Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នកនាំពាក្យ​របស់​បក្ស​កាន់​អំណាច​ថា​កម្ពុជា​មិន​ដែល​ដឹក​នាំ​ខុស​គន្លង​នីតិរដ្ឋ​នោះ​ទេ

$
0
0

មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​អះអាង​ថា ការ​ចាត់​វិធានការ​ទៅ​លើ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ គឺ​ជា​ការ​អនុវត្ត​នីតិរដ្ឋ​របស់​ប្រទេស​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​ចាត់​ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​កម្ពុជា លើ​ក្រុម​អ្នក​រិះគន់ ថា​ជា​ការ​រំលោភ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ។

​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​ដែល​កាន់​អំណាច​បង្ហាញ​ថា កម្ពុជា​កំពុង​ដុសខាត់​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន​តាម​រយៈ​ការ​ប្រើ​វិធានការ​ក្ដៅ​ទៅ​លើ​ជន​ទាំង​ឡាយ​ណា​ដែល​ល្មើស​ទៅ​នឹង​ច្បាប់​របស់​កម្ពុជា។

​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​ដំណើរ​ការ​ទៅ​ដោយ​រលូន​តាម​រយៈ​ការអនុវត្ត​ច្បាប់។ លោក​បន្ត​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ណា​ដែល​ថា រដ្ឋាភិបាល​របស់​លោក​បាន​បំផ្លាញ​គណបក្ស​ប្រឆាំង ឬ​ក្រុម​សង្គម​ស៊ីវិល​គឺ​ជា​ការ​ចោទ​ប្រកាន់​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​អំពី​ការ​រីក​លូតលាស់​នៃ​ដំណើរ​ការ​នីតិរដ្ឋ៖ «យើង​មាន​ទៅ​ធ្វើ​ទុក្ខ​ទោស​អី​ដល់​គណបក្ស​ប្រឆាំង គាត់​បង្កើត​ទោស​ដោយ​ខ្លួន​ឯង។ អ៊ីចឹង​គាត់​ត្រូវ​ទទួល​ទោស​ដោយ​ខ្លួន​ឯង។ ដោយ​ឡែក ពួក​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​តូច​មិន​បាន​ប៉ុន្មាន​ភាគ​រយ​ទេ ព្រោះ​អង្គការ​សង្គម​ស៊ីវិល ឥឡូវ​ជិត​ប្រាំ​ពាន់​អង្គការ ហើយ​មាន​តែ​អង្គការ​សង្គម​ស៊ីវិល​មួយ​ពីរ​ទេ​ដែល​ធ្វើ​ខុស​ច្បាប់ ដែល​ត្រូវ​បិទ ឬ​ត្រូវ​ដេញ​ចេញ អា​ហ្នឹង​ជា​ការ​អនុវត្ត​ច្បាប់។ អនុវត្តន៍​ច្បាប់​គឺ​ពង្រឹង​នីតិរដ្ឋ​ហ្នឹង​ហើយ។ បើ​ពង្រឹង​នីតិរដ្ឋ​អា​ហ្នឹង​វា​ជា​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ដែរ»

​ការ​អះអាង​របស់​លោក សុខ ឥសាន គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​ពលករ​របស់​ប្រទេស​អូស្ត្រាលី លោក ម៉ាក បាត់លើរ (Mark Butler) កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ បាន​ដាក់​ញត្តិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ដាក់​ទណ្ឌកម្ម​ការទូត​កម្រិត​ធ្ងន់​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា៖ «ការ​ធ្វើ​ទុក្ខបុកម្នេញ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ពេល​ថ្មីៗ​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​រាលដាល​នៃ​ការ​ធ្វើ​បាប​សំឡេង​ប្រឆាំង ដែល​ទាមទារ​ឲ្យ​មាន​វិធានការ​ទណ្ឌកម្ម​ផ្នែក​ការទូត​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ប្រទេស​ដទៃ បាន​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន បណ្ដើរៗ​ហើយ។ សហរដ្ឋអាមេរិក បាន​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ទណ្ឌកម្ម​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ដោះលែង​លោក កឹម សុខា និង​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។ ចំណែក​ឯ​សភា​អឺរ៉ុប ក៏​បាន​រៀបចំ​បញ្ជី​ឈ្មោះ​ជន​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រម្លាយ​គណបក្ស​ប្រឆាំង និង​ការ​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ឈាន​ទៅ​បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ។ ខ្ញុំ​សូម​រម្លឹក​រដ្ឋ​សភា​យើង​ថា យើង​មាន​ភារកិច្ច​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ឲ្យ​ប្រទេស​កម្ពុជា មាន​លទ្ធិប្រជាធិបតេយ្យ និង​ជួយ​ការពារ​កុំ​ឲ្យ​ប្រជាធិបតេយ្យ​បាត់​បង់​ទៅ​វិញ។ ប៉ុន្តែ ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន សព្វថ្ងៃ កំពុងតែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នេះ។ ប្រទេស​អូស្ត្រាលី ត្រូវ​តែ​បញ្ជាក់​ជំហរ​ឲ្យ​ដាច់​ណាត់​ថា ខ្លួន​គាំទ្រ​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​របស់​ពួកគាត់ និង​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ពិភពលោក»

​លោក ម៉ាក បាត់លើរ ក៏​បាន​រម្លឹក​ដល់​រដ្ឋ​សភា​អូស្ត្រាលី ផង​ដែរ អំពី​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដែល​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា ប្រសិនបើ​គ្មាន​ដំណោះ​ឲ្យ​បាន​ឆាប់​ទេ នោះ​វា​នឹង​នាំ​ឲ្យ​ប៉ះទង្គិច​ដល់​ការ​បោះឆ្នោត​ជាតិ នា​ខែ​កក្កដា ខាង​មុខ។ ​លោក ម៉ាក បាត់លើរ រម្លឹក​ថា ប្រទេស​អូស្ត្រាលី មាន​ករណីយកិច្ច​ក្នុង​ការ​ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ទទួល​បាន​សិទ្ធិ សេរីភាព និង​ប្រជាធិបតេយ្យ​ពិតប្រាកដ​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។ ​

ប៉ុន្តែ​លោក សុខ ឥសាន អះអាង​ថា ញត្តិ​របស់​តំណាងរាស្ត្រ​អូស្ត្រាលី រូប​នេះ​គ្រាន់​តែ​ជា​ញត្តិ​មួយ​ដែល​ធ្វើ​ឡើង​ក្នុង​ន័យ​លំអៀង​គណបក្ស​នយោបាយ​ប៉ុណ្ណោះ៖ «ឥឡូវ​យើង​អនុវត្ត​នីតិរដ្ឋ ហើយ​បើ​យើង​អនុវត្ត​នីតិរដ្ឋ​ហើយ វា​អត់​ខុស​អី​ទេ ពីព្រោះ​ស្រប​ទៅ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​វា​ស្រប​ទៅ​តាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ។ ដូច្នេះ​មតិ​របស់​អស់​លោក​ទាំង​ហ្នុង​គ្រាន់តែ​ជា​ការ​លំអៀង​ផ្នែក​នយោបាយ»

​ទោះជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា នីតិរដ្ឋ​របស់​កម្ពុជា មិន​មែន​ជា​នីតិរដ្ឋ​តាម​ប្រទេស​លោក​សេរី​នោះ​ទេ ប៉ុន្តែ​វា​ជា​នីតិរដ្ឋ​របស់​ប្រទេស​កុំមុយនិស​ដែល​គេ​ហៅ​ថា ច្បាប់​សង្គម​និយម ហើយ​ច្បាប់​នេះ​ជា​ឧបករណ៍​អំណាច​មួយ​ក្នុង​ការ​ផ្ដួល​រំលំ​សត្រូវ​ទាំង​ឡាយ​ដែល​ជា​គណបក្ស​នយោបាយ​ជំទាស់​នឹង​ខ្លួន។ ​លោក​បញ្ជាក់​ថា ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា ជា​ប្រព័ន្ធ​ច្បាប់​មួយ​ដែល​មិន​គោរព​សិទ្ធិមនុស្ស ដោយសារ​ក្រុម​ចៅក្រម​ទាំង​នោះ​ជា​សមាជិក​នៃ​គណបក្ស​កាន់​អំណាច។ ដូច្នេះ​ពួកគេ​ត្រូវ​តែ​គោរព និង​ធ្វើ​តាម​គោលនយោបាយ​របស់​បក្ស និង​រដ្ឋាភិបាល។

​អ្នកឃ្លាំមើល​ដំណើរ​ការ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​រូប​នេះ​អះអាង​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​ហាម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ គឺ​ជា​ភស្តុតាង​យ៉ាង​ច្បាស់​អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ការ​គំរាមកំហែង ការ​បំភិតបំភ័យ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​ក្រុម​អ្នក​រិះគន់​គឺ​ជា​ភស្តុតាង​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ក្រុម​សង្គម​ស៊ីវិល។

​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project-WJP) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន កាល​ពី​ចុង​ខែ​មករា បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ជាប់​លេខ​១១២ ក្នុង​ចំណោម​ប្រទេស​ចំនួន​១១៣ នៅ​ទូទាំង​ពិភពលោក​ដែល​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់​នៃ​ការ​មិន​គោរព​នីតិរដ្ឋ ហើយ​ដែល​នាំ​ឲ្យ​កម្ពុជា ធ្លាក់​ទៅ​ក្នុង​របប​ដឹកនាំ​បែប​ផ្ដាច់ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles