
អភិបាលក្រុងប៉ោយប៉ែត លោក ស៊ា ស៊ានហ៊ូ គ្រោងស្ទូចក្លោងទ្វារប្រាសាទកំពូល៣ ចេញពីព្រំដែន ខ្មែរថៃ ដើម្បីស្ថាបនាច្រកទ្វារអន្តរជាតិថ្មីមួយ។ លោកថា គម្រោងស្ថាបនាច្រកទ្វារថ្មីនេះ នឹងត្រូវស្ថាបនាឡើង ក្រោយពេលអាជ្ញាធរបានសិក្សារួចហើយ។ ចំណែកច្រកទ្វារព្រំដែនអន្តរជាតិខ្មែរថៃ នៅប៉ោយប៉ែត អាជ្ញាធរបានសម្រេចពង្រាងប្លង់រួចរាល់ហើយ ដែលមានរចនាបថខ្មែរសុទ្ធសាធ។ លោកបន្តថា សំណើនេះ ត្រូវបានឯកភាពរួចរាល់ហើយ ពីអភិបាលខែត្របន្ទាយមានជ័យ និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។ «»
កាលពីខែតុលា ឆ្នាំ២០១៧ ប្រជាពលរដ្ឋរស់នៅព្រំដែនកម្ពុជាថៃ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានសម្ដែងការសោកស្ដាយ ក្រោយពីបានឮថា អាជ្ញាធរកម្ពុជា គ្រោងវាយកម្ទេចចោលក្លោងទ្វារចាស់។ ប៉ុន្តែ គម្រោងវាយកម្ទេចចោលនេះ បានជំនួសមកវិញ ដោយអាជ្ញាធរ នឹងស្ទូច ក្លោងទ្វារប្រាសាទនេះចេញ ទៅដាក់នៅក្នុងរង្វង់មូលប៉ោយប៉ែតវិញ។
អភិបាលក្រុង ឲ្យដឹងថា ក្លោងទ្វារច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត កសាងនៅកំឡុងឆ្នាំ១៩៨០ មានកំពូល៣ កសាងក្នុងរចនាបថប្រាសាទអង្គរវត្ត។ មុននឹងសម្រេចស្ទូចចេញ អាជ្ញាធរនឹងធ្វើពិធីសែនព្រេន បួងសួង ដើម្បីសុំយកក្លោងទ្វារប្រាសាទកំពូល៣នេះ ចេញទៅដាក់ទីតាំងថ្មី ក្នុងរង្វង់មូលប៉ោយប៉ែត ដែលនៅប្រហែល១០០ម៉ែត្រ ពីច្រកទ្វារប៉ោយប៉ែត៕