រដ្ឋបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនធំៗ និងម្ចាស់ក្លឹបកម្សាន្តនានាឲ្យដឹងជាមុនអំពីគម្រោងរបស់សមត្ថកិច្ចជំនាញ ចុះធ្វើតេស្ដទឹកនោមបុគ្គលិកបម្រើការងារដើម្បីរកសារធាតុញៀន។ មន្ត្រីសង្គមស៊ីវិលគាំទ្រយុទ្ធនាការនេះ ប៉ុន្តែស្នើឲ្យសមត្ថកិច្ចជំនាញត្រូវបញ្ជូនអ្នកដែលរកឃើញជាប់ពាក់ព័ន្ធគ្រឿងញៀន បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោស បើជនទាំងនោះមានផ្ទុកសារធាតុញៀន។
អភិបាលរងខេត្តព្រះសីហនុ លោក គង់ វិតនៈ ផ្តល់សម្ភាសឲ្យអាស៊ីសេរីនៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ថា រដ្ឋបាលខេត្តនេះបានអញ្ជើញតំណាងក្រុមហ៊ុនកាស៊ីណូ ក្លឹបកម្សាន្តនានា ពិសេសក្រុមហ៊ុនរថយន្តដឹកជញ្ជូនទំនិញ និងអ្នកដំណើរ មកប្រជុំផ្សព្វផ្សាយគ្នានៅក្នុងសប្ដាហ៍នេះ ដើម្បីជូនដំណឹងអំពីការធ្វើតេស្ដរកសារធាតុញៀនទៅលើទឹកនោមរបស់បុគ្គលិកបម្រើការងារនៅតាមក្រុមហ៊ុនទាំងនេះនាថ្ងៃខាងមុខ។
លោក វិតនៈ ឲ្យដឹងថា ជំហានចាប់ផ្ដើមនៃការធ្វើតេស្ដទឹកនោមបុគ្គលិកបម្រើការងារនៅតាមក្រុមហ៊ុនដឹកជញ្ជូន និងក្លឹបកម្សាន្តមានខារ៉ាអូខេ ឬកាស៊ីណូជាដើមនេះ គឺនឹងចាប់ផ្តើមអនុវត្តមុនគេទៅលើបុគ្គលិក ឬអ្នកបើកបររថយន្តដឹកទំនិញធំៗដែលបើកបរឆ្លងកាត់តាមផ្លូវសាធារណៈនាមូលដ្ឋានខេត្តព្រះសីហនុ។
មន្ត្រីរូបនេះរំឭកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឲ្យត្រៀមលក្ខណៈជាមុន ព្រោះនាថ្ងៃខាងមុខនេះ សមត្ថកិច្ចជំនាញ នឹងចុះតាមគោលដៅនានាតាមផ្លូវសាធារណៈ ដើម្បីធ្វើតេស្ដទឹកនោមបុគ្គលិក និងអ្នកបើកបររថយន្តក្រុមហ៊ុននីមួយៗ ដើម្បីរកសារធាតុញៀន៖ «យើងជូនដំណឹងទៅម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនទាំងអស់ជាមុនអំពីផែនការចុះពិនិត្យធ្វើតេស្ដទឹកនោមដល់អ្នកបើកបររថយន្ត ដែលធ្វើសកម្មភាពនៅតាមផ្លូវសាធារណៈក្នុងខេត្តយើងនេះ ដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូនទាំងនោះចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ឬកម្លាំងសមត្ថកិច្ចជំនាញរបស់យើង»។
អភិបាលរងខេត្តព្រះសីហនុ លោក គង់ វិតនៈ បន្ថែមថា ប្រសិនបើសមត្ថកិច្ចធ្វើតេស្តទឹកនោមទៅលើបុគ្គលិក ឬអ្នកបើកបររថយន្តដឹកទំនិញ និងរថយន្តអ្នកដំណើរជាដើម ហើយរកឃើញអ្នកមានផ្ទុកសារធាតុគ្រឿងញៀន គឺអ្នកជាប់ពាក់ព័ន្ធទាំងនោះនឹងត្រូវបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់។
លោកបន្តថា យុទ្ធនាការធ្វើតេស្ដរកសារធាតុញៀននាឱកាសនេះ គឺជាការឆ្លើយតបទៅនឹងការដាក់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានដាក់ចេញ។
