Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​សុខាភិបាល​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​បរិភោគ​បក្សី​ឈឺ​ឬ​ងាប់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន

$
0
0

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​អាហារ ជាពិសេស កុំ​បរិភោគ និង​លក់​សាច់​បក្សី​ឈឺ ឬ​ងាប់ ដើម្បី​ការពារ​ការ​ឆ្លង​នូវ​ជំងឺ​ផ្ដាសាយ​បក្សី អេច្ឆ.ហ្វាយ.អ៊ិន.វ័ន (H5N1)។

​ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​អនុវត្ត​គម្រោង​ជំនួយ​គ្លីនិក​ចល័ត នា​ទីស្ដីការ​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បន្ថែម​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន ខាង​មុខ​នេះ គឺ​នឹង​មាន​តម្រូវ​ការ​សាច់​ច្រើន ដូច​នេះ​សូម​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន។ លោក​ណែនាំ​ថា ពេល​មាន​មាន់ ទា ងាប់ ត្រូវ​កប់​ចោល កុំ​យក​ទៅ​បរិភោគ ឬ​លក់ ហើយ​បើ​ឃើញ​ងាប់​ច្រើន ត្រូវ​មក​ប្រាប់​ពេទ្យសត្វ​ដើម្បី​ជួយ​បង្ការ​កុំ​ឲ្យ​សត្វ​ឆ្លង​មក​សត្វ​បន្ថែម​ទៀត និង​មនុស្ស​មក​មនុស្ស ពិសេស​កុំ​ឲ្យ​ក្មេងៗ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ហើយ​ត្រូវ​មាន​អនាម័យ។ ដោយ​ឡែក​បើ​ឃើញ​មាន​រោគ​សញ្ញា​អ្វី​ប្លែក​ប្រញាប់​មក​មន្ទីរពេទ្យ​ភ្លាមៗ។

រោគ​សញ្ញា​ជំងឺ​នេះ​មាន​ដូចជា គ្រុន​ក្ដៅ​លើស​ពី ៣៨,៥ អង្សា​សេ និង​មាន​រោគសញ្ញា​ក្អក ឬ​ឈឺ​ក ឬ​ដក​ដង្ហើម​ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុង​អំឡុង​ពេល ៧​ថ្ងៃ​មុន​ចេញ​រោគ​សញ្ញា។

កាល​ពី​ចុង​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ក៏​មាន​ផ្ទុះ​ករណី​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​ខេត្ត​កំពង់ធំ ដែរ តែ​ត្រូវ​បាន​ទប់ស្កាត់​ទាន់​ពេល​វេលា។

ចាប់​តាំង​ពី​ឆ្នាំ​២០០៥ ដល់​២០១៤ ប្រទេស​កម្ពុជា ធ្លាប់​កើត​មាន​ជំងឺ​ផ្ដាសាយ​បក្សី ដែល​បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន ៥៦​ករណី ដែល​ក្នុង​នោះ ៣៧​ករណី​បាន​ស្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles