Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​គិរីសាគរ​ប្ដឹង​ក្រុមហ៊ុន​ចិន​ទៅ​តុលាការ​កោះកុង​រឿង​បំផ្លាញ​ផ្ទះ​និង​ផលដំណាំ

Image may be NSFW.
Clik here to view.

ប្រជាពលរដ្ឋ​ក្នុង​ស្រុក​គិរីសាគរ ប្ដឹង​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ទៅ​តុលាការ​ខេត្ត​កោះកុង បន្ទាប់ពី​ក្រុមហ៊ុន​បាន​ដឹកនាំ​កម្លាំង​អាជ្ញាធរ និង​សន្តិសុខ រុះរើ​ដុត កម្ទេច​ផ្ទះ​ពលរដ្ឋ ៩​គ្រួសារ និង​កាប់​បំផ្លាញ​ផលដំណាំ​ពលរដ្ឋ​ជាច្រើន​ហិកតារ នៅ​ក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ កាលពី​ពាក់​កណ្ដាល​ខែ​មករា។ រីឯ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ យុត្តិធម៌ ព្រោះ​បើ​តាម​អង្គហេតុ​គឺ​ពលរដ្ឋ មាន​អាទិភាព​ក្នុង​ការ​ឈ្នះ​ក្ដី។

ប្រជាពលរដ្ឋ​ចំនួន ១៤​គ្រួសារ រស់នៅ​ក្នុង​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​ភ្ញីមាស និង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ បានសម្រេច​ដាក់ពាក្យ​បណ្ដឹង​ប្រឆាំង​ក្រុមហ៊ុន​ចិន យូញៀន ទៅ​តុលាការ​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ បន្ទាប់​ពី​ពុំ​មាន​ដំណោះស្រាយ​ពី​ខាង​អាជ្ញាធរ និង​ក្រុមហ៊ុន។

តំណាង​ពលរដ្ឋ​ម្នាក់​គឺ​អ្នកស្រី យ៉ង ខុន រៀបរាប់ ថា មូលហេតុ​ដែល​ពួកគាត់​ប្ដឹង​ទៅ​តុលាការ​នេះ គឺ ដោយសារ​អាជ្ញាធរ​ស្រុក និង​ខេត្ត​មិនបាន​ជួយ​ដោះស្រាយ​អ្វី​ទាំងអស់ ខណៈ​ដែល​ក្រុមហ៊ុន មិន​បាន​ទទួល​ខុសត្រូវ​ផ្ដល់​សំណង ក្រោយ​បណ្ដេញ​ពួកគាត់​ចេញ​ដោយ​ហិង្សា កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ «ចង់​អោយ​តុលាការ ដោះស្រាយ​ជា​សំណង​ចំពោះ​អ្វី​ដែល​ក្រុមហ៊ុន​បាន​កាប់​ដំណាំ ដើម​ឈើ និង​ផ្ទះ​សម្បែង​ដែល​គេ​ដុត​ចោល​អ៊ីចឹង»

ចាប់តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មករា តំណាង​ក្រុមហ៊ុន​ចិន យូញៀន លោក គឹម ឡេង អាយុ​៣៦​ឆ្នាំ បាន​ដឹកនាំ​កម្លាំង​កម្លាំង​កងអាវុធហត្ថ​ខេត្ត មាន​អាវុធ​គ្រប់​ដៃ និង​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន​ប្រមាណ​៦០នាក់ ចូល​រុះរើ និង​ដុត​ផ្ទះ​របស់​ពួកគាត់​ចំនួន ៩​គ្រួសារ នៅ​ចំណុច​ថ្មពាន ស្ថិត​ក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង។ ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​អាជ្ញាធរ និង​សន្តិសុខ​ក្រុមហ៊ុន ក៏បាន​ពង្រាយ​គ្នា​ដើរ​កាប់​បំផ្លាញ​ផលដំណាំ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ថែមទៀត ដោយ​ក្រុមហ៊ុន​ចោទ​ថា ពលរដ្ឋ​ទាំងនោះ បាន​ដាំ​ដំណាំ​ប៉ះពាល់​លើ​ដី​របស់​ក្រុមហ៊ុន។ ដំណាំ​ដែល​កាប់​បំផ្លាញ​នោះ រួមមាន​ដំឡូង​មី ស្វាយ​ចន្ទី ចេក ខ្នុរ ម្នាស់ និង​ដើម​ធូរេន​ជាដើម។

តំណាង​ពលរដ្ឋ​ម្នាក់​គឺ​អ្នកស្រី យ៉ង ខុន រៀបរាប់​ថា ក្នុង​ពាក្យ​បណ្ដឹង​នោះ​គឺ​ពលរដ្ឋ​ទាមទារ​សំណង ទៅតាម​ទំហំ​ដី និង​ការ​ខូច​ខាត​ផ្ទះសម្បែង និង​ផលដំណាំ ដោយ​ក្នុង​ម្នាក់ៗ​ចន្លោះ​ចាប់ពី ១​ពាន់ ដុល្លារ​ទៅ​ជាង ២​ម៉ឺន​ដុល្លារ និង​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ផ្ដន្ទាទោស​ទៅលើ​អ្នក​ប្រព្រឹត្ត​បទល្មើស​តាម​ផ្លូវ​ច្បាប់។ អ្នកស្រី​ថា បច្ចុប្បន្ន ការ​បណ្ដេញ​ទាំង​បង្ខំ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត និង​សេដ្ឋកិច្ច គ្រួសារ​ពួកគាត់​ធ្ងន់ធ្ងរ «ពិបាក​អត់​មាន​ដី​ធ្វើ​ដំណាំ និង​ដាំដុះ​ដូច្នេះ​វា​អត់​មាន​អី​ហូប និង​ដោះដូរ​ជា​លុយ។ ឥឡូវ​នេះ​វា​មាន​ដំណាំ​តិច​តួច ដូច្នេះ​ពិបាក​ដោះស្រាយ​ណាស់»

អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា ការ​ដែល​ពលរដ្ឋ​ពឹង​ផ្អែកលើ​ស្ថាប័ន​តុលាការ​នេះ ព្រោះ​ពួកគាត់​យល់ថា តុលាការ​មាន​អំណាច​ក្នុង​ការ​កោះហៅ​ជន​ប្រព្រឹត្ត​មក​សាកសួរ និង​ដោះស្រាយ​សំណង​ជូន​ពួកគាត់។ ទោះ​យ៉ាង​ណា​ក្តី លោក​ពុំសូវ​មាន​សង្ឃឹម​ទៅលើ​ប្រព័ន្ធ​តុលាការ​នោះ​ទេ ដោយសារ​កន្លងមក មាន​ពលរដ្ឋ​ជាច្រើន ដែល​រង​ផល​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ចិន​នេះ ត្រូវ​បាន​តុលាការ​តម្កល់​សំណុំរឿង​ទុក​ឥត​ចាត់ការ​ម្ដង​ហើយ «យើង​អត់​មាន​សង្ឃឹម​ទៅ​លើ​តុលាការ​ទេ ប៉ុន្តែ​ពួកគាត់​អស់​ជម្រើស ទើប​ដាក់​ពាក្យ​ទៅ​តុលាការ​អោយ​ហៅ​ជន​ប្រព្រឹត្ត​មក​ចំពោះ​មុខ​ច្បាប់។ អ៊ីចឹង​ក្នុង​នាម​ជា​សង្គម​ស៊ីវិល ជំរុញ​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​គាត់​ហើយ​ស្រាវជ្រាវ​ចាប់​ជនល្មើស​យក​មក​ផ្ដន្ទាទោស និង​ទទួល​ខុសត្រូវ ផ្ដល់​សំណង​ដល់​អ្នក​រងគ្រោះ​ទាំង ១៤​គ្រួសារ»

លោក អ៊ិន គង់ជិត បន្ថែម​ថា បើ​ផ្អែក​តាម​ផ្លូវ​ច្បាប់ ហើយ​តុលាការ​កាត់​ក្តី​ដោយ​យុត្តិធម៌​នោះ គឺ​ពលរដ្ឋ​មានលទ្ធភាព​ឈ្នះ​រឿង​ក្ដី​នេះ។

តំណាង​ពលរដ្ឋ អះអាង​ថា ប្រជាពលរដ្ឋ នឹង​មិន​សុខចិត្ត​នោះ​ឡើយ ប្រសិនបើ​ក្រុមហ៊ុន​ចិន និង​តុលាការ​មិន​ដោះស្រាយ​សំណង និង​កាត់​ឆ្វៀល​ដី​ជូន​ពួកគាត់​សម្រាប់​បង្កបង្កើនផល​ទេ​នោះ។ ក្រោយការ​បណ្ដេញ​ដោយ​បង្ខំ​នេះ ប្រជាពលរដ្ឋ​ថា ពួកគាត់​កំពុង​ជួប​ការ​លំបាក​គ្រប់​បែប​យ៉ាង ដូចជា​ជីវភាព​ខ្វះខាត គ្មាន​ទីជម្រក និង​គ្មាន​ដីស្រែ​ចម្ការ​សម្រាប់​បង្ក​បង្កើន​ផល​ចិញ្ចឹមជីវិត​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles