Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ចៅក្រម​កោះហៅ​លោក អ៊ួន ឈិន មក​ឆ្លើយ​បំភ្លឺ​បន្ថែម

$
0
0

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ចន្ទ ទី​៥ ខែ​កុម្ភៈ បាន​កោះហៅ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី មួយ​រូប គឺ​លោក អ៊ួន ឈិន ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​បន្ថែម​ជុំវិញ​បទ​ចោទ​ប្រកាន់​ពី​បទ​លួច​ផលិត​ព័ត៌មាន​បញ្ជូន​មក​រដ្ឋធានី​វ៉ាស៊ីនតោន។

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​តុលាការ​កោះហៅ​តែ​លោក អ៊ួន ឈិន មក​ឆ្លើយ​បំភ្លឺ​តែ​ម្នាក់​ឯង។ កន្លង​មក​តុលាការ​តែងតែ​កោះ​ហៅ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ដែល​ស្ថិត​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​ជាមួយគ្នា​នោះ​មក​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ក្នុង​ពេល​ជាមួយ​គ្នា។

​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន គឺ​លោក កែវ វ៉ាន់នី កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ បាន​ឱ្យ​អាស៊ីសេរី ដឹង​ថា មូលហេតុ​ដែល​តុលាការ​កោះ​ហៅ​លោក អ៊ួន ឈិន មក​ឆ្លើយ​បំភ្លឺ​ម្នាក់​ឯង ដោយសារ​តែ​ខាង​សមត្ថកិច្ច​បាន​បញ្ជូន​វីដេអូ​មួយ​ចំនួន​បន្ថែម​ទៀត​ទាក់ទង​នឹង​ជាមួយ​លោក អ៊ួន ឈិន មក​តុលាការ ដូច្នេះ​ហើយ​ទើប​តុលាការ​​កោះ​ហៅ​លោក អ៊ួន ឈិន មក​ឆ្លើយ​បំភ្លឺ​បន្ថែម៖ «មើល​ទៅ​ប្រហែល​គេ​មិន​សួរ​អី​ច្រើន​ជាមួយ​លោក សុធារិន្ទ ទេ ដោយសារ​ខាង​តុលាការ​យល់​ឃើញ​ថា វា​អត់​ពាក់ព័ន្ធ​អ៊ី​ខ្លាំង​ជាមួយ​គាត់ អ៊ីចឹង​បាន​គេ​សួរ​ប៉ុណ្ណឹង​ដូច​អស់​សេចក្ដី​ហើយ»

​លោក កែវ វ៉ាន់នី បាន​ឱ្យ​អាស៊ីសេរី ដឹង​ថា លោក អ៊ួន ឈិន នៅ​តែ​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ប្រកាន់​មក​លើ​ខ្លួន ដោយ​លោក​អះអាង​ថា លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ ព្រោះ​កាល​នៅ​ធ្វើ​ការ​ឱ្យ​វិទ្យុ​អាស៊ីសេរី លោក​រាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី សង្គម ដែល​ច្បាប់​មិន​បាន​ហាមឃាត់​ឡើយ។

​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​លួច​ផលិត​ព័ត៌មាន​បញ្ជូន​មក​រដ្ឋធានី​វ៉ាស៊ីនតោន តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ អ្នក​ទាំង​ពីរ​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ។

​ជាមួយ​គ្នា​នេះ​ដែរ លោក កែវ វ៉ាន់នី បាន​ឱ្យ​ដឹង​បន្ត​ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យ​តុលាការ​កោះ​ហៅ​សាក្សី​បន្ថែម​ទៀត​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែ​កុម្ភៈ ខាង​មុខ​នេះ។ គោលបំណង​ដែល​លោក​ស្នើ​សុំ​នេះ គឺ​ដើម្បី​បញ្ជាក់​ជូន​តុលាការ​ថា កូនក្ដី​ទាំង​ពីរ​របស់​លោក​ជា​មនុស្ស​ស្អាតស្អំ មិន​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ណា​មួយ​ផ្ទុយ​នឹង​ច្បាប់​ឡើយ។ សាក្សី​ទាំង​នោះ​រួម​មាន ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​លោក យាង សុធារិន្ទ។

​លោក កែវ វ៉ាន់នី ក៏​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា តុលាការ​កំពូល​មិន​ទាន់​មាន​ចំណាត់​ការ​ជុំវិញ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ។ លោក​បាន​ប្ដឹង​សាទុក្ខ​សុំ​ឱ្យ​តុលាការ​កំពូល​ដោះលែង​កូនក្ដី​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧។

​អ្នក​ច្បាប់​ជាតិ និង​អង្គការ​អន្តរជាតិ​អះអាង​ថា ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​អយុត្តិធម៌។ មក​ទល់​ថ្ងៃ​អង្គារ ទី​៦ កុម្ភៈ ចូល​ថ្ងៃ​ទី​៨៥ ហើយ ដែល​តុលាការ​បាន​ឃាត់ និង​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles