ក្រុមការងារបច្ចេកទេសភាគីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន នឹងអាចឈានដល់ដំណាក់កាលនៃការពិភាក្សាគ្នាលើសេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលបានព័ត៌មាន ត្រង់មាត្រា២០ ដែលនិយាយអំពីព័ត៌មានសម្ងាត់នៅក្នុងខែមេសា ខាងមុខនេះ។ ស្របពេលគ្នានេះ សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ចង់ឲ្យមានការកំណត់និយមន័យឲ្យបានច្បាស់លាស់ និងពិស្ដារ ថាតើអ្វីខ្លះជាព័ត៌មានសម្ងាត់។
បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសដែលកំពុងដំណើរការពិភាក្សាគ្នាជុំវិញសេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលបានព័ត៌មាន ដែលមាន ៩ជំពូក និង ៣៦មាត្រា គឺបានពិភាក្សាគ្នាដល់មាត្រា១៧ ដែលនិយាយអំពី វិធីស្នើសុំ ឬផ្ដល់ព័ត៌មាន ហើយបន្ទាប់មក ក្រុមការងារបច្ចេកទេសនេះនឹងឈានដល់ការពិភាក្សាគ្នាដល់មាត្រា២០ ដែលនិយាយអំពី ព័ត៌មានសម្ងាត់ នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ថ្លែងនៅថ្ងៃទី២៥ មីនា ថា ប្រសិនបើព័ត៌មានសម្ងាត់គ្រាន់តែនិយាយអំពីសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈទូទៅ និងមិននិយាយឲ្យបានលម្អិតជាងនេះ វាងាយស្រួលសម្រាប់មន្ត្រីរដ្ឋាភិបាលអាចយកទៅបកស្រាយបានតាមអំពើចិត្ត ដើម្បីរកលេសមិនផ្ដល់ព័ត៌មានមកសាធារណជន ប្រសិនបើពួកគេចង់លាក់បាំងព័ត៌មានដែលនិយាយប៉ះពាល់ដល់ស្ថាប័នរបស់ពួកគេ៖ «»។
ជំពូក៤ មាត្រា២០ ស្ដីពីព័ត៌មានសម្ងាត់បានចែងថា ស្ថាប័នសាធារណៈអាចបដិសេធផ្ដល់ជូនព័ត៌មានដល់សាធារណជន ប្រសិនបើការបញ្ចេញព័ត៌មាននោះបណ្ដាលឲ្យអន្តរាយដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ អន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ អន្តរាយដល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈជាតិ ប៉ះពាល់ដល់សំណុំរឿងក្ដីរបស់តុលាការ ឬការសម្ងាត់របស់តុលាការ ប៉ះពាល់ដល់អាថ៌កំបាំងឯកជនបុគ្គល ដោយរួមបញ្ចូលទាំងសំណុំរឿងរបស់មន្ត្រីរាជការ សំណុំរឿងពាក់ព័ន្ធបញ្ហាសុខភាព សំណុំរឿងវិវាទ នីតិឯកជន គ្រោះថ្នាក់ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬបំពេញបេសកកម្ម និងប៉ះពាល់ដល់លិខិតបទដ្ឋានគតិយុត្តិ និងបទបញ្ញត្តិហាមឃាត់ស្ដីពីព័ត៌មានសម្ងាត់នៃប្រទេស។
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បញ្ជាក់ថា លោកមិនទាន់អាចបកស្រាយថា អ្វីខ្លះដែលជាព័ត៌មានសម្ងាត់នៅឡើយទេ ព្រោះត្រូវរង់ចាំក្រុមការងារបច្ចេកទេសតាក់តែងឡើងជាមុនសិន ប៉ុន្តែលោកថា ព័ត៌មានសម្ងាត់ គឺសំដៅទៅលើកិច្ចការងាររដ្ឋ ការការពារជាតិ និងកិច្ចការសន្តិសុខជាតិជាដើម ដែលកងទ័ព ឬប៉ូលិស ត្រូវលាក់ការជាសម្ងាត់៖ «»។
មន្ត្រីក្រសួងព័ត៌មាន ដដែលបញ្ជាក់ថា ព័ត៌មានខ្លះទៀតដែលនិយាយអំពីការអភិវឌ្ឍ ឬនិយាយអំពីពាណិជ្ជកម្មធំៗរវាងជាតិ និងជាតិ ក៏ត្រូវចាត់ទុកជាព័ត៌មានសម្ងាត់ដែរ។ ចំពោះអ្នកសារព័ត៌មានយល់ឃើញថា មានចំណុចខ្លះ សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន គឺរឹតត្បិត ព្រោះមិនបើកទូលាយឲ្យប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទទួលព័ត៌មានដោយងាយបាន ដូចជាមាត្រា១១ ក្នុងជំពូក៣ ចែងពីការស្នើសុំព័ត៌មាន ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរដោយបញ្ជាក់លម្អិតឲ្យច្បាស់លាស់អំពីព័ត៌មានដែលត្រូវស្នើសុំទៅស្ថាប័នសាធារណៈ គឺត្រូវបំពេញបែបបទស្នើសុំព័ត៌មាន ដូចជា ឈ្មោះ ភេទ អាយុ សញ្ជាតិ មុខរបរ និងអាសយដ្ឋានជាដើម ហើយខុសពីពេលបច្ចុប្បន្នដែលអ្នកសារព័ត៌មានអាចស្នើសុំព័ត៌មានបន្ទាន់តាមរយៈទូរស័ព្ទ សារអេឡិចត្រូនិក (Email) ឬលិខិត។
តំណាងអង្គការយូណេស្កូ (UNESCO) និងជាសមាជិកក្រុមការងារបច្ចេកទេសពិភាក្សាសេចក្ដីព្រាងច្បាប់នេះ លោក ឆាយ សុផល បញ្ជាក់ថា រយៈពេលកន្លងទៅ ធ្លាប់មានវគ្គបណ្ដុះបណ្ដាលចំនួនពីរលើករួចមកហើយ ដែលនិយាយអំពីព័ត៌មានសម្ងាត់ ដោយវគ្គបណ្ដុះបណ្ដាលទាំងនោះ គឺមានការអញ្ជើញវាគ្មិនជំនាញៗពីក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ ដើម្បីមកចូលរួមផ្ដល់ជាយោបល់ទៅក្រុងការងារបច្ចេកទេស។ តំណាងយូណេស្កូរូបនេះបន្តថា ការប្រមូលមតិបានពីក្នុងវេទិកាជាបន្តបន្ទាប់ និងពីប្រជាជន គឺចង់ឃើញរាល់ចំណុចនីមួយៗនៃខ្លឹមសារដែលនិយាយអំពីព័ត៌មានសម្ងាត់ គួរបញ្ជាក់ឲ្យបានពិស្ដារ៖ «»។
លោក ឆាយ សុផល សង្ឃឹមថា កិច្ចពិភាក្សានាពេលក្រោយជុំវិញសេចក្ដីព្រាងច្បាប់ស្ដីពីព័ត៌មានសម្ងាត់ នឹងមានចំណុចមួយចំនួនត្រូវកែប្រែឡើងវិញ ដើម្បីឲ្យគ្រប់ភាគីអាចទទួលយកបានទាំងអស់គ្នា៕