Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ព្រៃ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​រតនគិរី​រង​ការ​រាន​ដី​ខ្លាំង​ឡើង​ដោយ​ឈ្មួញ​ឃុបឃិត​នឹង​អាជ្ញាធរ

$
0
0

ពលរដ្ឋ​រស់នៅ​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី​អះអាង​ថា ព្រៃ​សហគមន៍​ភូមិ​កែងសាន់ ដែល​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ កំពុង​ទទួលរង​ឈូស​ឆាយ​រាន​យក​ដី ធ្វើជា​សម្បត្តិ​បុគ្គល។ ពួកគាត់​បញ្ជាក់​ថា សកម្មភាព​នេះ​កើតមាន​កាន់​តែ​ខ្លាំង​ឡើងៗ ដោយ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល។ អ្នកភូមិ​ដដែល​ថា តុលាការ​ខែត្រ​នេះ បាន​ពន្យារ​ពេល​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ ដែល​ប្ដឹង​អាជ្ញាធរ​ពាក់ព័ន្ធ ពី​បទ​អនុគ្រោះ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ។

អ្នកភូមិ​កែងសាន់ អះអាង​នៅ​ថ្ងៃ​ទី៤ កុម្ភៈ ថា គ្រឿងចក្រ​ពីរ​គ្រឿង កំពុង​ឈូស​ឆាយ​ព្រៃ​សហគមន៍​ភូមិ​កែងសាន់ ជិត ១​សប្ដាហ៍​មក​ហើយ នៅ​ចំណុច​អូរបូក ទល់​អូរម្ហេង អស់​ជាច្រើន​ហិកតារ។ ពលរដ្ឋ​ដែល​បាន​ទៅដល់​ទីតាំង​ឈូស​ឆាយ​នោះ ប្រទះឃើញ​គ្រឿងចក្រ និង​អេស្កាវ័ទ័​រ កំពុង​ផ្ដួល​រំលំ​ឈើ​ជា​គំនរ​ធំៗ។

កាល​ពី​ចុង ឆ្នាំ​២០១៧ អ្នកភូមិ​កែងសាន់ ជាង ១​រយ​គ្រួសារ បាន​ផ្តិត​មេដៃ ស្នើ​ឲ្យ​អាជ្ញាធរ​ខែត្រ និង​មន្ទីរ​បរិស្ថាន ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ នៅ​គ្រា​ដែល​សហគមន៍​រក​ឃើញ​ថា ដី​ព្រៃ​នៅ​តំបន់​នោះ ត្រូវ​ឈ្មួញ​កាប់ឆ្ការ និង​ឈូស​ឆាយ​ក្លាយ​ជា​វាល​អស់​ជាង ៥០០ហិកតារ។

អ្នកភូមិ​កែងសាន់ លោក ខាំ នីន ឲ្យ​ដឹង​ថា ដែន​ជម្រក​សត្វព្រៃ​លំផាត់ ជា​ប្រភព​ប្រាក់ចំណូល​ពលរដ្ឋ​ច្រើន​ជំនាន់​មក​ហើយ បែរជា​ត្រូវ​រលាយ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បើ​ទោះ​ជា​ពលរដ្ឋ​មួយ​ចំនួន​ខំ​រក​មធ្យោបាយ​ទប់ស្កាត់​បទល្មើស​ក្ដី ក៏​ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ មិន​យកចិត្តទុកដាក់​ថែរក្សា​នោះ​ទេ បែរជា​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈូស​ឆាយ​ព្រៃ ក្លាយ​ជា​វាល​អស់​មួយ​ផ្នែក​ធំ។ លោក​ថា កាល​ពី​ពេល​ថ្មីៗ​នេះ គ្រឿងចក្រ​ពីរ​គ្រឿង នៅតែ​បន្ត​ឈូស​ឆាយ​តំបន់​ព្រៃស្រោង​ជាង ១០០ហិកតារ​ថ្មី​ទៀត ពុំ​ទាន់​ឃើញ​មាន​ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន​ហាមឃាត់​នៅឡើយ​ទេ៖ «ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ទាំងអស់​ប្រហែល ១.០០០ហិកតារ ឈូស​ឆាយ​បាន ៥០០​ហិកតារ​ហើយ។ គ្រឿងចក្រ​អាអ៊ិច​មួយ​គ្រឿង និង​អាប៊ុល​មួយ​គ្រឿង។ និយាយ​រួម​ទៅ​អាជ្ញាធរ​លក់ អូសទាញ​ឈ្មួញ​លក់​តែម្ដង​តាមមើលទៅ»

បុរស​ដដែល​បន្ថែម​ថា អ្នកភូមិ​អស់​ជំនឿ​លើ​វិធានការ​ផ្លូវច្បាប់​របស់​តុលាការ ខែត្រ​រតនគិរី បើ​ទោះ​បី​ជា​ពួកគាត់​បាន​ប្ដឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ទៅ​តុលាការ ប្រយោជន៍​ការពារ​ព្រៃឈើ​ឲ្យ​គង់វង្ស ក៏​ប៉ុន្តែ​បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ឥត​ឈប់ឈរ។ លោក​ចាត់​ទុក ការ​មិន​អើពើ​ដាក់​ពាក្យ​បណ្ដឹង​របស់​អ្នកភូមិ ជា​ការ​រួមចំណែក​បំផ្លាញ​បរិស្ថាន ៖ «រលាយ​ទាំងស្រុង​អត់​សល់​ទេ ដែន​ជម្រក​សត្វព្រៃ​លំផាត់ ពីមុន​ព្រៃឈើ​នៅ​តំបន់​នោះ​សប្បាយ​ណាស់ ធ្វើ​អី​ក៏បាន រក​អី​ក៏​បាន​ដែរ។ ឥឡូវ​វា​បាត់បង់​អស់ហើយ។ ពលរដ្ឋ​តវ៉ា​បាន​តែមួយ​ប្រាវៗ»

ព្រៃ​សហគមន៍​ភូមិ​កែងសាន់ គឺជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ បាន​ទទួលរង​ការ​កាប់​បំផ្លាញ​យក​ឈើ និង​កាប់​ព្រៃ​រាន​ព្រៃ​យក​ដី​ជាង ៦​ឆ្នាំ​ហើយ។

កាលពី​ខែ​តុលា ឆ្នាំ​២០១៧ តំណាង​ពលរដ្ឋ​ភូមិ​កែងសាន់​មួយ​ចំនួន និង​មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគមន៍​អាដហុក បាន​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​ស្ថាប័ន​អយ្យការ​សាលាដំបូង​ខែត្រ​រតនគិរី ដោយ​ចោទ​មេឃុំ អភិបាលស្រុក​លំផាត់ និង​មន្ត្រី​ជំនាញ ១០​នាក់ ពី​បទ​អនុគ្រោះ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ​នៅ​ព្រៃ​សហគមន៍​ភូមិ​កែងសាន់។ មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ​ឋិត​ក្នុង​ដំណើរការ​ស៊ើបអង្កេត​របស់​តំណាង​អយ្យការ​នៅឡើយ។

មេភូមិ​កែងសាន់ លោក ញ៉ូង គួត បដិសេធ​ថា អាជ្ញាធរ​មិនបាន​ឃុបឃិត​គ្នា​ឈូសឆាយ​ព្រៃ​ដូច​ការ​លើកឡើង​របស់​ពលរដ្ឋ​នោះ​ទេ។ តែ​យ៉ាងណា​លោក​ទទួល​ស្គាល់​ថា សកម្មភាព​ឈូសឆាយ​នោះ ពិតជា​កើតមាន​មែន ដោយសារ​ពលរដ្ឋ​មួយ​ចំនួន​ខ្វះខាត​ដី​ធ្វើ​ចម្ការ បាន​នាំគ្នា​ទៅ​កាប់ឆ្ការ​លក្ខណៈ​គ្រួសារ​ចិញ្ចឹមជីវិត។ លោក​ថា អាជ្ញាធរ​ចង់​ឲ្យ​អ្នកភូមិ​មាន​ដីចម្ការ​ចិញ្ចឹមជីវិត ប្រសើរ​ជាង​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន៖ «មានតែ​ប្រជាជន​ទេ កាប់ចម្ការ​ដាំ​ចន្ទី មេភូមិ​មានបាន​ទៅ​កាប់ចម្ការ​អី​ណា។ ពលរដ្ឋ​ទៅ​ធ្វើ​ចម្ការ​អី​ណា​មិនមែន​នៅ​លើ​មេឃ​ទេ។ នរណា​រាយការណ៍ អាហ្នឹង​អត់​ធ្វើ​ចម្ការ​ទេ វា​មាន​ប្រាក់ខែ។ យើង​ទប់ស្កាត់​មិច​បាន បើ​យើង​ទប់​ហ្នឹង ច្បាស់​ជា​បរិស្ថាន​វា​យក​ហើយ ក្រុមហ៊ុន​វា​យក​ហើយ»

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មើល​ឃើញ​ថា ពាក្យ​បណ្តឹង​របស់​ពល​រដ្ឋ​ដែល​ប្ដឹង​អាជ្ញាធរ​ពាក់ព័ន្ធ ពី​បទ​អនុគ្រោះ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ ពុំ​ត្រូវ​បាន​ស្ថាប័ន​អយ្យការ​ខែត្រ​រតនគិរី​យកចិត្តទុកដាក់​ពន្លឿន​នីតិវិធី នៅ​ឡើយ​ទេ ដែល​នាំ​ឲ្យ​បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន។ លោក​មើល​ឃើញ​ថា ចំណាត់​ការ​ផ្លូវច្បាប់​របស់​តុលា​ខែត្រ​រតនគិរី ហាក់​មានការ​រើសអើង ផ្ទុយ​ពី​សំណុំរឿង​មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​ជាដើម។ លោក​ថា អ្នកភូមិ​មាន​ភស្តុតាង និង​សាក្សី​ជាក់លាក់ ព្រោះ​សហគមន៍​បាន​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ដែល​ជា​អ្នកស៊ីឈ្នួល​កាប់​រាន​ព្រៃ​នេះ និង​អ្នក​ប្រព្រឹត្ត៖ «ស្ថាប័ន​នីតិប្រតិបត្តិ និង​តុលាការ​មានការ​រើសអើង​ខ្លាំង​ណាស់ សំណុំរឿង​យើង​ដាក់​ពីរ​ឆ្នាំ​ហើយ មិនទាន់​ផុត​អយ្យការ​ផង។ ក៏ប៉ុន្តែ​សំណុំរឿង​អ្នកនយោបាយ និង​សិទ្ធិមនុស្ស បរិស្ថាន​អី​ហ្នឹង យើង​ឃើញ​ថា ចាត់វិធានការ​លឿន។ បណ្ដឹង​បរិហារ​ទៅ​អាជ្ញាធរ បើ​ទោះ​បី​មាន​ភស្តុតាង​ជាក់លាក់ យើង​ឃើញ​ថា មានការ​យឺតយ៉ាវ ធ្វើ​ឲ្យ​សហគមន៍​លែង​មាន​ទំនុក​ចិត្ត»

លោក ប៉ែន ប៊ុណ្ណា​រ៍ បន្ថែម​ថា អ្នកភូមិ​ដែល​ប្រតិកម្ម​រឿង​បទល្មើស​ព្រៃឈើ​នេះ មិន​ហ៊ាន​ប្រើ​សិទ្ធិ​របស់​ខ្លួន​តាមច្បាប់ ចេញមុខ​តវ៉ា​ដូច​មុន​ឡើយ ព្រោះ​បារម្ភ​ខ្លាច​អាជ្ញាធរ​ចោទ ជា​ក្រុម​បដិវត្តន៍​ពណ៌។​

សហគមន៍​ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​កាប់​រាន​ដី​ព្រៃ​យក​ដី ពុំ​មែន​កើតមានឡើង​តែ​ក្នុង​សហគមន៍​ភូមិ​កែងសាន់​នោះ​ទេ ព្រៃ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ទាំងមូល កំពុង​ទទួល​រង​ការ​កាប់បំផ្លាញ​បែប​អនាធិបតេយ្យ និង​បាន​រាលដាល​កាន់​តែ​ខ្លាំង​ឡើង បណ្ដាល​ឲ្យ​ព្រៃស្រោង​ដែល​ធ្លាប់​ជា​ម្លប់​បៃតង ផ្ដល់​ប្រយោជន៍​ដល់​ជនជាតិភាគតិច បែរ​ជា​ក្លាយ​ជា​វាល​ក្ដៅ​ហួតហែង។

កាលពី​ថ្ងៃទី៣ កុម្ភៈ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​រឹបអូស​ឈើ​ជាង ២០០ដុំ និង​វត្ថុតាង​មួយ​ចំនួន​ទៀត ឋិត​ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី។ ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​នោះ គឺ​ឈ្មួញ​ប្រមូល​ពី​ដែន​ជម្រក​សត្វព្រៃ​លំផាត់។ អ្នក​ភូមិ​កែងសាន់ អំពាវនាវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បិទ​សិប្បកម្ម និង​រោង​អារ​ច្រៀក​ឈើ​នៅ​តំបន់​នោះ ដែល​ពួកគាត់​ចាត់ទុកថា​ជា​បណ្ដុំ​នៃ​បទល្មើស​ឧក្រិដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles