Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ស្រុក​ត្រាំកក់​បិទ​ផ្លូវ​លំ​មួយ​ខ្សែ​មិន​ឲ្យ​ឡាន​ក្រុមហ៊ុន​ដឹក​ខ្សាច់​ឆ្លង​កាត់

$
0
0

ពលរដ្ឋ​រស់នៅ​ឃុំ​អូរសារាយ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ សម្រេច​នាំ​គ្នា​បិទ​ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង​ជាង ៣​គីឡូម៉ែត្រ ដើម្បី​បញ្ឈប់​សកម្មភាព​រថយន្ត​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​ឯកជន​មួយ។ ក្រុម​ពលរដ្ឋ​អះអាង​ថា ការ​បិទ​ផ្លូវ​នេះ​ដោយសារ​មាន​រថយន្ត​ធំៗ​ទម្ងន់​ពី ៨​តោន​ទៅ ១០​តោន បាន​បើកបរ​ដឹក​ជញ្ជូន​ខ្សាច់​លើ​ដង​ផ្លូវ និង​ធ្វើ​ឲ្យ​ខូចខាត​មិន​អាច​ធ្វើ​ដំណើរ​បាន។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មីនា ពលរដ្ឋ​ប្រហែល ៥០​គ្រួសារ បាន​នាំ​គ្នា​យក​ស៊ីម៉ងត៍​ចាក់​ធ្វើ​ជា​បង្គោល ដើម្បី​បិទ​ច្រក​ផ្លូវ​ចេញ​ចូល​របស់​រថយន្ត​ដឹក​ខ្សាច់​ធំៗ ស្ថិត​នៅ​លើ​ផ្លូវ​លំ​ក្រាល​ក្រួស​មួយ​ខ្សែ​នៅ​ចំណុច​ភូមិ​បឹងសាទង ឃុំ​អូរសារាយ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បន្ទាប់​ពី​រថយន្ត​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​ឯកជន​មួយ បាន​បើកបរ​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​លំ​របស់​ពួក​គាត់។

ពលរដ្ឋ​នៅ​ឃុំ​អូរសារាយ លោក សំ រី ថ្លែង​ថា អស់​រយៈពេល​ជាង​មួយ​ខែ​ហើយ​ដែល​រថយន្ត​ដឹក​ខ្សាច់​របស់​ក្រុម​ឯកជន បាន​ចាប់​ផ្ដើម​បើកបរ​ដឹក​ខ្សាច់​ឆ្លង​កាត់​ផ្លូវ​លំ​កាត់​មុខ​ផ្ទះ​របស់​លោក។ ពលរដ្ឋ​ម្នាក់​នេះ​បន្ត​ថា ម្ចាស់​ក្រុមហ៊ុន​ដឹក​ខ្សាច់​ដែល​គេ​ស្គាល់​ថា ឈ្មោះ ប៉ោ គឺ​ទទួល​បាន​សិទ្ធិ​បូម​ខ្សាច់​ពី​ក្នុង​ស្ទឹង​មួយ​ស្ថិត​នៅ​ឃុំ​ត្រពាំងធំខាងជើង ហើយ​បាន​ដឹក​ខ្សាច់​ឆ្លង​កាត់​តាម​ផ្លូវ​លំ​នៅ​ឃុំ​អូរសារាយ ឡើង​ទៅ​កាន់​ថ្នល់​ជាតិ​លេខ​៣៣ ហើយ​ក្នុង​មួយ​ថ្ងៃៗ គឺ​មាន​រថយន្ត​ដឹក​ខ្សាច់​ធំៗ​ជិត ១០០​គ្រឿង បាន​បើកបរ​ឆ្លង​កាត់​ទៅ​វិញ​ទៅ​មក។

លោក​បញ្ជាក់​ថា ក្រៅ​ពី​នាំ​គ្នា​បិទ​ផ្លូវ ក្រុម​ពលរដ្ឋ​ជិត ៣០០​គ្រួសារ ក៏​បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ចង់​ឲ្យ​ក្រុមហ៊ុន​ឯកជន បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ក្នុង​ស្ទឹង​ដែរ ព្រោះ​ការ​បូម​ខ្សាច់​នោះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ទេ ប៉ុន្តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ និង​ចម្ការ​របស់​ពួក​គាត់​នៅ​តាម​មាត់​ស្ទឹង៖ «»

ក្រុម​ពលរដ្ឋ​នៅ​ភូមិ​បឹងសាទង ថ្លែង​ទៀត​ថា ផ្លូវ​លំ​ក្រាល​ក្រួស​ដែល​ត្រូវ​បាន​រថយន្ត​ដឹក​ខ្សាច់​កំពុង​ធ្វើ​ឲ្យ​ខូចខាត​បណ្ដើរៗ​នេះ គឺ​ជា​ការ​ឧបត្ថម្ភ​កសាង​ឡើង​ពី​ជំនួយ​របស់​អង្គការ​មួយ តាំង​ពី​អំឡុង​ឆ្នាំ​១៩៩០។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ង៉ែត ធី ក៏​បញ្ជាក់​ថា ដំបូង​ឡើយ ទាំង​មេ​ភូមិ និង​មេ​ឃុំ មិន​បាន​មក​ពិភាក្សា ឬ​ក៏​កោះ​ប្រជុំ​ជាមួយ​ពលរដ្ឋ​ជុំវិញ​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដឹក​ខ្សាច់​ឆ្លង​កាត់​ផ្លូវ​លំ​នៅ​ភូមិ​បឹងសាទង ឡើយ ហើយ​ក្រោយ​មក ពលរដ្ឋ​ទៅ​សុំ​អន្តរាគមន៍​ពី​មេ​ភូមិ និង​មេ​ឃុំ ប៉ុន្តែ​មេ​ភូមិ​ឆ្លើយតប​ថា ផ្លូវ​នោះ​គឺ​ស្ថិត​ក្រោម​ការ​សម្រេច​ចិត្ត​របស់​រដ្ឋ៖ «»

លោក ង៉ែត ធី បន្ថែម​ថា ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​បាន​ខ្ចី​លុយ​ធនាគារ​មក​ទិញ​គោយន្ត​សម្រាប់​ដឹក​ខ្សាច់​ពី​ក្នុង​ស្ទឹង ទៅ​លក់​ដើម្បី​ចិញ្ចឹម​ជីវិត​កាល​ពី​ដើម​មក ក៏​កំពុង​បាត់​មុខ​របរ​នេះ​ដែរ បន្ទាប់​ពី​មាន​វត្តមាន​ក្រុមហ៊ុន​ចូល​ទៅ​បូម​ខ្សាច់។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​បំភ្លឺ​តាម​ទូរស័ព្ទ​ពី​មេ​ឃុំ​អូរសារាយ លោក អី វ៉ាន និង​ខាង​ភាគី​ក្រុមហ៊ុន​ខ្សាច់​បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ មីនា នេះ។

ក្រុម​ពលរដ្ឋ​បញ្ជាក់​ទៀត​ថា ការ​ចាក់​ស៊ីម៉ងត៍​ធ្វើ​បង្គោល​ដើម្បី​ហាមឃាត់​រថយន្ត​ដឹក​ខ្សាច់ ក៏​ត្រូវ​បាន​ភាគី​ក្រុមហ៊ុន​មក​បំផ្លាញ​ចោល​វិញ ដើម្បី​យក​ផ្លូវ​ដឹក​ជញ្ជូន​ខ្សាច់​កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ មីនា នេះ ហើយ​មិន​បាន​ឃើញ​លោក​មេ​ឃុំ​អូរសារាយ ចុះ​ទៅ​អន្តរាគមន៍​ឡើយ។

ប៉ុន្តែ​សមាជិក​ក្រុមប្រឹក្សា​ឃុំ អ្នកស្រី ប៉​ម សុភារី ថ្លែង​ថា អ្នកស្រី​មិន​បាន​ដឹង​អំពី​ការ​ចរចា​គ្នា​អំពី​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​បូម​ខ្សាច់​រវាង​លោក​មេ​ឃុំ ជាមួយ​ក្រុមហ៊ុន​ដឹក​ខ្សាច់​យ៉ាង​ណា​ទេ ប៉ុន្តែ​អ្វី​ដែល​អ្នកស្រី​បាន​ចុះ​ទៅ​មើល​ផ្ទាល់ បន្ទាប់​ពី​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ គឺ​ឃើញ​ផ្លូវ​ក្រាល​ក្រួស​ស្ថិត​ក្នុង​ភូមិ​មួយ​ចំនួន គឺ​ភូមិ​បឹងសាទង និង​ភូមិ​ត្រពាំងក្រសាំង ពិត​រង​ការ​ខូចខាត​យ៉ាង​ដំណំ​មិន​អាច​ធ្វើ​ដំណើរ​បាន​មែន ហើយ​ភាគី​ក្រុមហ៊ុន​ដឹក​ខ្សាច់​មិន​បាន​ជួសជុល​ផ្លូវ​ឲ្យ​បាន​ដូច​ដើម​វិញ​ទេ៖ «»

សមាជិក​ក្រុមប្រឹក្សា​ឃុំ​រូប​នេះ​បញ្ជាក់​ថា អ្នកស្រី​បាន​ផ្ដិត​យក​រូប​ផ្លូវ​ដែល​ខូចខាត ដើម្បី​ជជែក​ជាមួយ​មេ​ឃុំ​នៅ​ថ្ងៃ​ទី​២៧ មីនា ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ។

ដោយឡែក​មន្ត្រី​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ុំ ច័ន្ទគា បញ្ជាក់​ថា តាម​គោលការណ៍​អភិបាលកិច្ច គឺ​មន្ត្រី​អាជ្ញាធរ​ត្រូវ​ចេញ​មុខ​ការពារ​ផ្លូវ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជូន​ប្រជាជន និង​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ដឹក​ខ្សាច់​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ ដែល​នាំ​ឲ្យ​ពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ​បាន​ទេ៖ «»

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​ថ្លែង​ថា ភាគី​ក្រុមហ៊ុន​ដែល​ទាញ​យក​ផល​ប្រយោជន៍​ពី​ផ្លូវ គឺ​ត្រូវ​ជួសជុល និង​ថែរក្សា​ផ្លូវ​ឲ្យ​បាន​ដូច​ដើម​ជូន​ពលរដ្ឋ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles