Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង​រង​ការ​ចោទ​ថា​ប្លន់​យក​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​របស់​បក្ស​ភ្លើង​ទៀន

$
0
0

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង រង​ការ​ចោទ​ថា ប្លន់​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​ខែត្រ​របស់​គណបក្ស​ជំទាស់​រួច​បែងចែក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ សមាជិក​ក្រុមប្រឹក្សា​ខែត្រ​មក​ពី​គណបក្ស​ភ្លើងទៀន ចាត់​ទុក​ករណី​នេះ​ជា​ទង្វើ​ល្មើសច្បាប់។ ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយ​តប​ថា ករណី​នេះ​ជា​សមត្ថកិច្ច​របស់ គ.ជ.ប។

សមាជិក​ក្រុមប្រឹក្សា​ខែត្រ​ស្ទឹងត្រែង កូតា​ពី​គណបក្ស​ភ្លើង​ទៀន លោក តែន ថន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ កុម្ភៈ ថា អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង និង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខែត្រ​នេះ បាន​យក​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​ខែត្រ​របស់​គណបក្ស​ភ្លើងទៀន មួយ​អាសនៈ​ទៅ​ចែក​ឲ្យ​គណបក្ស​កាន់​អំណាច​កាល​ពី​ចុង​ឆ្នាំ​២០១៧។ លោក​ថា គណបក្ស​ភ្លើង​ទៀន​ដែល​ពី​មុន​ជា​គណបក្ស សម រង្ស៊ី ទទួល​បាន​សំឡេង​គាំទ្រ ១​អាសនៈ ក្នុង​ចំណោម​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​ខែត្រ​សរុប​ចំនួន ១៣ កាល​ពី​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុមប្រឹក្សា​ខែត្រ​កាល​ពី​ឆ្នាំ​២០១៤។

លោក​ថា អាសនៈ​សមាជិក​ក្រុមប្រឹក្សា​ខែត្រ​កើត​ឡើង​ដោយ​ការ​បោះឆ្នោត​មាន​អាណត្តិ ៥​ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខែត្រ និង​ផុត​កំណត់​ថ្ងៃ​បោះឆ្នោត​បន្ទាប់។ ក៏ប៉ុន្តែ អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បែង​ចែក​ឲ្យ​ដទៃ​គឺជា​រឿង​មិន​ត្រឹមត្រូវ៖ «ខ្ញុំ​គិត​ថា គេ​អនុវត្ត​សព្វថ្ងៃ​នេះ​គឺ​ផ្ទុយ​ពី​ច្បាប់ ពីព្រោះ​មិន​អាច​យក​កៅអី​របស់​គណបក្ស សម រង្ស៊ី ទៅ​ឲ្យ​គណបក្ស​ប្រជាជន​បាន​ទេ។ ត្រូវ​តែ​ទុក​កៅអី​ឲ្យ​ទំនេរ»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​មិន​អធិប្បាយ​បញ្ហា​នេះ​ទេ ដោយ​លោក​អះអាង​ថា ព្រោះ​វា​ជា​សមត្ថកិច្ច​របស់ គ.ជ.ប៖ «គ.ជ.ប គេ​មាន​នីតិវិធី​របស់​គេ​មក​សួរ​ខ្ញុំ គឺ​ខ្ញុំ​អត់​ដឹង​រឿង​ទេ បើទោះជា​ដឹង​ក៏​ខ្ញុំ​មិន​អាច​ឆ្លើយ​កាត់​មុខ​គេ​បាន​ដែរ»

ចំណែក​លេខាធិការដ្ឋាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ខែត្រ​ស្ទឹងត្រែង លោក ពុយ ចាន់ថាឡាក់ មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ទេ​នៅ​ថ្ងៃ​ទី​២ កុម្ភៈ។

​កាល​ពី​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០១៧ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​ផ្លាស់ប្ដូរ​តំណែង​សមាជិក​ក្រុមប្រឹក្សា​ខែត្រ​ស្ទឹងត្រែង មួយ​រូប​ពី​គណបក្ស​ភ្លើងទៀន គឹ​លោក សាធ ស៊ិន ចេញ​ពី​តំណែង និង​ទទួល​ស្គាល់​លោក តែន ថន ពី​គណបក្ស​ភ្លើង​ទៀន​ដដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ខែត្រ​ស្ទឹងត្រែង ជំនួស ​ខណៈ​ដែល​លោក សាធ ស៊ិន បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ មក​ទល់​ពេល​នេះ អាសនៈ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​ប្រគល់​អោយ​លោក សាធ ស៊ិន វិញ ដែល​បច្ចុប្បន្ន​ជា​សមាជិក​គណបក្ស​កាន់​អំណាច។

​ខ្លឹមសារ​ក្នុង​លិខិត​នោះ​បញ្ជាក់​ថា រយៈពេល​បំពេញ​ការងារ​ស្មើ​នឹង​អាណត្តិ​ដែល​សល់​របស់​ក្រុមប្រឹក្សា​អាណត្តិ​ទី​២ លើក​លែង​តែ​សាមី​ខ្លួន​បាត់បង់​សមាជិកភាព​ពី​ក្រុមប្រឹក្សា​តាម​ច្បាប់​កំណត់។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី យល់​ថា ការ​ដោះដូរ​សមាជិក​ក្រុមប្រឹក្សា​ខែត្រ​នេះ គឺ​ពុំ​មែន​ធ្វើ​ឡើង​ផ្អែក​តាម​ក្របខ័ណ្ឌ​ច្បាប់​នោះ​ទេ ដែល​លោក​ចាត់​ទុក​ថា មិន​មាន​អ្វី​ប្លែក​ជាង​ការ​ផ្លាស់ប្ដូរ​តំណែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទូទាំង​ប្រទេស​ដែរ៖ «ព្រោះ​ខ្ញុំ​មើល​ទៅ​ការ​ដោះដូរ​ទៅ បើ​រំលាយ​សង្គ្រោះ​ជាតិ​ធ្វើ​តាម​ច្បាប់​ទៅ​ចុះ ប្រើ​តុលាការ​ចុះ។ រហូត​មក​ទល់​ពេល​នេះ ខ្ញុំ​មើល​ទៅ​ការ​ដោះដូរ​នេះ​មិន​ធ្វើ​ទៅ​តាម​ច្បាប់​ដែរ គឺ​មិន​ប្លែក​អី​នឹង​ការ​ដោះដូរ​កៅអី​តំណែង​ក្រុមប្រឹក្សា​ឃុំ​ដែរ»

​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ខែត្រ រាជធានី ខណ្ឌ ​មាត្រា ១៥ និង ១៦ ចែង​ថា ក្រុមប្រឹក្សា​មាន​អាណត្តិ​ប្រាំ (៥)​ឆ្នាំ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ក្រុមប្រឹក្សា​ថ្មី​ចូល​កាន់​តំណែង។ អាណត្តិ​របស់​ក្រុមប្រឹក្សា​ត្រូវ​គិត​ចាប់​ពី​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា និង​ផុត​កំណត់​ថ្ងៃ​បោះឆ្នោត​បន្ទាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles