
មន្ត្រីសង្គមស៊ីវិលលើកឡើងថា សកម្មភាពឈូសឆាយដីព្រៃអស់រាប់ពាន់ហិកតារនៅស្រុកសន្ទុក ខេត្តកំពង់ធំ គឺជាបទល្មើសឧក្រិដ្ឋ ម្យ៉ាងករណីនេះអាចមានការឃុបឃិតគ្នាជាប្រព័ន្ធថែមទៀតផង។ ក្រុមមន្ត្រីសង្គមស៊ីវិលស្នើឱ្យស្ថាប័នតុលាការ គប្បីស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងចាត់វិធានការចំពោះមន្ត្រីអាជ្ញាធរដែលបណ្ដោយឱ្យមានករណីនេះកើតឡើង។
សង្គមស៊ីវិលលើកឡើងថា ការឈូសឆាយដីព្រៃនៅឃុំបឹងល្វា ស្រុកសន្ទុក ជាង ៦ពាន់ហិកតារ ពីសំណាក់ជនជាតិវៀតណាម គឺជាចំណែកទទួលខុសត្រូវរបស់មន្ត្រីជំនាញ អាជ្ញាធរដែនដី និងសមត្ថកិច្ចដែលគ្រប់គ្រងនៅតំបន់នោះ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ការឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ម្នាក់ដែលបានឈូសឆាយដីព្រៃបម្រុងទុករបស់រដ្ឋ គឺមិនទាន់គ្រប់គ្រាន់ទេ។ លោកថា ករណីនេះអាចមានមនុស្សពាក់ព័ន្ធមួយចំនួនទៀត ពីព្រោះចម្លើយសារភាពរបស់ជនសង្ស័យដែលបានចុះផ្សាយតាមរយៈកាសែតក្នុងស្រុកថា ការឈូសឆាយដីព្រៃរបស់រដ្ឋគឺធ្វើតាមបញ្ជាថៅកែក្រុមហ៊ុនចម្ការកៅស៊ូ វៀតណាម ឈ្មោះ ភឿក ហ្វា៖ «ជាការទទួលខុសត្រូវរបស់មន្ត្រីនគរបាលយុត្តិធម៌ មានឃុំ ស្រុក ហើយនិងរដ្ឋបាលព្រៃឈើទៀត ក៏ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដែរ»។
កាលពីថ្ងៃទី១ ខែកុម្ភៈ មន្ត្រីរដ្ឋបាលព្រៃឈើកំពង់ថ្ម និងកម្លាំងចម្រុះ ក្រោមបញ្ជាពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា ចាប់ខ្លួនជនជាតិវៀតណាម ម្នាក់ឈ្មោះ ង្វឿន ឌឹកញឺន ជាបុគ្គលិកក្រុមហ៊ុន ភឿក ហ្វា ព្រមទាំងគ្រឿងចក្រមួយគ្រឿង។ កាសែតក្នុងស្រុកបញ្ជាក់ថា ការចាប់ខ្លួនជនជាតិវៀតណាម រូបនេះ ធ្វើឡើងពាក់ព័ន្ធពីបទលួចឈូសឆាយដីព្រៃបម្រុងទុករបស់រដ្ឋនៅចំណុចអូរព្រាល ឃុំបឹងល្វា ក្រោមបញ្ជាពីថៅកែរបស់ខ្លួន ហើយផ្ទៃដីឈូសឆាយមានទំហំជាង ៦ពាន់ហិកតារ។
អាស៊ីសេរី មិនអាចទាក់ទងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា និងអាជ្ញាធរខេត្តបានទេ នៅថ្ងៃទី៥ ខែកុម្ភៈ។
ទោះជាយ៉ាងណា សំណុំរឿងនេះបានបញ្ជូនទៅតុលាការកាលពីថ្ងៃទី២ ខែកុម្ភៈ ដើម្បីស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញការពារព្រៃឡង់ លោក សេង សុខហេង ដែលបានតាមដានករណីនេះកត់សម្គាល់ថា ជារឿងមិនធម្មតា ពីព្រោះជនល្មើសអាចលួចឈូសឆាយដីព្រៃបម្រុងទុករបស់រដ្ឋដល់រាប់ពាន់ហិកតារ ហើយអាជ្ញាធរដែនដី និងមន្ត្រីជំនាញបែរជាមិនអើពើតាំងពីដំបូង។ លោកបន្តថា ករណីនេះអាចមានការឃុបឃិតគ្នាតែម្ដង ម្យ៉ាងវិធានការពេលនេះ ប្រហែលជាមានទំនាស់ផលប្រយោជន៍ណាមួយកើតឡើង៖ «វាមិនមែនមានតែជនជាតិវៀតណាម នោះម្នាក់ អាចធ្វើទៅរួចទេ ដីជាង ៦ពាន់ហិកតារ ប្រាកដជាមានភាគីពាក់ព័ន្ធណាច្រើនទៀតដែលនៅពីក្រោយខ្នងបទល្មើសនេះ។ អ៊ីចឹងយើងសំណូមពរឱ្យទាំងស្ថាប័នតុលាការ ទាំងរាជរដ្ឋាភិបាល មេត្តាធ្វើការស៊ើបអង្កេតដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងផ្ដល់ទំនុកចិត្តដល់សាធារណជនឡើងវិញ»។
ច្បាប់ព្រៃឈើឆ្នាំ២០០២ មាត្រា១០០ ចែងថា សកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយអាជ្ញាធរដែនដី ឬមន្ត្រីអាជ្ញាធរផ្សេងទៀត ដើម្បីធ្វើការអន្តរាគមន៍ផ្ដល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោលជួយដល់អាជីវកម្មព្រៃឈើ ត្រូវចាត់ទុកជាបទល្មើស ត្រូវផ្ដន្ទាទោសពី ១ឆ្នាំទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលទៅ ១០០លានរៀល។
លោក សេង សុខហេង អះអាងថា ករណីស្រដៀងគ្នានេះ ធ្លាប់កើតមាននៅតំបន់ព្រៃឡង់ ដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនមួយចំនួន ដូចជាក្រុមហ៊ុន ស៊ី.អរ.ស៊ី.ខេ (CRCK) ក្រុមហ៊ុន ធីង៉ា (THY NGA) ក្រុមហ៊ុន ភី.អិន (PN)។ ភាពមិនច្បាស់លាស់ក្នុងការកំណត់ព្រំប្រទល់រវាងដីក្រុមហ៊ុន ជាមួយដីព្រៃរបស់រដ្ឋ ឬដីប្រជាសហគមន៍ គឺជាបញ្ហានៅពេលក្រុមហ៊ុនតែងឆ្លៀតឈូសឆាយចូលដីរដ្ឋ និងដីសហគមន៍ បណ្ដាលឱ្យមានវិនាសកម្មព្រៃឈើ ម្យ៉ាងបង្កឱ្យមានវិបត្តិដីធ្លីជាមួយប្រជាពលរដ្ឋឥតឈប់ឈរទៀតផង៕