លោក គង់ វិតនៈ បន្ថែមថា យុទ្ធនាការធ្វើតេស្តទឹកនោមរកសារធាតុញៀននេះ នឹងចាប់ផ្តើមអនុវត្តជំហានបន្ទាប់ទៅលើបុគ្គលិកធ្វើការងារនៅតាមកាស៊ីណូ និងក្លឹបកម្សាន្តមួយចំនួន មានក្លឹបឌីស្កូ ហាងម៉ាស្សា ខារ៉ាអូខេ និងទីតាំងកម្សាន្តផ្សេងៗ ក្រោយបានអនុវត្តយុទ្ធនាការជំហានដំបូងទៅលើអ្នកបើកបររថយន្តដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ទទួលបានជោគជ័យ៖ «ប្រសិនបើក្រោយពេលធ្វើតេស្ដរកឃើញថា អ្នកបើកបរទាំងនោះមានផ្ទុកសារធាតុញៀន គឺសមត្ថកិច្ចនឹងអនុវត្តទៅតាមនីតិវិធី ដោយឃាត់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់គ្រឿងញៀន។ ដូច្នេះយើងបានជម្រាបជូនដំណឹងដល់បណ្ដាក្រុមហ៊ុនថា ឥឡូវនេះអ្នកប្រើប្រាស់គ្រឿងញៀនមិនមែនជាជនរងគ្រោះទៀតទេ គឺពួកគេជាជនល្មើស ជាអ្នកប្រព្រឹត្តិប្រើប្រាស់គ្រឿងញៀន ហើយត្រូវផ្ដន្ទាទោសតាមច្បាប់គ្រឿងញៀន»។
កាលពីថ្ងៃសុក្រ ទី២៤ ខែមីនា រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការធ្វើតេស្ដទឹកនោម ដើម្បីរកសារធាតុញៀនដល់តំណាងក្រុមហ៊ុនរថយន្តដឹកជញ្ជូនគ្រប់ប្រភេទ និងតំណាងក្រុមហ៊ុនកាស៊ីណូ និងក្លឹបកម្សាន្តជាដើម ដែលកំពុងធ្វើសកម្មភាពនាមូលដ្ឋានខេត្តព្រះសីហនុ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ផ្តល់សម្ភាសតាមទូរស័ព្ទឲ្យអាស៊ីសេរីដឹងថា បើសមត្ថកិច្ចជំនាញធ្វើតេស្ដរកឃើញសារធាតុញៀនទៅលើបុគ្គលិកក្រុមហ៊ុនរថយន្តដឹកជញ្ជូនជាដើមនេះ ត្រូវតែបញ្ជូនអ្នកពាក់ព័ន្ធគ្រឿងញៀនទាំងនោះទៅតុលាការផ្ដន្ទាទោស។
អ្នកឃ្លាំមើលសង្គមរូបនេះ នឹងរង់ចាំមើលថា តើយុទ្ធនាការធ្វើតេស្ដទឹកនោមដើម្បីរកសារធាតុញៀនរបស់រដ្ឋបាលខេត្តព្រះសីហនុ នឹងមានលទ្ធផលវិជ្ជមានបែបណា។ ប៉ុន្តែបើយុទ្ធនាការនេះអាចទទួលបានលទ្ធផលវិជ្ជមាន ឬអនុវត្តមានប្រសិទ្ធភាពមែននោះ អ្នកស្រី សុធារី ស្នើឲ្យសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ត្រូវអនុវត្តយុទ្ធនាការនេះឲ្យបានញឹកញាប់ ឬជាប្រចាំ ទើបអាចឈានដល់កាត់បន្ថយបទល្មើសគ្រឿងញៀនមានប្រសិទ្ធភាព។
អ្នកស្រី សុធារី បន្ថែមថា រាល់ថ្ងៃនេះឃើញមានសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថជាដើម នៅខេត្តព្រះសីហនុ បានបង្ក្រាប និងចាប់បានតែអ្នកចែកចាយគ្រឿងញៀនតូចតាច ឬកំប៉ិកកំប៉ុកបញ្ជូនទៅតុលាការផ្ដន្ទាទោស ប៉ុន្តែអ្នកផលិត ឬមេឈ្មួញគ្រឿងញៀនធំៗ សមត្ថកិច្ចបង្ក្រាប ឬចាប់ខ្លួនមិនទាន់បានទេ៖ «ពាក់ព័ន្ធអ្នកប្រើប្រាស់គ្រឿងញៀន បើសិនជាសមត្ថកិច្ចធ្វើតេស្ដទឹកនោម ហើយរកឃើញសារធាតុញៀន ថាតើស្ថាប័នជំនាញដែលពិនិត្យដឹងថាគាត់ប្រើប្រាស់គ្រឿងញៀនទាំងអស់ហ្នឹង តើនឹងយកលទ្ធផលនៃការពិនិត្យឃើញសារធាតុញៀនទាំងអស់ហ្នឹងទៅធ្វើអ្វី។ យកទៅណែនាំអ្នកមានសារធាតុញៀនទាំងនោះ ឬក៏ឈានដល់ស្វែងរកចាប់ខ្លួនអ្នកដែលចែកចាយគ្រឿងញៀន។ ខ្ញុំចង់ដឹងច្បាស់ពីគោលបំណងនៃការធ្វើតេស្ដទឹកនោមរកសារធាតុញៀនទៅលើអ្នកបើកបរនៅពេលនេះឲ្យបានដឹងច្បាស់ និងស្នើឲ្យអាជ្ញាធរផ្សព្វផ្សាយឲ្យបានដឹងជាសាធារណៈ»។
អ្នកស្រី សុធារី ថ្លែងក្នុងនាមអ្នកឃ្លាំមើលសង្គមដោយស្នើឲ្យរដ្ឋបាលខេត្តព្រះសីហនុ ឬមន្ត្រីជំនាញ ត្រូវតែធ្វើតេស្តទឹកនោម ឬឈាម ដើម្បីរកសារធាតុញៀនទៅលើគ្រប់កងកម្លាំងប្រដាប់អាវុធ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកងទ័ពជាដើម ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ ដើម្បីឲ្យយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល អនុវត្តមានប្រសិទ្ធភាព។
ស្រដៀងគ្នាដែរ លោក ប៊ួន ណារិទ្ធិ អ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ ក៏គាំទ្រវិធានការចុះពិនិត្យធ្វើតេស្តទឹកនោមរកសារធាតុគ្រឿងញៀនទៅលើបុគ្គលិកបើកបរក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងអ្នកដំណើរនេះដែរ។
ករណីនេះ លោកទទួលព័ត៌មានមកថា កន្លងទៅអ្នកបើកបររថយន្តដឹកទំនិញធំៗ ឬរថយន្តសណ្ដោងកុងតឺន័រចេញចូលតាមផ្លូវជាតិលេខ៤ គឺមានប្រើប្រាស់គ្រឿងញៀនពេលពួកគេកំពុងបើកបរនៅលើផ្លូវថ្នល់សាធារណៈ ហើយតែងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាបន្តបន្ទាប់៖ «អ៊ីចឹងហើយយើងមិនចង់ឲ្យខេត្តព្រះសីហនុ ក្លាយជាទីក្រុងនៃគ្រឿងញៀននោះទេ។ ដូច្នេះស្នើឲ្យសមត្ថកិច្ចជំនាញ លោកមេត្តាបើកយុទ្ធនាការត្រួតពិនិត្យធ្វើតេស្ដទឹកនោមអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកដំណើររកសារធាតុញៀននេះ សូមឲ្យការអនុវត្តមានប្រសិទ្ធភាព ដើម្បីទាក់ទាញវិស័យទេសចរណ៍នៅក្នុងខេត្តនេះរីកលូតលាស់ថែមទៀតនាថ្ងៃខាងមុខ ជាពិសេសភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តព្រះសីហនុ គឺសុទ្ធតែជាភ្ញៀវដែលចូលមកពាក់ព័ន្ធនឹងវិស័យទេសចរណ៍ធម្មជាតិ មិនមែនជាទេសចរចូលមកពាក់ព័ន្ធគ្រឿងញៀននោះឡើយ»។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា កន្លងទៅនេះដាក់ចេញយុទ្ធនាការថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី១ របស់ប្រធានាធិបតីហ្វីលីពីន លោក លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលជាអ្នកកំពុងអនុវត្តយុទ្ធនាការដូចគ្នានេះដ៏ខ្លាំងក្លាពុំធ្លាប់មានក្នុងប្រទេស និងធ្វើឲ្យមនុស្សរាប់ពាន់នាក់ស្លាប់។
យុទ្ធនាការបង្ក្រាបគ្រឿងញៀនដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសអនុវត្តលើកទី១ មានរយៈពេល ៦ខែ គឺចាប់ពីខែមករា ដើមឆ្នាំ២០១៧ នេះតទៅ។ បទល្មើសគ្រឿងញៀននេះវាពុំមែនជារឿងថ្មីឡើយ ព្រោះប្រមុខដឹកនាំជារឿយៗតែងរំឭកដល់មន្ត្រីមានសមត្ថកិច្ចក្រោមឱវាទរបស់ខ្លួន ឲ្យអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យសម្រេចតាមការប្ដេជ្ញាចិត្តថា កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀនជាដើម។
បញ្ហានេះ រដ្ឋាភិបាលទទួលស្គាល់ថា ការចរាចរជួញដូរគ្រឿងញៀននៅកម្ពុជា មិនថយចុះទេ ហើយថែមទាំងរីករាលដាលគួរឲ្យបារម្ភ ពោលគឺចាប់ពីទីក្រុងរហូតដល់ជនបទដាច់ស្រយាលមួយចំនួនទៀតផង ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលអះអាងថា កម្ពុជា មិនមែនជាប្រទេសផលិតគ្រឿងញៀន ឬប្រភពនៃគ្រឿងញៀនទេ ដោយគ្រាន់តែមានការលួចលាក់នាំចូលពីក្រៅប្រទេសតាមរបៀងព្រំដែន និងជើងហោះហើរ ដើម្បីនាំចេញទៅប្រទេសទី៣ និងមួយចំនួនសម្រាប់ទីផ្សារក្នុងស្រុក៕