លាកយីហោហាង សណ្ឋាគារ កាស៊ីណូ និងការដ្ឋានខ្លះ សរសេរអក្សរបរទេសសុទ្ធ ឬសរសេរអក្សរខ្មែរតូចជាងអក្សរបរទេសជាដើម។
បច្ចុប្បន្ន ខេត្តព្រះសីហនុ មានវត្តមានជនជាតិចិន សរុបជិត ៤.៥០០នាក់។ ខេត្តនេះមានកាស៊ីណូចុះបញ្ជីស្របច្បាប់សរុបចំនួន ២៤កាស៊ីណូ ហើយភាគច្រើននៃកាស៊ីណូទាំងនេះ ប្រតិបត្តិ ឬវិនិយោគដោយវិនិយោគិនជនជាតិចិន៕